អង់គ្លេស៖ បំណែកនៃល្បែងក្តារ ដ៏កម្រមួយត្រូវបានគេដាក់លក់តម្លៃ ១,០០០ ផោន បន្ទាប់ពីត្រូវបានរកឃើញ នៅទីវាលមួយដោយឧបករណ៍ ចាប់ដែករបស់អ្នករុករករ៉ែ ចូលនិវត្តន៍លោក Mick Bottអាយុ ៧៣ ឆ្នាំ ក្នុងទីក្រុង Torksey រដ្ឋ Lincolnshire ជាកន្លែងពួក Vikings បោះជំរុំរដូវរងារនៅឆ្នាំ៨៧២ នៃគ.ស នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ជំរុំនេះត្រូវបានគេប្រើជាទីតាំងការពារ និងយុទ្ធសាស្ត្ររបស់ពួក Vikings ក្នុងអំឡុងខែរដូវរងារ នៅពេល ពួកគេត្រៀមយកឈ្នះចក្រភពអង់គ្លេស។ បំណែកទាំងនេះគឺជាផ្នែកមួយ នៃល្បែងក្តារយុទ្ធសាស្ត្រមួយមានឈ្មោះថា Hnefatafl ស្រដៀងនឹងអុក ហើយមានប្រជាប្រិយភាព ជាមួយទាហានក្នុងការបង្រៀន យុទ្ធសាស្រ្តនៅលើសមរភូមិ។
ឈុតនេះត្រូវបានគេរំពឹងថា នឹងលក់ក្នុងតម្លៃ ១០០០ ផោន នៅពេលវាត្រូវបានដាក់ដេញថ្លៃនៅ Dix Noonan Webb (DNW) មានមូលដ្ឋាននៅទីក្រុងឡុងដ៍នៅថ្ងៃអង្គារទី១៥ ខែកញ្ញា។ អ្នកជំនាញម្នាក់នៅ DNW បាននិយាយថា អ្នករាវរកបាននាំយកបំណែកហ្គេម Viking ចូលបន្ទប់ដេញថ្លៃនៅក្នុង ថង់ប្លាស្ទិចដោយមិនច្បាស់ ពីសារសំខាន់របស់វា។
លោក Mick Bottវ បានប្រមូលរបស់របរអស់រយៈពេល ២ទសវត្សមកហើយនៅទីតាំងនោះ ហើយក៏បានរកឃើញ កាក់ ខ្សែចុង ខិត្តប័ណ្ណ ក្រញ៉ាំជើងសេះនៅសតវត្សទី៩ ៕
ដោយ៖ លី ភីលីព