បរទេស៖កងនាវាលេខ៧របស់កងទ័ពជើងទឹក សហរដ្ឋអាមេរិក បានធ្វើការប្រកាសឲ្យដឹងថា នាវាពិឃាតកងទ័ព USS John S. McCain នៅពេលថ្មីៗនេះ បានចូលរួមក្នុងសមយុទ្ធពហុជាតិមួយ នៅសមុទ្រហ្វីលីពីន ជាមួយនាវាចម្បាំង របស់បារាំងនិងជប៉ុន។
តាមសេចក្តីរាយការណ៍ សមយុទ្ធនោះ រួមមាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ Emeraude នាវាគាំទ្រនិងជំនួយ Seine របស់កងទ័ពជើងទឹកបារាំង និងនាវាពិឃាតផ្ទុកឧទ្ធម្ភាគចក្រ JS Hyūga របស់កងកម្លាំងការពារខ្លួនដែនសមុទ្ររបស់ជប៉ុន។
សេចក្តីថ្លែងការណ៍របស់កងនាវាលេខ៧អាមេរិក បាននិយាយប្រាប់ថា សមយុទ្ធនោះ គឺផ្តោតលើយុទ្ធសាស្ត្រសង្គ្រាមប្រឆំាងនាវាមុជទឹក នៅក្នុងចំណោមកងទ័ពជើងទឹកទាំង៣ ចំណែកលោក Ryan Mati ជាមន្ត្រីអាវុធនៃនាវាពិឃាត USS John S. McCain បានមានប្រសាសន៍ដូច្នេះថា “សង្គ្រាមប្រឆាំងនាវាមុជទឹក គឺជាទីពឹងផ្អែកដ៏សំខាន់មួយ ក្នុងប្រតិបត្តិការលើផ្ទៃទឹករបស់កងទ័ពជើងទឹក”៕ប្រែសម្រួល៖ប៉ាង កុង