ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុកំពុងពិភាក្សាលម្អិត ទៅលើការអនុម័តដល់ក្រុមហ៊ុនជប៉ុនបំពាក់ភ្លើងបំភ្លឺផ្លូវវៃឆ្លាត សរុបជាង ៥០០០អំពូល ដាក់នៅតាមដងផ្លូវចំនួន ៣៤ខ្សែនៅក្នុងក្រុងព្រះសីហនុ។ នេះបើតាមឱ្យដឹងពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២០នេះ។
យោងតាមការណែនាំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្នើឱ្យក្រុមហ៊ុនផលិតអំពូលភ្លើងវៃឆ្លាតរៀបចំបំពាក់អំពូលបំភ្លឺផ្លូវវៃឆ្លាតនៅលើផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ចំនួន ៥,៣០០អំពូល។
លោក Kei Nishihara អនុប្រធានក្រុមហ៊ុន Minebea មានប្រសាសន៍ថា អំពូលវៃឆ្លាតវាអាចជួយសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនីបានរហូត ៦០ភាគរយ ក្នុងនោះក៏មានប្រតិបត្តិការថែទាំផងដែរ អំពូល LED វ័យឆ្លាត វាអាចផ្តល់ពន្លឺច្បាស់ល្អនៅតាមដងផ្លូវ។ ប្រសិនរដ្ឋបាលខេត្តយល់ព្រម ក្រុមហ៊ុននឹងធ្វើការ បំពាក់អំពូលវៃឆ្លាតចំនួន ៥,៣០០ អំពូលនៅពេលខាងមុខ។
អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានលើកឡើងថា រយៈពេលមួយឆ្នាំមកនេះ ខេត្តបានធ្វើការពិភាក្សាចំនួន ៣លើករួចមកហើយ អំពីអំពូលភ្លើងបំភ្លឺផ្លូវវៃឆ្លាត។ ផ្តើមចេញពីកិច្ចសហប្រតិបត្តិការល្អរវាងរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងជប៉ុន រួមទាំងការគាំទ្រពីអ្នកវិនិយោគជប៉ុន ផលិតអំពូលឆ្លាតវៃនៅរាជធានាភ្នំពេញ បានផ្តល់ការងារជូនយុវជនកម្ពុជា ហើយរដ្ឋាភិបាល និងរដ្ឋបាលខេត្ត សម្រេចប្រើប្រាស់ ផលិតផលក្នុងស្រុកប៉ុន្តែការងារជួសជុល និងថែទាំជាការលំបាក។
លោកអភិបាលបន្តថា ខេត្តព្រះសីហនុគ្រោងនឹងបំពាក់អំពូលវៃឆ្លាតប្រកបដោយនិរន្តរភាព ក្រោយបំពាក់រួច យើងត្រូវបញ្ជូនមន្ត្រី ទៅសិក្សារៀនសូត្របច្ចេកទេស ដើម្បីងាយស្រួលធ្វើការជួសជុល ប្រើប្រាស់នៅពេល ខាងមុខ។
ខេត្តព្រះសីហនុមានទំនាក់ទំនងល្អជាមួយស្ថាប័នជប៉ុន តាមរយៈអង្គការ JICA មានដូចជា គម្រោងសាងសង់ពង្រីក កំពង់ផែ ស្វយ័តក្រុងព្រះសីហនុ និងមានសមិទ្ធផលជាច្រើនទៀត៕ប្រភព៖propertyarea