បរទេស៖ អគ្គមេបញ្ជាការកងទ័ពឥណ្ឌា លោក Manoj Mukund Naravane បាននិយាយនៅថ្ងៃសុក្រនេះថា លោកមានទំនុកចិត្តថា ជម្លោះព្រំដែនដែលកំពុងតែកើតមានជាមួយប្រទេសចិន នៅតំបន់ជួរភ្នំហិមាល័យភាគខាងលិច អាចនឹងត្រូវដោះស្រាយបាន តាមរយៈការពិភាក្សាគ្នា។
នៅក្នុងអំឡុងដំណើរទស្សនកិច្ចនៅតំបន់ Ladakh ជាទីដែលកងទ័ពមកពីប្រទេសមានអាវុធនុយក្លេអ៊ែទាំងពីរ មានការប្រឈមមុខដាក់គ្នាអស់រយៈកាលជាច្រើនខែនោះ លោក Manoj Mukund Naravane បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន ANI យ៉ាងដូច្នេះថា “យើងប្រាកដចិត្តថា បញ្ហានឹងអាចដោះស្រាយបានទាំងស្រុង តាមរយៈកិច្ចពិភាក្សាគ្នា”។
ដោយពោលសំដៅដល់បន្ទាត់តំបន់គ្រប់គ្រង ដែលជាព្រំដែនស្ថិតនៅខាងដែលប្រទេសឥណ្ឌាដាក់ពង្រាយកងទ័ពបន្ថែម ដើម្បីទប់ទល់ការប៉ុនប៉ងឈ្លានពានណាមួយពីប្រទេសចិននោះ លោកអគ្គមេបញ្ជាការកងទ័ពឥណ្ឌារូបនេះ បានថ្លែងដូច្នេះទៀតថា “ស្ថានភាពនៅតាមតំបន់ខ្សែបន្ទាត់ LAC គឺមានភាពតានតឹឹងតិចតួចប៉ុណ្ណោះ”៕