ព្រឹត្តិការណ៍

ក្រសួងសាធារណការ កំពុងពន្លឿនការវាយតម្លៃផលប៉ះពាល់ ហេដ្ឋារចនាសម្ព័ន្ធដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀង

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បាននឹងកំពុងពន្លឿនការវាយតម្លៃ ផលប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដើម្បីដាក់ជូនរដ្ឋាភិបាល ក្នុងការសម្រេចទម្លាក់ថវិកា។

លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ ឱ្យដឹងថា ក្រុមការងាររបស់ក្រសួងបាននឹងកំពុង វាយតម្លៃផលប៉ះពាល់លើ ហេដ្ឋារចនាសម្ព័ន្ធដែលត្រូវស្តារ និងជួសជុលឡើងវិញ ដែលរហូតមកដល់ពេលនេះ គឺមិនទាន់ចប់ទេ។

លោកបន្តថា “យើងឥឡូវនេះការវាយតម្លៃមិនទាន់ចប់ទេ យើងបានធ្វើបច្ចុប្បន្នភាពពី ៤០០ គីឡូម៉ែត្រ ឡើងដល់ ៦៦០ គីឡូម៉ែត្រ ដែលក្នុងនោះ យើងគ្រោងថវិការពី១៥០ លានដុល្លារអាមេរិក ប៉ុន្តែវាឡើងទៀតហើយ អ៊ីចឹង យើងមិនទាន់សម្រេចថាដូចម្តេចនោះទេ ព្រោះការវាយតម្លៃផលប៉ះពាល់មិនទាន់ចប់”។

លោកបន្តថា “ជាមួយគ្នានេះយើងក៏ថា គួរធ្វើក្នុងកម្រិតណា ផ្លូវខ្លះក៏វាស្ថិតនៅក្នុងកុងត្រាជាមួយគម្រោង ហើយផ្លូវខ្លះក៏មិនស្ថិតនៅក្នុងកុងត្រា និងជាបឋម ក្រោយជំនន់ទឹកភ្លៀងនេះ យើងលប់គ្រលុកខ្លះ ដើម្បីបង្កងាយស្រួលក្នុងការធ្វើដំណើរសិន”។

លោកបញ្ជាក់ទៀតថា “ក្រុមការងាររបស់ក្រសួងកំពុងធ្វើកិច្ចការងារនេះ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខណៈដែលក្រុមការងារនេះកំពុងសិក្សា និងវាយតម្លៃផលប៉ះពាល់នៅ តាមបណ្តាខេត្តមួយចំនួនទៀត ដូចជាខេត្តព្រះវិហារជាដើម យើងគ្រាន់តែវាយតម្លៃ បានដោយផ្នែកប៉ុណ្ណោះ”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីម្សិលមិញនេះ បានឱ្យដឹងថា ទឹកជំនន់បានធ្វើឱ្យខូចផ្លូវជាតិ ផ្លូវលំ និងទំនប់ផ្សេងៗបានរងការខូចខា។ សម្តេចតេជោ បានណែនាំរដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន, រដ្ឋមន្ត្រីធនធានទឹក និងឧតុនិយម, រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ និងរដ្ឋមន្ត្រីកសិកម្ម មិនត្រូវរង់ចាំការវាយតម្លៃពីតាមមន្ទីរនានាទេ ត្រូវចាត់មន្ត្រីរដ្ឋលេខាធិការ ចុះទៅវាយតម្លៃដោយផ្ទាល់។

សម្តេចតេជោបានថ្លែងថា “រដ្ឋមន្ត្រីទាំង៤ ត្រូវធ្វើសកម្មភាពភ្លាមៗ ដើម្បីជួសជុល និងតភ្ជាប់ផ្លូវ ស្ពាន ដែលខូចខាតជូនប្រជាពលរដ្ឋ”។ សម្តេចបន្តថា “ការដោះស្រាយរឿងទឹកជំនន់មិនមែន បញ្ចប់ត្រឹមការចែកជំនួយនោះទេ។ អ្វីដែលជាការដោះស្រាយសំខាន់ សម្រាប់ប្រជាពលរដ្ឋរងការជន់លិច គឺការបង្កឱកាសឱ្យពួកគាត់ អាចដាំដុះឡើងវិញបាន”។ សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឱ្យចុះសិក្សាបន្ទាន់ ពីផលប៉ះពាល់របស់ប្រជាពលរដ្ឋ ហើយដាក់ចេញដំណោះស្រាយបន្ទាន់។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា “ត្រូវការថវិកាប៉ុន្មាន ក៏ត្រូវតែទម្លាក់ទៅ ដើម្បីដោះស្រាយ” ៕

ប្រភព៖ propertyarea

Most Popular

To Top