បរទេស៖ប្រទេសចិន តាមសេចក្តីរាយការណ៍ នឹងប្រារព្ធធ្វើសមយុទ្ធយោធាបន្ថែមទៀត ចាប់ពីថ្ងៃចន្ទនេះទៅ នៅតាមតំបន់ឆ្នេរភាគឦសាននិងបូព៌ា ហើយនេះជាព្រឹត្តិការណ៍យោធាដ៏ថ្មីបំផុត ក្នុងសមយុទ្ធយោធាខុសប្រក្រតីជាបន្តបន្ទាប់ ប្រឆាំងនឹងឆាកខាងក្រោយនៃការកើនឡើងនូវភាពតានតឹឹងក្នុងតំបន់។
រដ្ឋបាលសុវត្ថិភាពដែនសមុទ្ររបស់ប្រទេសចិន បាននិយាយប្រាប់ថា សមយុទ្ធជុំទីមួយ នឹងត្រូវប្រារព្ធធ្វើឡើងនៅលើផ្ទៃសមុទ្រប៊ូហៃ ក្បែរកំពង់ផែ Qinhuangdao ស្ថិតនៅភាគឦសានប្រទេស ចំណែកសមយុទ្ធជុំទីពីរ ដែលរួមមានទាំងការសមបាញ់គ្រាប់ពិតផងនោះ នឹងប្រារព្ធ្ធធ្វើឡើងនៅក្នុងផ្នែកភាគខាងត្បូងនៃសមុទ្រលឿង នាថ្ងៃអង្គារ និងនៅថ្ងៃពុធក្បែរទីក្រុង Lianyungang។
គួរបញ្ជាក់ថា កាលពីខែមុន ប្រទេសចិនបានប្រកាសសមយុទ្ធយោធាផ្សេងគ្នាចំនួន៤ ចាប់ពីសមុទ្រប៊ូហៃដល់ភាគខាងកើត និងពីសមុទ្រលឿងរហូតដល់សមុទ្រចិនខាងត្បូង ហើយនេះជាអ្វីដែលអ្នកជំនាញយោធាចិននិយាយថា គឺជាសកម្មភាពដ៏កម្រមាន៕ ប្រែសម្រួល៖ប៉ាង កុង