សែនក្បាលទឹក ជាពិធីប្រពៃណីចិន ដែលគេធ្វើឡើង ដើម្បីឧទ្ទិសកុសល ជូនអ្នកដែលបានស្លាប់ ។ ប្រជាជនចិន និងអ្នកកាត់សែស្រឡាយចិន នៅតាមប្រទេសនានា បូករួមទាំងកម្ពុជាផង បានប្រារព្ធពិធីនេះមិនដែលខានរៀងរាល់ឆ្នាំ។ តាមជំនឿរបស់ចិន គេជឿថាមានខែនៃព្រលឹងខ្មោច ដែលគេដោះលែងមកពីឋាននរក និងឋានសួគ៌ ឲ្យចុះមកស្វែងរកអាហារ និងជួបជុំសាច់ញាតិបងប្អូន។
ជំនឿមួយចំនួនក្នុងពិធីបុណ្យ នៅក្នុងថ្ងៃសែន គេនឹងឃើញមានសកម្មភាព មួយចំនួនដែលជាជំនឿ ដូចជាការដុតក្រដាស ការអុជធូបទៀន ការដាក់អាហារនៅតាមកន្លៀតផ្លូវក្បែរផ្ទះ។ គេជឿថាការដុតក្រដាសលុយខ្មោច ទំនិញមួយចំនួន ដូចជាឡាន ទូរសព្ទ សំលៀកបំពាក់ និងផ្ទះធ្វើពីក្រដាស គឺអាចបញ្ជូនរបស់ទាំងនោះ ទៅព្រលឹងបុព្វបុរស ញាតិសន្ដានបានប្រើប្រាស់។ ចំណែកឯការអុជទៀន និងគោម គឺដើម្បីបំភ្លឺផ្លូវឲ្យព្រលឹងខ្មោចអាចរកផ្លូវទៅកាន់ទីកន្លែង ដើមរបស់ពួកគេវិញ។ ដោយឡែកសំណែន ផ្លែឈើ សាច់ និងនំ គឺតំណាងឲ្យការផ្ដល់អាហារជូនព្រលឹងខ្មោចជាញាតិកា ហើយក៏ដើម្បីឲ្យព្រលឹងខ្មោចផ្សេងទៀត ពុំមានការខឹងសម្បារ ដោយការស្រេកឃ្លាន។ នៅក្នុងជំនឿសាសនា គេជឿថាមានទីឋានផ្សេងសម្រាប់ព្រលឹងខ្មោចរស់នៅ តែក៏មានព្រលឹងខ្មោចមួយចំនួន ដែលនៅតែលតោល អនាថា ដោយសារមិនមានគេធ្វើបុណ្យ ឲ្យតាមប្រពៃណីត្រឹមត្រូវ ។ ការសែនក្បាលទឹក ក៏ជាការជួយដល់ព្រលឹងខ្មោចទាំងនោះផងដែរ ។
ប្រវត្តិទាក់ទងមួយចំនួន មានការលើកឡើងច្រើន ពីប្រវត្តិពិធីបុណ្យនោះ ប៉ុន្តែមានការលើកឡើងមួយចំនួនថា រយៈកាលជាង២ពាន់ឆ្នាំមុន នៅក្នុងសាសនាតាវ ឬលទ្ធិតាវ ពិធីបុណ្យនេះធ្វើឡើងក្នុងពិធីចម្រើនព្រះជន្ម អាទិទេព Qingxu ដែលជាអ្នកកាត់ទោសមនុស្សសាងបាបកម្ម។ នៅថ្ងៃចម្រើនព្រះជន្ម អាទិទេពដោះលែងព្រលឹងខ្មោច ដែលរងកម្មឲ្យមានសេរីភាព ក្នុងខែនៃខ្មោចបិសាច។
គេមានត្រណមថា សកម្មភាពមួយចំនួនគួរជៀសវាងអំឡុងពេល នៃថ្ងៃបុណ្យ ជាពិសេសនៅពេលយប់ ដែលអាចនាំសំណាងមិនល្អ៖
មិនឲ្យហាលសំលៀកបំពាក់ខាងក្រៅ ព្រោះថាអាចនឹងមានព្រលឹងខ្មោចបិសាច មកស្លៀកសំលៀកបំពាក់នោះ ដែលនាំឲ្យមានសំណាងមិនល្អ។
មិនឲ្យហែលទឹក ព្រោះថាអាចមានព្រលឹងខ្មោចទឹកទាញយកទៅ។
មិនឲ្យបត់ជើងតូចដាក់ដើមឈើ ដែលធ្វើឲ្យព្រលឹងរស់នៅទីនោះខឹង និងនាំសំណាងមិនល្អមក ហើយមិនត្រូវដើរលេងនៅជិតដើមឈើពេលយប់នោះទេ។
មិនឲ្យថតរូបពេលយប់ ព្រោះអាចថតជាប់ព្រលឹងខ្មោចព្រាយបិសាចបាន។
ហាមមិនឲ្យរៀបការ នៅក្នុងខែនៃពិធីបុណ្យ ដែលអាចឲ្យមានទុក្ខសោកនៅថ្ងៃក្រោយ។
មិនឲ្យនិយាយអំពីរឿងខ្មោច នៅក្នុងខែនៃពិធីបុណ្យ ដែលអាចបង្កជាសំណាងអាក្រក់៕
ដោយ ៖ sabay