ភ្នំពេញ៖ ក្រុមអ្នកជំនាញ បានអះអាងស្រដៀងគ្នាថា ទីផ្សារដីធ្លីនៅតំបន់ជាយក្រុង នៅតែមានភាពល្អប្រសើរ និងមានចរន្តទិញលក់សកម្ម ជាងតាមបណ្តាខេត្ត ទោះបីក្នុងស្ថានភាពសេដ្ឋកិច្ចកំពុងមានបញ្ហាក្តី។

លោកស្រី អាន សុធីតានាយិកាប្រចាំប្រទេស នៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ឲ្យដឹងផងដែរថា តម្លៃដីនៅជាយក្រុងជាផ្នែកមួយ ក្នុងចំណោមផ្នែកសំខាន់ៗចំនួន៣ នៃវិស័យអចលនទ្រព្យ ដែលនឹងមានភាពល្អប្រសើរនៅឆ្នាំនេះ។ លោកស្រីបន្តថា តម្លៃដីនៅជាយក្រុងកើនឡើង ដោយសារការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ការពង្រីកទីក្រុង និងអ្នកវិនិយោគបានងាកទៅវិនិយោគ នៅតំបន់ជាយក្រុងកាន់តែច្រើន ព្រោះតម្លដីនៅក្នុងទីក្រុងកើនឡើងខ្ពស់ ដែលធ្វើឲ្យពួកគាត់មិនអាចវិនិយោគសាងសង់បុរី ឬលំនៅដ្ឋានានាបានចំណេញ។
លោកស្រីបន្តថា “កំនើនប្រជាសាស្ត្រ នៅតំបន់ជាយក្រុង ការកសាងហេដ្ឋារចនាសម្ព័ន្ឋ របស់រដ្ឋាភិបាល ពិតជាកត្តាសំខាន់ ដែលធ្វើឲ្យតំបន់ជាយក្រុងភ្នំពេញ មានការអភិវឌ្ឍលឿន និងធ្វើឲ្យតម្លៃដីកើនឡើងខ្ពស់” ។
អគ្គនាយកក្រុមហ៊ុន Premium Housing Development លោកម៉ាន់ ច័ន្ទឌី បានមានប្រសាសន៍ឲ្យដឹងនៅរសៀលថ្ងៃទី២៣កន្លងមកថា តម្លៃដីធ្លីនៅតំបន់ជាយក្រុង នៅតែបន្តមានភាពល្អប្រសើរ និងបន្តកើនឡើង ដោយសារកត្តាជាច្រើន ដូចជាការរីកចម្រើន នៃហេដ្ឋារចនាសម្ព័ន្ឋ កំនើនប្រជាសាស្ត្រ ការតភ្ជាប់មកកាន់ទីក្រុង មានចម្ងាយជិត និងកត្តាជាច្រើនទៀត។
លោកបន្តថា “ទោះបីកម្ពុជា ក៏ដូចជាពិភពលោក កំពុងជួបវិបត្តិសេដ្ឋកិច្ចសាកលក្តី ប៉ុន្តែទីផ្សារដីធ្លីនៅតំបន់ជាយក្រុង នៅតែមានសកម្មភាព និងតម្លៃកើនឡើងជាបន្តបន្ទាប់” ។
ជាមួយគ្នានេះ លោកកាង សុទ្ឋីអគ្គនាយកនៃក្រុមហ៊ុន Century21 Land station Real estate បានមានប្រសាសន៍ឲ្យដឹងផងដែរថា តម្លៃដីនៅតំបន់ជាយក្រុងពិតជាកើនឡើង ប៉ុន្តែតម្លៃតំបន់ខ្លះនៅមានភាពសមរម្យអាចទទួលយកបាន តែតំបន់ខ្លះបានកើនឡើងខ្ពស់ លើសការរំពឹងទុក ដែលមិនអាចទិញវិនិយោគរកផលចំណេញបានឡើយ។ លោកបន្តដោយចង្អុលបង្ហាញថា តម្លដីនៅជាយក្រុងភ្នំពេញ នៅតំបន់កំបូល និងនៅតាមណ្តោយផ្លូវជាតិលេខ ៦អា ជាតំបន់ដែលតម្លៃដីកើនខ្ពស់ជាងគេ។

ជាមួយគ្នានេះ លោកបណ្ឌិត គីម ហ៊ាង អតីតប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា តម្លៃដីធ្លីដែលដាក់លក់ភាគច្រើន មានតម្លៃលើសទីផ្សារចន្លោះពី៣០ទៅ៥០ភាគរយ ដែលវាមិនមែនជាតម្លៃពិត នៅលើទីផ្សារនោះទេ ព្រោះអ្នកលក់ចេះតែចង់បានតម្លៃខ្ពស់ ខណៈដីតំបន់នោះមិនទាន់មានតម្លៃ ដល់កម្រិតពួកគេចង់បាននៅឡើយ។
លោកបន្តថា “តម្លៃដីពិតលើទីផ្សារ មិនមែនជាតម្លៃដាក់លក់ របស់អ្នកលក់ទេ តែជាតម្លៃដែលអ្នកទិញអាចទិញបាន” ៕ ប្រភព៖ propertyarea
