ព្រឹត្តិការណ៍

ចង់​ចំណេញ​លុយ​ច្រើន​ ពី​ការវិនិយោគ គួរ​កុំ​ទិញ​ដី​ដែល​ផ្អើល​តាម​គ្នា

ភ្នំពេញៈ ទីផ្សារ​ដីធ្លី​ ដែល​កំពុងមាន​ភាព​ពុះកញ្ជ្រោល​ខ្លាំង នៅពេលនេះ​ត្រូវបាន​គេ​មើលឃើញថា កើតមាន​នៅតាម​បណ្តា​ខេត្ត ​សក្ដានុពល​មួយចំនួន ដែល​ស្ថិត​នៅជាប់​តំបន់ឆ្នេរ។ នៅក្នុង​ចំណុច​នេះ អ្នកជំនាញ​បាន​ក្រើន​រំលឹកថា ចង់​វិនិយោគ​ដី​ទទួលបាន​ចំណេញ​ខ្ពស់ គួរ​កុំ​ព្យាយាម​ទិញ​នៅ​តំបន់​ដែល​ផ្ទុះ​ទីផ្សារ​អី ប៉ុន្តែ​គួរ​ទិញ​ដី​ នៅ​តំបន់​មិនទាន់​ពុះកញ្ជ្រោល មានតម្លៃ​ទាប និង​មាន​គម្រោង​អភិវឌ្ឍន៍​ជាក់លាក់។

អគ្គនាយក​ក្រុមហ៊ុន ​ភ្នាក់ងារ​អចលនទ្រព្យ Century21 Advance លោក ឡុង គឹមសួគ៌ បាន​មានប្រសាសន៍ប្រាប់​ នា​ល្ងាច​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០កន្លងមក​ថា គ្រប់​គម្រោង​វិនិយោគ​ទាំងអស់ គឺ​សុទ្ធតែ​ធ្វើឡើង​ ដើម្បី​ចង់បាន​ចំណេញ ដូច្នេះ​មុនពេល​សម្រេចចិត្ត​បណ្តាក់ទុន ចាំបាច់​ត្រូវតែ​សិក្សា​ពី​កត្តា នៃ​តម្រូវការ​ទីផ្សារ​ពិតប្រាកដ ភាគរយ​ដែល​អាច​ទទួលបាន​ចំណេញ​ខ្ពស់ ជាពិសេស​មិនត្រូវ​ធ្វើការ​វិនិយោគ​តាម​គ្នា នៅ​តំបន់​ដែល​តម្លៃ​ដី​លើ​ទីផ្សារ​ ហក់​ឡើង​ខ្ពស់​រួចទៅហើយ​នោះទេ។

លោក​បាន​បញ្ជាក់ថា “ដី​ដែល​អាច​ផ្តល់ឱកាស​ចំណេញ​ខ្ពស់ ភាគច្រើន​ជា​ប្រភេទ​ដី​ ដែល​មិន​ស្ថិតនៅក្នុង​ក្រុង ឬ​តំបន់​ទីប្រជុំជន ហើយ​តម្លៃ​នៅ​ទាប។ ប៉ុន្តែ​សម្រាប់​ការវិនិយោគ​នៅ​តំបន់ ដែលមាន​តម្រូវការ​ទីផ្សារ និង​មានការ​អភិវឌ្ឍន៍​រួចទៅហើយ​នោះ ឱកាស​នៃ​ការ​ចំណេញ​ពី​ការវិនិយោគ ​គឺមាន​អត្រា​ទាប ដោយសារតែ​តម្លៃ​ដី​ បាន​ឡើងថ្លៃ​រួចទៅហើយ” ។ លោក​បន្ថែមថា “ភាគច្រើន​នៅ​តំបន់​ ដែលមាន​ទីផ្សារ​រួចរាល់ អ្នកវិនិយោគ​សុទ្ធ​តែមាន​គម្រោង ​របស់​គេ​ច្បាស់លាស់ ដូចជា​ការទិញ​ដី​សម្រាប់​អភិវឌ្ឍន៍​គម្រោង​អ្វីមួយ​យ៉ាង​ប្រាកដ​របស់​ពួកគេ ដែល​មិនមែន​ទិញ​ទុក​សម្រាប់ លក់​បន្ត​យកចំណេញ​នោះទេ” ។

