បរទេស៖ ក្រោយតៃវ៉ាន់ធ្វើការតវ៉ាថា សមយុទ្ធដែនអាកាសនិងដែនទឹកទ្រទ្រាយធំរបស់ចិន គឺជាការបង្កហេតុដ៏ធ្ងន់ធ្ងរនោះ ទីក្រុងប៉េកាំងបាននិយាយនៅថ្ងៃពុធនេះថា សមយុទ្ធយោធាចិននៅក្បែរតំបន់ឆ្នេរភាគនិរតីរបស់កោះតៃវ៉ាន់ កាលពីសប្ដាហ៍មុន គឺជាចំណាត់ការដ៏ចាំបាច់។
លោក Ma Xiaoguang ជាមន្ត្រីនាំពាក្យឲ្យការិយាល័យទទួលបន្ទុកកិច្ចការតៃវ៉ាន់របស់ប្រទេសចិន ដែលផ្តល់ការបកស្រាយជាសាធារណៈលើកដំបូង ស្តីពីសមយុទ្ធយោធាចិននោះ បានមានប្រសាសន៍ប្រាប់ថា កោះតៃវ៉ាន់ គឹជាផ្នែកដ៏ពិសិដ្ឋនិងមិនអាចកាត់ចេញបានរបស់ប្រទេសចិន។
យោងតាមសេចក្តីរាយការណ៍ លោក Ma Xiaoguang បាននិយាយប្រាប់សន្និសីទកាសែតដូច្នេះថា សកម្មភាពសមយុទ្ធចម្បាំងពាក់ព័ន្ធនានាធ្វើឡើងដោយកងទ័ពចិន គឺជាវិធានការដ៏ចាំបាច់ មានគោលបំណងផ្តោតលើស្ថានភាពសន្តិសុខបច្ចុប្បន្ន នៅច្រកសមុទ្រតៃវ៉ាន់ និងដើម្បីការពារអធិបតេយ្យភាពជាតិ”៕
ប្រែសម្រួល៖ប៉ាង កុង