ព្រឹត្តិការណ៍

រដ្ឋបាលខេត្ត​កែប កំពុង​ព​ន្លឿ​ន​ល្បឿន​ អភិវឌ្ឍន៍​ហេដ្ឋា រចនាសម្ព័ន្ធ​នៅ​ទូទាំង​ខេត្ត

កែបៈ រដ្ឋបាលខេត្ត​កែប ​បាននិងកំពុង​ជំរុញ និង​ព​ន្លឿ​ន​ល្បឿន​នៃ​កិច្ចអភិវឌ្ឍន៍ រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅ​ទូទាំង​ខេត្ត​ឱ្យ​កាន់​តែមាន​សោភ័ណភាព ដើម្បី​លើកកម្ពស់​ដល់​វិស័យ​ទេសចរណ៍ ដែល​ស្របទៅតាម​គោល នយោបាយ​របស់​រាជ​រដ្ឋាភិបាល។

អភិបាលខេត្ត​កែប លោក ​សោម ពិសិដ្ឋ បាន​មានប្រសាសន៍​ នៅក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​លេខ១៣៣៥ ស្ថិតក្នុង​ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅនេះ​ថា កែប ជា​ខេត្ត​ដែលមាន​អំណោយផល​ពី​ធម្មជាតិ ដែលមាន​សក្ដានុពល​ខ្ពស់ ក្នុង​វិស័យ​ទេសចរណ៍ ដូចជា​តំបន់ឆ្នេរ តំបន់ភ្នំ​មាត់​ព្រែក ដែល​កំពុងមាន​ការចូល​រួម​ពី​វិស័យ​ឯកជន​ក្នុងការ​រៀបចំ និង​អភិវឌ្ឍន៍​ជា​តំបន់​កម្សាន្ត​ជាច្រើន​កន្លែង។

លោក​បន្តថា “ខេត្ត​កែប​បច្ចុប្បន្ននេះ ពីមួយថ្ងៃ​ទៅមួយថ្ងៃ មានការ​អភិវឌ្ឍន៍​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន និង​ជា​បន្តបន្ទាប់ ខេត្ត​បាន​នឹង​កំពុង​ប្រឹងប្រែង កសាង ជួសជុល​ផ្លូវ​ក្នុង​ខេត្ត​ទាំង​នៅ​ទីក្រុង និង​នៅ​ជនបទ” ។ លោក​បន្តថា “អាជ្ញាធរខេត្ត​បានរៀបចំ​តំបន់​កំសាន្ត​នានា អោយ​កាន់​តែមាន​ភាពស្រស់​ត្រកាល និង​អនាម័យ​ល្អ ខ្យល់អាកាស់​បរិសុទ្ធ និង​ទិដ្ឋភាព​គួ​ជាទី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ចូលមក​សម្រាកលំហែរ​កំសាន្ត នៅ​ខេត្ត​កែប កាន់តែច្រើនឡើង” ។

លោក​បាន​បន្ថែមទៀតថា នេះ​ជា​សកម្មភាព​មួយ ដោយ​អនុវត្តតាម​គោលនយោបាយ​ជាតិ​ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​បងប្អូន​គ្រប់ពេលវេលា ដោយ​ផ្តោត​សំខាន់ មនុស្ស ទឹក ផ្លូវ ភ្លើង។ ផ្លូវ​នេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់ បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អាចធ្វើ​ដំណើ​ត្រង់​ទៅលេង​ឆ្នេរកែប ឬ​ដឹកជញ្ជូន​កសិផល​ទៅកាន់​ទីផ្សា​តាមផ្លូវ​នេះ បាន​យ៉ាង​ងាយស្រួល។

តាម​របាយការណ៍​រប​ស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប​បានឱ្យដឹងថា កំណាត់​ផ្លូវ​ខេត្ត​លេខ១៣៣៥ នេះ​មាន​ប្រវែង​សរុប៧គឺ​ឡូ​ម៉ែត្រ ទទឹង៧ម៉ែត្រ ក្នុង​នោះបាន​កសាង និង​ចាក់​កៅស៊ូ DBST រួចរាល់​ចំនួន ៤.៩គឺ​ឡូ​ម៉ែត្រ​ស្មើនឹង ៧០ភាគរយ ក្នុង​ឆ្នាំ២០២០ នឹង​នេះ​បន្ត​ជួសជុល និង​ចាក់​កៅស៊ូ​បន្ថែម​ប្រវែង ១.៩គឺ​ឡូ​ម៉ែត្រ​ទៀត ដោយ​អម​ជាមួយនឹង​សំណង់​សិល្បការ​ជាច្រើន​ទៀត៕
ដោយ ៖ propertyarea

Most Popular

To Top