ភ្នំពេញៈ រដ្ឋាភិបាលចិននឹងជួយដល់ប្រទេសកម្ពុជា ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩កាន់តែរលូន និងរួមចំណែកកាន់តែសំខាន់ ក្នុងការយកឈ្នះសង្គ្រោម ប្រឆាំងនឹងជំងឺកូវីដ-១៩ និងបន្តជួយស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ឱ្យកាន់តែឆាប់រហ័ស។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធាន បានថ្លែងក្នុងឱកាសដែលលោក និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នៅរសៀលថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២១កន្លងមកថា “មិត្តភាពដេកថែបរវាងកម្ពុជា-ចិន ពិតជាមានភាពជ្រាលជ្រៅបំផុត និងបានកត់ត្រាក្នុងប្រវត្តិសាស្ត្រចិន និងកម្ពុជា” ។
ឯកអគ្គរដ្ឋទូតចិនបានឱ្យដឹងថា រដ្ឋាភិបាលចិន ក៏បានបញ្ជូនអ្នកឯកទេសវេជ្ជសា ស្ត្រចំនួន៤រូប មកជួយបណ្តុះបណ្តាល ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចសហប្រតិបត្តិការយោធា ជាពិសេសក្នុងវិស័យវេជ្ជសាស្ត្រ នៃប្រទេសទាំងពីរ ហើយអ្នកជំនាញទាំង៤រូបនេះ ក៏បណ្តុះបណ្តាលពីវិធីសាស្ត្រ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មកក្រុមគ្រូពេទ្យកម្ពុជាផងដែរ។
លោកវ៉ាង វិនធាន បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះបញ្ហាជំងឺកូវីដ-១៩ មិនទាន់បញ្ចប់នៅឡើយទេ ដូច្នេះត្រូវតែបន្តសាមគ្គីគ្នា ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ប្រទេសចិននឹងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅក្នុងវិស័យការពារជំងឺកូវីដ-១៩ ដើម្បីជំរុញវ៉ាក់សាំងចិន ជាផលិតផលសាធារណៈ ធ្វើឱ្យបណ្តាប្រទេសកំពុងអភិឌ្ឍន៍ នឹងប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ ព្រមទាំងជំរុញផ្តល់ឱ្យមានការ គាំទ្រតាមលទ្ធភាពដែលអាចធ្វើទៅបាន ចំពោះប្រទេសដែលត្រូវការវ៉ាក់សាំង និងនាំក្តីសង្ឃឹមមកដល់ប្រទេសកំពុងអភិឌ្ឍន៍ ដែលរងគ្រោះដោយសារជំងឺកូវីដ-១៩ ។
សម្តេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិបាន បង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីទទួលបានបានជូនដំណឹងថា នាពេលដ៏ខ្លីខាងមុខនេះ វ៉ាក់សាំងការពារជំងឺកូវី-១៩ ចំនួន៦០ម៉ឺនដូស ដែលជាជំនួយបន្ទាន់របស់ចិនមកកម្ពុជា នឹងដឹកមកដល់ រាជធានីភ្នំពេញ។ សកម្មភាពទាំងនេះ បានបង្ហាញពីចំណងសាមគ្គីភាព មិត្តភាពពិតរវាងប្រជាជន និងប្រជាជន ប្រទេស និងប្រទេស ហើយនឹងក្លាយជាកេរតំណែលមួយ នៃការកសាងសហគមន៍មួយ វាសនាមួយ ទៅថ្ងៃអនាគត សម្រាប់មនុស្សជាតិ ដែលនឹងត្រូវបន្តទៅរាប់រយពាន់ឆ្នាំ។
សម្តេចបញ្ជាក់ថា មិត្តភាពរាប់ពាន់ឆ្នាំ មានអត្ថន័យយ៉ាងជ្រាលជ្រៅ “ជាមិត្តរួមសុខទុក្ខ ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក» និងជាមិត្តដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ «និយាយតិច ធ្វើច្រើន” ៕ ប្រភព៖ https://www.propertyarea.asia/