ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដប៊ូត ខេមបូឌា (G.T.V.C Speed Boat Cambodia) និងជាប្រធានសមាគម ភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ បានចាត់តំណាង នាំយកជំនួយ ឧបត្ថមដល់គ្រួសារក្រីក្រមួយ នៅរំដួលជើងភ្នំ (ទំនប់រលក) ដែលកំពុងជួបការខ្វះខាត ខណៈកូនប្រុសទើប ទទួលមរណៈភាព កាលពីពេលថ្មីៗនេះ ដោយជំងឺតេតាណូស។
អំណោយឧបត្ថម ដែលឧបត្ថម្ភ ដល់គ្រួសារអុំប្រុស នង វែង និងប្រពន្ធឈ្មោះហ៊ន សាមឿន ដែលជាគ្រួសារក្រីក្រមួយ នៅរំដួលជើងភ្នំ (ទំនប់រលក) កំពុងជួបការខ្វះខាត និងបានបាត់បង់កូនប្រុស ជាទីស្រឡាញ់ម្នាក់ឈ្មោះ នង សុភក្រ័ អាយុ ៣៨ឆ្នាំ ដែលបានទទួលមរណៈភាព កាលពីពេលថ្មីៗនេះ ដោយជំងឺតេតាណូស មានដូចជា៖ អង្ករ ចំនួន ៥០គីឡូក្រាម, មី ចំនួន ២កេស, ត្រីខកំប៉ុង ចំនួន ២០កំប៉ុង, ប្រេងឆា ចំនួន ៥លីត្រ, ទឹកត្រី ចំនួន ៤ដប, ទឹកស៊ីអ៊ីវ ចំនួន ១២ដប, ស្ក ស ចំនួន ៥គីឡូក្រាម, ប៊ីចេង ចំនួន ៣គីឡូក្រាម, ភេសជ្ជៈ ចំនួន ២កេស និងទឹកបរិសុទ្ធ ចំនួន ២កេស។
ក្រៅពីនេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានចូលជាបច្ច័យ នូវថវិកា ចំនួន ១,០០០,០០០រៀល (មួយលានរៀល) បន្ថែមទៀត ដើម្បីចូលរួមចំណែក ចាត់ចែង ក្នុងពិធីបុណ្យសព និងសំរាប់ជួសជុលផ្ទះ ដើម្បីបានស្នាក់នៅបន្តទៀត ដោយសារស្ថានភាពបច្ចុប្បន្ន មានការទ្រុឌទ្រោមខ្លាំង និងធ្លុះធ្លាយដំបូលផងដែរ ។
បន្ទាប់ពីទទួលបាននូវសម្ភារៈ និងថវិកា រំលែកទុក្ខលំបាកនេះ គ្រួសារសព បានថ្លែងអំណរគុណ និងជូនពរដល់ លោកឧកញ៉ាទៀ វិចិត្រ ព្រមទាំងក្រុមគ្រួសារ ទាំងមូល មានសេចក្តីសុខ ចំរើន សុខភាពល្អបរិបូរណ៍ផងដែរ៕





