ភ្នំពេញៈ ទីផ្សារជួលនៅក្នុងផ្សារទំនើប រហូតដល់ចុងឆ្នាំ២០២០នេះ អាចនឹងមានកំណើនតិចតួចបំផុត បើទោះជាស្ថានភាពនៃជំងឺ Covid-19 នៅក្នុងប្រទេសកម្ពុជា ត្រូវបានទប់ស្កាត់ និងមានវិធានការល្អពីរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ។

អ្នកជំនាញនៅក្នុងវិស័យផ្សារទំនើប លោកស្រីអាន សុធីតា នាយិកាក្រុមហ៊ុន CBRE ប្រចាំកម្ពុជា បានប្រាប់គេហទំព័រ Propertyarea.asia កាលពីចុងសប្តាហ៍មុននេះឱ្យដឹងថា ដោយបន្សល់ទុកពីការធ្លាក់ចុះនៅក្នុងឆមាសទី១ សម្រាប់ទីផ្សារនៃការជួលទីតាំងលក់រាយ ក្នុងផ្សារទំនើបនៅឆមាសទី២ ឆ្នាំ២០២០ អាចនឹងមានកំណើនឡើងវិញតិចបំផុត បើជាទោះរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យផ្នែកកម្សាន្តខ្លះ ចាប់ដំណើរការឡើងវិញក៏ដោយ។
លោកស្រីបន្តថា “ទីផ្សារជួលតូបនៅក្នុងផ្សារទំនើប (Retail) នៅកម្ពុជា គិតត្រឹមចុងឆមាសទី១ (ចុងខែមិថុនា) គឺមានភាពអវិជ្ជមានខ្លាំង ប៉ុន្តែទីផ្សារនេះ ត្រូវបានព្យាករណ៍ថា នឹងមានសន្ទុះឡើងវិញបន្តិចបន្តួចនៅក្នុងឆមាសទី២ នៃឆ្នាំ២០២០” ។
លោកស្រី អាន សុធីតា បន្ថែមថា ផ្អែកតាមភាពជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះ យើងឃើញថា មនុស្សជាច្រើនចាប់ផ្តើមមានសកម្មភាព និងចេញដើរឡើងវិញ បន្ទាប់ពីការរាតត្បាតនៃជំងឺឆ្លងនៅក្នុងប្រទេសកម្ពុជា មានភាពស្ងប់ស្ងាត់ ជាពិសេសបន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចអនុញ្ញាតឱ្យអាជីវកម្មកម្សាន្តមួយចំនួន ចាប់ដំណើរការឡើងវិញ ប៉ុន្តែស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់។
លោកស្រីបន្តទៀតថា ក្នុងឆមាសទី១ ក្រៅពីវិស័យឧស្សាហកម្ម គឺវិស័យសណ្ឋាគារ (Hotel) និងផ្សារទំនើប (Retail) ទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង ប៉ុន្តែនៅក្នុងឆមាសទី២នៃឆ្នាំនេះ យើងរំពឹងថានឹងមានកំណើនឡើងវិញបន្តិច។

លោកស្រីបន្ថែមថា “ការអនុញ្ញាតឱ្យចាប់បើកដំណើរការឡើងវិញ នូវអាជីវកម្មផ្នែកកម្សាន្ត និងសេវាកម្មមួយចំនួនរបស់រាជរដ្ឋាភិបាល ពិតជាបានចូលរួមជួយធ្វើវិស័យទាំង២ខាងលើនេះ មានភាពល្អប្រសើរ ប៉ុន្តែកំណើននៃតម្រូវការទីផ្សារ នៅមានកម្រិតនៅឡើយ” ៕ ដោយ វុត្ថា
ប្រភព៖ propertyarea.asia
