ភ្នំពេញៈ បើទោះជាការវិនិយោគ នៅលើវិស័យអចលនទ្រព្យ ផ្តល់ផលចំណេញខ្ពស់ក៏ដោយ ក៏មានមនុស្សមួយចំនួនទៀត នៅតែបង្ហាញពីភាពមិនច្បាស់លាស់ ក្នុងចិត្ត និងមិនហ៊ានចូលរួមនៅក្នុងការវិនិយោគ ដើម្បីទទួលបានចំណេញនៅពេល អនាគតនោះឡើយ។

ខាងក្រោមនេះ គឺជាហេតុផល៤ចំណុច ដែលអាចជម្រុញទឹកចិត្ត ឱ្យមានវិនិយោគលើវិស័យអចលនទ្រព្យ ។
១) ជាទ្រព្យអសកម្ម ប៉ុន្តែអាចបំពេញតម្លៃបន្ថែមបាន
ចំណុចខ្លាំងរបស់អចលនទ្រព្យ គឺជាទ្រព្យសម្បត្តិដែលអាចបំពេញ តម្លៃខ្ពស់ឡើង ស្ទើររៀងរាល់ឆ្នាំ ហើយតម្លៃមិនអាចធ្លាក់ចុះ ទៅតាមអាយុកាលនោះទេ មានន័យថាកាន់តែយូរកាន់តែមានតម្លៃកើនឡើង ដែលជាទូទៅមានពេលវេលាច្រើនជាង៥ឆ្នាំ ទើបអាចឃើញពីភាពច្បាស់លាស់នៃការកើនតម្លៃ។
២) អត្រាទទួលបានផលត្រឡប់មកវិញខ្ពស់
ការវិនិយោគក្នុងផ្នែកអចលនទ្រព្យ ជាការវិនិយោគមួយ ដែលមានអត្រាខ្ពស់ ក្នុងការទទួលបានផលត្រឡប់មកវិញខ្ពស់ ជាងអត្រាអតិផរណា ។ ការវិនិយោគក្នុងអចលនទ្រព្យ ជាទូទៅតែងបានផលត្រឡប់មកវិញ ជាមធ្យមប្រមាណ ៥%-១៥% ក្នុង១ឆ្នាំ ដែលចាត់ទុកថា ខ្ពស់ជាងអត្រាអតិផរណា និងខ្ពស់ជាងអត្រាការប្រាក់ ពីប្រាក់បញ្ញើ នៅក្នុងធនាគារ។
នេះជាហេតុផលចម្បង ដែលមនុស្សជាច្រើនងាកមកវិនិយោគ ក្នុងវិស័យអចលនទ្រព្យ។
៣) បង្កើតប្រាក់ចំណូលបានច្រើន
ការវិនិយោគក្នុងអចលនទ្រព្យ មិនមែនត្រឹមតែការទិញសម្រាប់លក់បន្ត ដើម្បីទទួលប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែនៅអាចបង្កើត ប្រាក់ចំណូលបានច្រើនយ៉ាង មិនថាជាការជួល សម្រាប់ស្នាក់នៅ ជួលសម្រាប់មុខជំនួញ និងប្រើប្រាស់ជា ប្រយោជន៍ផ្សេងៗជាដើម។ ត្រង់ចំណុចនេះ អាចចាត់ទុកថាជាប្រាក់ចំណូលមួយ ដែលអាចប្រមូលមុននឹងធ្វើការលក់ចេញ។
ដូច្នេះរឿងដែលវិនិយោគិន និយមបំផុតក្នុងការទិញអចលនទ្រព្យ គឺការជួលប្រចាំខែបន្ទាប់មកលក់ចេញ ដើម្បីទទួលតម្លៃចំណេញបន្ថែម។

៤) ជាមរតកដល់កូនចៅ
អចលនទ្រព្យ គឺជាទ្រព្យសម្បត្តិ ដែលអាចផ្ទេរ ដល់កូនចៅជំនាន់ក្រោយបាន មិនថាចំពោះដី លំនៅដ្ឋានឬអគារសណ្ឋាគារ។ល។ ក្រៅពីអាចជួយ បង្កើនធនធានច្រើនដល់ខ្លួនឯង អ្នកក៏អាចផ្ទេរទ្រព្យសម្បត្តិ ដែលមានតម្លៃទាំងនេះ ដល់កូនចៅជំនាន់ក្រោយៗ បានទៀតផង៕ ប្រភព៖ propertyarea
