បរទេស៖អង្គការសម្ពន្ធមិត្តណាតូ តាមសេចក្តីរាយការណ៍ នៅថ្ងៃចន្ទសប្ដាហ៍នេះ បាននិយាយប្រាប់ថា នៅក្នុងឆ្នាំ២០២០នេះ មានប្រតិបត្តិការស្ទាក់ដំណើរយន្តហោះដែលគេមិនស្គាល់ដល់ទៅជាង៤០០លើក នៅក្នុងដែនអាកាសណាតូ ហើយស្ទើរតែការឆ្លើយតបទាំងអស់ គឺចំពោះយន្តហោះយោធារុស្ស៊ី។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ណាតូបានធ្វើសេចក្តីជូនដំណឹងថា តួលេខនេះ គឺមានការកើនឡើងតិចតួច លើសចំនួនសរុបក្នុងឆ្នាំ២០១៩ និងថា ចំនួន៩០ភាគរយនៃការស្ទាក់ការហោះហើរនោះ មានពាក់ព័ន្ធនឹងយន្តហោះរុស្ស៊ីដែលហោះចូលមកជិត។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងនៅក្នុងថ្ងៃចន្ទនេះ អង្គការណាតូបាននិយាយបន្ថែមថា យន្តហោះរុស្ស៊ីទាំងនោះ មិនបានបញ្ចេញសញ្ញាទាក់ទង ឬក៏ធ្វើទំនាក់ទំនងជាមួយក្រុមត្រួតពិនិត្យអាកាសចរណ៍ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់យន្តហោះស៊ីវិលនានា៕ប្រែសម្រួល៖ប៉ាង កុង