ភ្នំពេញ៖ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ការឧបត្ថម្ភលើកទីបី ដល់ក្រសួងសុខាភិបាល ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានឧបត្ថម្ភនូវឧបករណ៍ ប្រមូលសំណាកជំងឺកូវីដ-១៩ ចំនួន ៣,០០០ ឈុតដើម្បីចូលរួមប្រយុទ្ធនឹង ជំងឺរាតត្បាតសកលកូវីដ-១៩ ឧបករណ៍ទាំងនេះ រួមមាន បំពង់ផ្ទុកសំណាក ១.០០០ ឈុត ឧបករណ៍ប្រមូលសំណាកពីបំពង់ក ១.០០០ ឈុត និងឧបករណ៍ប្រមូលសំណាកពីរន្ធច្រមុះ ១.០០០ ឈុត។
បំពង់ផ្ទុកសំណាក គឺជាបំពង់សម្រាប់ប្រមូល និងរក្សាសំណាកដែលមានវីរុស ដូចជា វីរុសកូវីដ-១៩ ប៉ារ៉ាស៊ីតដែលឆ្លងទៅ មនុស្សតាមរយៈសត្វល្អិត និងមីកូប្លាស្មា។ បំពង់នេះ គឺជាបំពង់ប្លាស្ទិក ដែលមានគម្របបិទជិត និងអាចរក្សាសំណាកបាន ៤៨ ម៉ោងនៅក្នុងសីតុណ្ហភាព ត្រជាក់នៅក្នុងទូទឹកកក។ ឧបករណ៍ប្រមូលសំណាក មានរូបរាងស្រដៀងទៅនឹង សំឡីត្បារត្រចៀកដែលមានដងប្លាស្ទិក ទំហំ និងចុងរាងផ្សេងៗគ្នា។ បំពង់ផ្ទុក និងឧបករណ៍ប្រមូលសំណាកជំងឺកូវីដ-១៩ អាចឲ្យក្រសួងសុខាភិបាលប្រមូល និងពិនិត្យរកសំណាកដែលសង្ស័យថា មានជំងឺកូវីដ-១៩ ប្រកបដោយសុវត្ថិភាព។
ពិធីនេះ មានការចូលរួមពីនាយក គ្រប់គ្រងណាហ្គាវើលដ៍លោក Pern Chen នាយកគ្រប់គ្រងហិរញ្ញវត្ថុ និងប្រតិបត្តិការ លោក Cherchi Chen និងប្រធានផ្នែកសុវត្ថិភាព និងសុខភាព លោក Emilio Thiel ព្រមទាំងរដ្ឋលេខាធិការ ក្រសួងសុខាភិបាលលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ ដែលបានទទួលបរិក្ខារ ទាំងនេះតំណាងឲ្យក្រសួង។
លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍ បានឲ្យដឹងថា “ឧបករណ៍ប្រមូលសំណាកទាំងនេះ គឺជាការឧបករណ៍បំពេញបន្ថែម ទៅលើម៉ាស៊ីនធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលយើងបានឧបត្ថម្ភកាលពីលើកមុន។ ឧបករណ៍ទាំងនេះ អនុញ្ញាតឲ្យបុគ្គលិកជួរមុខ របស់ក្រសួងសុខាភិបាល អាចបញ្ជូនសំណាកបានលឿន និងប្រកបដោយសុវត្ថិភាព ដើម្បីធ្វើការវិភាគរកមេរោគ ដោយប្រើម៉ាស៊ីនធ្វើតេស្តទំនើប។ យើងបន្តគាំទ្រដល់ ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធនឹងមេរោគកូវីដ-១៩”។
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បាននិយាយថា “ស្ថានភាពជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ត្រូវបានទប់ស្កាត់បានល្អ ប៉ុន្តែយើងត្រូវប្រុងប្រយ័ត្នជានិច្ច និងធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីបង្ការជំងឺដ៏កាចសាហាវនេះទាំងអស់គ្នា។ យើងខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះការឧបត្ថម្ភគាំទ្រ ជាបន្តបន្ទាប់របស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដែលបានឧបត្ថម្ភបរិក្ខារ ចាំបាច់ជាច្រើនកន្លងមក។ បរិក្ខារទាំងអស់នេះ ពិតជាមានសារសំខាន់ណាស់ ក្នុងការជួយពង្រឹងវិធានការបង្ការជំងឺកូវីដ-១៩”។
ជាមួយនឹងការឧបត្ថម្ភ ដល់ក្រសួងសុខាភិបាល ដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះ ដែលរួមមាន កុំព្យូទ័រយួរដៃ ៥ គ្រឿង ជែលលាងដៃ ៥០០ ដប ម៉ាស៊ីនធ្វើតេស្តរកមេរោគទំនើប ១ គ្រឿង និងឧបករណ៍ធ្វើតេស្តរកមេរោគ ៦.៤០០ ឈុត ណាហ្គាវើលដ៍បេះដូងសប្បុរស បានធ្វើការឧបត្ថម្ភនូវទឹកប្រាក់សរុបជាង ៥៣.០០០ដុល្លារអាមេរិក ដើម្បីប្រយុទ្ធនឹងមេរោគកូវីដ-១៩។
គួររំឭកផងដែរថា ណាហ្គាវើលដ៍បេះដូងសប្បុរស បានឧបត្ថម្ភសរុបនូវម៉ាស់មុខចំនួន ៤០.០០០ បន្ទះ ជែលលាងដៃ ៤.០០០ ដប និងទឹកអាល់កុលលាងដៃ ៧២០ លីត្រដែលសរុបជាទឹកប្រាក់មានចំនួន ១៥.៤០០ ដុល្លារអាមេរិក ដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងអប់រំ យុវជន និងកីឡា និងសាលារាជធានីភ្នំពេញ ៕