ភ្នំពេញៈ តំបន់ជ្រោយចង្វារបាន និងកំពុងក្លាយជាតំបន់ ដែលមានការរីកចម្រើនលឿន ដោយសារការវិនិយោគកើនឡើង ពីសំណាក់អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ។
ហេតុផលជាច្រើន ដែលអ្នកវិនិយោគជាតិ អន្តរជាតិបាននិងកំពុង ជ្រើសរើសតំបន់នេះ សំរាប់សាងសង់ខុនដូ គឺមានច្រើនចំណុចដូចជា ទី១ មានទន្លេអមសងខាង ដែលផ្តល់បរិយាកាសរស់នៅ ប្រកបដោយផាសុខភាព ទី២ មានទេសភាពស្រស់ស្អាត ដែលអាចគយគន់ដងទន្លេបានយ៉ាងស្រស់ស្រាយ ទី៣ ជាតំបន់ ដែលមានការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ឋ បានយ៉ាងល្អប្រសើរ និងទី៤ កត្តាហុង ស៊ុយ ដែលអ្នកមានជំនឿលើផ្នែកនេះ តែងតែគិតដល់ ព្រោះហុងស៊ុយគឺពាក់ព័ន្ឋដល់ជីវិត និងគុណភាពជីវិត។
ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន លាងគង់បានមានប្រសាសសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី៣ ធ្នូនេះថា តំបន់ជ្រោយចង្វារ ប្រៀបបីដូចជាមេដែកឆក់មួយ ដែលបាននិងកំពុងជំរុញឲ្យតម្លៃដីធ្លីនៅតំបន់នេះកើនឡើង ពិសេសគំរោងខុនដូ មិនក្រោម២០គំរោងនោះទេ ដែលបានបញ្ចប់ និងកំពុងដំណើរការ សាងសង់នៅតំបន់នេះ។
លោកបន្តថា “វាជាតំបន់ស៊ីវិល័យមួយ នាពេលអនាគត វាក៏នឹងជាតំបន់សំរាប់ lifestyle មួយសំរាប់អនាគតផងដែរ ព្រោះបច្ចុប្បន្នគំរោងជាច្រើន បាននិងកំពុងផ្តល់នូវការរស់ នៅកាន់តែសម្បូរបែបនៅតំបន់នេះ។លោកបន្តថា “ផ្សារទំនើប Sky barនៅលើអាគារធំៗបាន និងកំពុងស្រូបយកការចាប់អារម្មណ៍ ពីអ្នកមានជីវភាពធូរធារ ចូលទៅកាន់តំបន់នេះ” ។
លោកយិន លាងគង់បានបន្តថា បរិយាកាសរស់នៅល្អប្រសើរ អាចស្រូបយកខ្សយល់អាកាសបរិសុទ្ឋ អាចគយគន់ទេសភាពពេលរាត្រី ក៏ដូចជា ពេលព្រះអាទិត្យរះនាព្រឹកព្រលឹម សុទ្ឋតែជាបំណងប្រាថ្នា របស់មនុស្សគ្រប់រូប ប៉ុន្តែលទ្ឋភាពទទួលបាន នូវការរស់នៅប្រកបដោយស៊ីវិល័យ និងភាពថ្លៃថ្នូរជារឿងមួយទៀត។
យោងតាមការសិក្សារបស់ក្រុមហ៊ុន Urban Living Solutions បានឲ្យដឹងថា ទីក្រុងភ្នំពេញ នឹងមានមនុស្សរស់នៅដល់៤,៥ ទៅ៥លាននាក់ នៅឆ្នាំ២០៣០ខាងមុខ ដែលធ្វើឲ្យប្រជាជនកម្ពុជា សម្រេចចិត្តរស់នៅ តាមខុនដូកាន់តែច្រើន ដោយសារកត្តាមួយចំនូនដូចជា ទី១ កំនើនតម្លៃអចលនទ្រព្យនៅក្នុងទីក្រុង ទី២ កម្រិតការកកស្ទះចរាចរណ៍កើនឡើង ទី៣ គុណភាពជីវិតកាន់តែល្អប្រសើរ ដោយសារការរីកចម្រើន នៃបច្ចេកវិទ្យា និងទី៤ ការរស់នៅខុនដូមានភាពងាយស្រួល ដែលផ្តល់នូវកញ្ចប់សេវាស្ទើរទាំងស្រុង នៃតម្រូវការប្រចាំថ្ងៃរបស់ពួកគេ៕ ប្រភព៖https://www.propertyarea.asia/