លោក​បាន​បន្តថា “ខ្ញុំ​លើក​ឧទាហរណ៍ ចលនា​នៃ​ការទិញ​ដី​នៅក្នុង​ខេត្ត​កែប និង​កំពត ដែល​កំពុង​ផុលផុស​នៅពេល​បច្ចុប្បន្ននេះ ភាគច្រើន​អ្នកវិនិយោគ​គេ​ទិញ​ សម្រាប់​គម្រោង​អភិវឌ្ឍន៍​ ដូចជា​ផ្ទះ​លំហែរ​កាយ ឬ​សម្រាប់​បង្កើត ជា​តំបន់​ទេសចរណ៍​ជាដើម ដូច្នេះ​វា​ជាការ​វិនិយោគ និង​អភិវឌ្ឍន៍​ជាក់លាក់ ដែល​មិនមែនជា​ការទិញ​ដី​ទុក​ រង់ចាំ​ពេល​តម្លៃ​ឡើងថ្លៃ ហើយ​លក់​បន្ត​យកចំណេញ​នោះទេ” ។

ជាមួយគ្នានេះ ប្រធាន​ក្រុមប្រឹក្សាភិបាល​ សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា លោក ឃាង ពុ​ទ្ធី បាន​មានប្រសាសន៍ថា ការទិញ​ដី​សម្រាប់​វិនិយោគ​បន្ត​មិន​ថា នៅ​តំបន់​ណា​នោះទេ ឱកាស​ចំណេញ​សុទ្ធតែ ទាស់​ត្រង់​ថា ​ចំណេញ​តិច​ឬ​ច្រើនតែ​ប៉ុណ្ណោះ ។

លោក​បាន​បន្តថា “ការទិញ​ដី​ទុក​លក់​នៅ​តំបន់​ជាយក្រុង មានឱកាស​ចំណេញ​តិច ប៉ុន្តែ​ងាយស្រួល​លក់ ដោយឡែក​ការទិញ​ដី​នៅតាម​ខេត្តឆ្ងាយៗ ហាក់​ពិបាក​រក​ទីផ្សារ ប៉ុន្តែ​ប្រសិន​មាន​គម្រោង​អភិវឌ្ឍន៍ ណាមួយ​ត្រូវ​បង្កើតឡើង​នៅ​ជិត នោះ​នឹង​អាច​ទទួលបាន​ ប្រាក់ចំណេញ​ស្ទើរ​ទ្វេដង” ។ លោក​បន្តថា “អ្វីដែល​ត្រូវ​ប្រយ័ត្ន គឺ​ការពិនិត្យ​ទៅលើ​ឯកសារ​ពាក់ព័ន្ធ​នានា និង​ប្រាកដថា ​ជា​ដី​មាន​ម្ចាស់​កម្មសិទ្ធិ​ស្របច្បាប់ ហើយ​មិន​ជាប់​ពាក់ព័ន្ធ​ ទៅនឹង​ដី​ស្ថិតក្នុង​តំបន់​រក្សាទុក​ របស់​រា​ជ​រដ្ឋាភិបាល” ។

លោក ឃាង ពុ​ទ្ធី បាន​មានប្រសាសន៍ថា “កាលពីពេល​កន្លងទៅ​យើង​ធ្លាប់​ បានឃើញ​ហើយ នូវ​ករណី​ចាញ់បោក​ឈ្មួញ​លក់​ដី​ខ្យល់ ដែល​ប្រឈម​នឹង​ការខាតបង់ ​ទាំង​ទ្រព្យសម្បត្តិ និង​ពេលវេលា ដូច្នេះ​គួរតែមាន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់ ហើយ​ប្រសិនបើ​យើង​ មិនមាន​ជំនាញ​ច្បាស់លាស់ ប៉ុន្តែ​ចង់​ប្រឡូក​នៅក្នុង​វិស័យនេះ គួរតែ​រក​អ្នកជំនាញ ឬ​ក្រុមហ៊ុន​ស្របច្បាប់​ណាមួយ សម្រាប់​ប្រឹក្សា​យោបល់​ជៀសវាង​ជួប​ហានិភ័យ” ៕ ដោយៈ រ៉ា​ណេ​ត
ប្រភព៖ sabay

ប្រភព៖ propertyarea.asia

Most Popular

To Top