ភ្នំពេញ៖ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ក្នុងនាមក្រុមការងារយុវជន គណៈបក្សប្រជាជនខេត្ត កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញនាំយក សម្ភារៈសំណង់ មួយចំនួនជូនដល់ សាលាបឋមសិក្សា អូរត្រេះចាស់ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ជាមួយគ្នានោះ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានចូលរួមផងដែរ ក្នុងការប្រគល់ ថវិកាបន្ថែមមួយចំនួនទៀត សម្រាប់ដំណើរការសាងសង់ ហេដ្ឋារចនាសម្ពន្ធ័ក្នុងសាលាផងដែរ ។
ការចូលរួមចំណែក កសាងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់សាលាបឋមសិក្សា អូត្រេះចាស់ នាឱកាសនេះ ជាការបន្ថែមពីលោកឧកញ៉ា ទៀ វិចិត្រ ដែលបានឧបត្ថម្ភ ការសាងសង់រង្វង់មូលខឿន សួនច្បារនិងដងទង់ជាតិ ជូនដល់សាលាបឋមសិក្សា អូរត្រេះចាស់កន្លងមក ។
លោកនាយកសាលាមានប្រសាសន៍ថា ជាបន្តបន្ទាប់មកនេះ តាមការស្នើសុំពីលោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាអូត្រេះ ទទួលបានការឧបត្ថម្ភពី លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំខេត្ត ក្រុង មន្ទីរអប់រំយុវជន និងកីឡាខេត្ត ព្រមទាំងសប្បុរសជន លើការស្ថាបនាហេដ្ឋា រចនាសម្ពន្ធ័ក្នុងសាលា ដូចជាប្រកដំបូល អាគារសិក្សា ដែលរងការខូចខាត និងការចាក់សាប ក្នុងទីធ្លាសាលាជាដើម ហើយនៅថ្ងៃនេះ ក្រុមការងារយុវជន គណៈបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ម៉ាង ស៊ីណេត និងលោកឧកញ៉ា ទៀ វិចិត្រ ក៏បានអញ្ជើញមកដោយផ្ទាល់ ផ្តល់ជំនួយមួយចំនួន បន្ថែមទៀតដល់សាលា ។
ក្នុងនាមលោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្ស លោកនាយកសាលាបានគោរព ថ្លែងអំណរគុណ លោកអភិបាលខេត្ត ថ្នាក់ដឹកនាំខេត្ត ក្រុង មន្ទីរអប់រំយុវជននិងកីឡា ខេត្តព្រះសីហនុ ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភ ដល់សាលា ទុកជាប្រយោជន៍ សាធារណៈ៕










