ព្រឹត្តិការណ៍

តំបន់ទេសចរណ៍ សំខាន់ចំនួន ៣ រំពឹងថានឹងមានភ្ញៀវ ទៅលេងច្រើន នៅក្នុងថ្ងៃឈប់សំរាក សប្តាហ៍ក្រោយនេះ

ភ្នំពេញ ៖ តំបន់ទេសចរណ៍សំខាន់ៗចំនួន ៣ ត្រូវបានរំពឹងថា នឹងមានភ្ញៀវទេសចរ នៅក្នុងស្រុកធ្វើដំណើរទៅលេងកម្សាន្តច្រើន នៅក្នុងឈប់សំរាករយៈពេល ៥ ថ្ងៃនៅសប្តាហ៍ក្រោយនេះ ខណៈដែលអាជ្ញាធរពាក់ព័ន្ធ ជំរុញឱ្យប្រតិបត្តិករ និងសេវាទេសចរណ៍ យកចិត្តទុកដាក់វិធាន ការការពារជងឺកូវីដ ១៩ របស់ក្រសួងសុខាភិបាល។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារ ទេសចរណ៍កម្ពុជា (CATA) បានឱ្យដឹងនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២០នេះ ឱ្យដឹងថា តំបន់ទេសចរណ៍សំខាន់ៗចំនួន ៣ របស់កម្ពុជា នឹងទាក់ទាញភ្ញៀវទេសចរ ទៅលេងកម្សាន្តច្រើន រួមមានតំបន់ឆ្នេរ (កែប កំពត និងព្រះសីហនុ) តំបន់ភូមិឦសាន្ត និងខេត្តសៀមរាប ខណៈពេលនេះ មានភ្ញៀវកក់ផ្ទះសំណាក់ សណ្ឋាគារ និង បឹងហ្គាឡូច្រើន។

លោកស្រីបន្តថា “នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ឃើញមានប្រជាពលរដ្ឋយើងកត់ច្រើននៅខាងតំបន់ឆ្នេរ (កែប កំពត និងកំពង់សោម) តំបន់ឦសាន្ត និងខេត្តសៀមរាបក៏មានច្រើនដែរដោយខេត្តមួយនេះ បាននឹងកំពុងរៀបចំព្រឹត្តិការណ៍ ឬកម្មវិធីកំសាន្តសំខាន់ជាច្រើន” ។

លោកស្រីបន្ថែមថា “សម្រាប់ខេត្តសៀមរាបនេះ គឺមានការផ្គត់ផ្គង់ក៏មិនទាន់ពេញដូចខាងតំបន់ឆ្នេរ និងតំនប់ឦសាន្ត នោះទេ ដោយសារតែការផ្គត់នៅក្នុងខេត្តសៀមរាបនេះ មានបរិមាណច្រើន និងផ្គត់ផ្គង់តែសម្រាប់ភ្ញៀវបរទេសនាពេលកន្លងមកនេះ ខណៈបច្ចុប្បន្ននេះមានតែភ្ញៀវនៅក្នុងស្រុក ”។

លោក តុប សុភក្តិ អ្នកនាំពាក្យ ក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅថ្ងៃឈប់សំរាក ខាងមុខនេះ ក្រសួងទេសចរណ៍មិនទាន់ បានកំណត់គោលដៅ តំបន់ទេសចរណ៍ខាងណាថា មានប្រជពលរដ្ឋយើងទៅលេងច្រើនោះទេ ខណៈដែលកម្ពុជាមានតំបន់ ទេសចរណ៍ច្រើនសម្រាប់បំរើដល់ពួកគាត់។

លោកបន្តថា “ប្រជាពលរដ្ឋយើងអាចទៅលេងកម្សាន្ត នៅតាមតំបន់គោលដៅទេសចរណ៍ណា ដែលពួកគាត់មានលទ្ធភាពជាក់ស្តែង ដូច្នេះ ហើយក្រសួងមិនទាន់ហ៊ាននិយាយថា ពួកគាត់ទៅលេងតំបន់ណានោះទេ តែ ក្នុងរបាយការណ៍ ៧ កន្លងមកនេះ ពលរដ្ឋខ្មែរយើងបានចេញទៅលេងនៅតំបន់ឆ្នេរ និងប៉ែកឦសាន្តប្រទេសច្រើនជាងតំបន់ផ្សេងៗ”។

លោកបន្តថា “ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏បានដាក់ចេញនូវវិធានការណ៍មួយចំនួន សម្រាប់ប្រតិបត្តិករទេសចរណ៍ សេវាទេសចរណ៍ និងតំបន់ទេសចរណ៍នៅទូទាំងប្រទេស ឱ្យគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល ចំពោះការការពារពីការឆ្លងជំងឺកូវីដ ១៩ ផងដែរ”។

ក្រសួងទេសចរណ៍បានជំរុញ ចលនាទេសចរណ៍ផ្ទៃក្នុង ពិសេសក្នុងថ្ងៃឈប់សម្រាករយៈពេលវែងខាងមុននេះ ដោយបានដាក់ឲ្យអនុវត្តនូវវិធានសុវត្ថិភាពទេសចរណ៍ចំនួន ៧ប្រភេទសេវាកម្ម សំដៅធានាការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដផង និង ផ្តល់សេវាកម្មដល់ទេសចរជាតិ និងទេសចរបរទេស ដែលនឹងទៅទស្សនាកម្សាន្ត តាមរមណីយដ្ឋានទេសចរណ៍ នានាទូទាំងប្រទេស ប្រកបដោយសុវត្ថិភាព គុណភាព តម្លៃសមរម្យ មានសណ្តាប់ធ្នាប់ អនាម័យ បរិស្ថានល្អ ក្នុងនោះត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមការណែនាំ របស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស់ លាងសំអាតដៃ និងរក្សាគម្លាតសង្គម៕
ដោយ ៖ propertyarea

Most Popular

To Top