ភ្នំពេញ៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ បានសហការជាមួយ ក្រុមជិះកង់មនុស្សធ៌ ខេត្តព្រះសីហនុ ដែលមានលោកឧកញ៉ា ទៀ វិចិត្រ ជាប្រធាន និងមានអ្នកជិះកង់ស្មគ្រ័ចិត្ត គាំទ្រ ចលនាកាកបាទក្រហមកម្ពុជា យ៉ាងច្រើនកុះករ បានចូលរួម កម្មវិធី “ជិះកង់សប្បុរសធម៌ ដើម្បីកាកបាទក្រហមកម្ពុជា” ដែលរៀបចំឡើងដោយ សាខាកាកបាទក្រហម ខេត្តសៀមរាប ។
ឆ្លៀតក្នុងឱកាសនេះ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានសាទរ ចំពោះសកម្មភាព មនុស្សធម៌នេះ និងបានអំពាវនាវ ដល់ប្រជាពលរដ្ឋ ជាពិសេស ភ្ញៀវទេសជាតិ-អន្តរជាតិ ដែលចូលមកកំសាន្ត ខេត្តសៀមរាប ក្នុងពេលឈប់សម្រាក ច្រើនថ្ងៃនេះ ត្រូវប្រុងប្រយ័ត្ន និងចូលរួមការពារ ទប់ស្កាត់ ការឆ្លងរាលដាល ជំងឺកូវីដ-១៩ ឲ្យបានទាំងអស់គ្នា គោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល ។
ក្នុងកម្មវិធី ជិះកង់មនុស្សធម៌នេះ លោកឧកញ៉ាទៀ វិចិត្រ ប្រធានក្រុមកង់ មនុស្សធម៌ ខេត្តព្រះសីហនុ បាននាំយកថវិកា សរុបជាងមួយម៉ឺនដុល្លា សហរដ្ឋអាមេរិក ទៅផ្តល់ជូន សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបផងដែរ ៕






