ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដែលកំពុងសាងសង់ នាពេលបច្ចុប្បន្ននេះ និងមិនត្រូវបានផ្អាក បាននឹងកំពុងជួយជំរុញ ឱ្យមានការរីកចំរើន លើវិស័យអចលនទ្រព្យកម្ពុជា នៅក្នុងមួយរយៈចុងក្រោយនេះ បើទោះបីកម្ពុជាកំពុងប្រឈម ទៅនឹងវិបត្តិសេដ្ឋកិច្ចផ្ទួនៗយ៉ាងណាក្តី។
អគ្គនាយកក្រុមហ៊ុ Century 21 Advance លោកឡុង គឹមសួគ៌បានប្រាប់គេហទំព័រ Propertyarea.asia កាលពីចុងសប្តាហ៍មុនថា នៅក្នុងមួយរយៈចុងក្រោយនេះ វិស័យអចលនទ្រព្យមានស្ថានភាពល្អប្រសើរ ដោយសារតែគម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាលមិនត្រូវបានផ្អាក បើទោះបីស្ថិតនៅក្នុងវិបត្តិជំងឺកូវីដ ១៩ ។
លោកថ្លែងថា “យើងសង្កេតឃើញថា គម្រោងធំៗរបស់រាជរដ្ឋាភិបាល ដូចជា ព្រះលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ព្រលាយន្តហោះខេត្តសៀមរាប គម្រោងផ្លូវក្រវ៉ាត់ក្រុង មិនត្រូវបង្អាកដោយជំងឺកូវីដ១៩ នោះទេ” ។
លោកបន្តថា ក្រៅពីនេះដូចជាគម្រោងផ្លូវជាតិលេខ២ គម្រោងស្ថាបនាផ្លូវជាតិលេខ៣ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងគម្រោងអភិវឌ្ឍន៍ជាច្រើនទីតាំងផ្សេងៗទៀតជាដើម មិនត្រូវបានបង្អាក់ ដែលទាំងនេះ នឹងជួយជំរុញឱ្យវិស័យអចលនទ្រព្យ មានការរីកចំរើន ជាពិសេសវិស័យដីធ្លី។
លោកបញ្ជាក់បន្ថែមទៀតថា “អ្វីដែលសំខាន់ជាងនេះ គឺរាជរដ្ឋាភិបាលបានដាក់ចេញនូវយុត្តសាស្ត្រច្បាស់លាស់ និងមានការប្តេជ្ញាចិត្តខ្ពស់ ចំពោះការអភិវឌ្ឍន៍ប្រទេស ឱ្យមានការរីកចំរើន ដូចគម្រោងអភិវឌ្ឍន៍នៅខេត្តព្រះសីនុ គម្រោងអភិវឌ្ឍន៍ទីក្រុងភ្នំពេញ សៀមរាប និងខេត្តកំពត-កែបជាដើម ក៏នឹងជួយឱ្យវិស័យអចលនទ្រព្យរីកចំរើនដែរ” ។
ជាមួយគ្នានេះ លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាក៏បានធ្លាប់ទទួលស្គាល់ដែរថា ទោះស្ថិតនៅក្នុងវិបត្តិប្រឈមទៅនឹងជំងឺកូវីដ ១៩ និងជំនន់ទឹកភ្លៀងនៅក្នុងប្រទេស ក៏វិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា មិនមានការធ្លាក់ចុះមកនៅក្នុងកម្រិតសូន្យនោះទេ ពោះគឺកំពុងមានដំណើរការជាបណ្តើរ។
លោកបណ្ឌិតបន្តថា “វិស័យនេះ ក៏នឹងជួយឱ្យប្រជាពលរដ្ឋទិញបន្ថែមទៀត ដូចជា ផ្ទះល្វែង ខុនដូ និងដីធ្លីក្នុងតម្លៃ ដែលមានការគ្រោងទុក អ៊ីចឹង កាលណាតម្លៃអចលនទ្រព្យ មិនទាន់បានឡើង និងមិនទាន់មានសន្ទុះឡើងលឿន ដោយសារកត្តាបែបនេះ។លោកបន្ថែមថា “ដូច្នេះការទិញលក់អចលនទ្រព្យ នៅក្នុងរដូវកាលនេះ ក៏ជាឱកាសចំណេញនៅថ្ងៃក្រោយផងដែរ” ។
ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានឱ្យដឹងដែរថា វិស័យអចលនទ្រព្យកម្ពុជា បានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង ចាប់តាំពីដើមឆ្នាំ ២០២០នេះ (ការរីករាលដាលនៃជំងឺកូវីដ ១៩ ) តាមរយៈការធ្លាក់ចុះនូវការទិញលក់ ហើយបច្ចុប្បន្ននេះ វិនិយោគិនក្នុងវិស័យអចលនទ្រព្យ មានតែនៅក្នុងស្រុក។
លោកបន្តថា “វិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា នៅតែមានសកម្មភាព ដោយសារមានការគាំទ្រពីអតិថិជននៅក្នុងស្រុក ជាពិសេសដោយសារមានការគាំទ្រ ពីរាជរដ្ឋាភិបាល តាមរយៈគោលនយោបាយដីធ្លី។លោកបន្ថែមថា “ការគាំទ្រពីធនគារនៅក្នុងស្រុក ដោយនៅតែបន្តផ្តល់កម្ចីនៅក្នុងវិស័យអចលនទ្រព្យ ហើយនេះគឺជារឿងល្អ ដែលធ្វើឱ្យវិស័យនេះនៅតែមានភាពល្អប្រសើរ បើទោះបីស្ថិត នៅក្នុងវិបត្តិយ៉ាងណាក៏ដោយ” ៕ ប្រភព៖ https://www.propertyarea.asia/