វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានពិនិត្យ និងសិក្សាផែនការមួយដែល“ អាចរួមបញ្ចូលទាំងការ ប្រើប្រាស់អាវុធនុយក្លេអ៊ែរ ចំនួន ៨០គ្រាប់” ដើម្បីឆ្លើយតបទៅនឹង ការវាយប្រហារ របស់កូរ៉េខាងជើង។
នេះបើយោងតាម អ្នកសារព័ត៌មានអាមេរិក Bob Woodward បានបញ្ជាក់ នៅក្នុងសៀវភៅ របស់លោកដែលមាន ចំណងជើងថា “Rage” ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារ។
យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Woodward បាននិយាយនៅក្នុងសៀវភៅ របស់លោកដោយផ្អែក លើបទសម្ភាសន៍ ជាមួយប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំថា នៅពេលភាពតានតឹង រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បានកើនឡើងខ្ពស់ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បង មីស៊ីលផ្លោងអន្តរទ្វីប កាលពីឆ្នាំ ២០១៧ គឺរដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន ក៏កំពុងធ្វើបច្ចុប្បន្នភាព ផែនការសម្រាប់ការ ធ្វើការវាយប្រហារ ពីដែនអាកាស លើទីក្រុងព្យុងយ៉ាងផងដែរ។
លោក ដូណាល់ ត្រាំ បាននិយាយនៅក្នុង បទសម្ភាសន៍ជាមួយលោក Woodward នៅថ្ងៃទី ១៣ ខែធ្នូឆ្នាំ ២០១៩ ថា មេដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន «បានត្រៀមខ្លួនជាស្រេចដើម្បីធ្វើសង្គ្រាម ជាមួយសហរដ្ឋអាមេរិក ប៉ុន្តែវាត្រូវបានបញ្ចៀស ដោយសារតែ កិច្ចប្រជុំកំពូលអាមេរិក – កូរ៉េខាងជើង លើកដំបូងរបស់មេដឹកនាំ ទាំងពីរ នៅក្នុង ខែមិថុនាឆ្នាំ ២០១៨ »។ នេះបើយោងទៅតាម សៀវភៅដដែល។
នៅពេលដែលលោក Woodward បានសួរថា តើលោកគីមបានប្រាប់លោក ត្រាំ ដោយផ្ទាល់អំពីការត្រៀមខ្លួន ដើម្បីធ្វើសង្គ្រាមនោះ លោកប្រធានាធិបតី បាននិយាយថា “មែនហើយ គាត់បានធ្វើបែបនេះមែន” នេះបើយោងតាមសៀវភៅ៕
ប្រែសម្រួលៈ ណៃ តុលា
