រីយ៉ុ៖ ក្រសួងសុខាភិបាលប្រេស៊ីលបានឲ្យដឹងថា ប្រទេសប្រេស៊ីលបានចុះបញ្ជីការឆ្លងមេរោគកូវីដ-១៩ ចំនួន ៥៤,៧៤២ករណី និងចំនួនអ្នកស្លាប់ ១,៣៥១ នាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះដែលនាំឱ្យមានចំនួនសរុប ៩,៧១៣,៩០៩ ករណី និងមានអ្នកស្លាប់ ២៣៦,២០ នាក់ ។
ជាមួយនឹងកំណត់ត្រាទាំងនេះ ប្រទេសនៅអាមេរិកខាងត្បូង បានកត់ត្រាថ្ងៃទី២២ ជាប់ៗគ្នាជាមួយនឹងការស្លាប់ប្រចាំថ្ងៃជាង ១,០០០ នាក់ដែលវិលត្រឡប់ទៅរកតួលេខ អាក្រក់បំផុតពីដំណាក់កាលដំបូងនៃ ការរាតត្បាតក្នុងខែឧសភាដល់ខែកក្កដា ឆ្នាំ២០២០ ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រេស៊ីលលោក Eduardo Pazuello បានប្រាប់គណៈកម្មាធិការព្រឹទ្ធសភាថា ទម្រង់ថ្មីនៃមេរោគឆ្លងកូវីដ -១៩ ដែលត្រូវបានរកឃើញនៅក្នុងអាម៉ាហ្សូន គឺមានការឆ្លងច្រើនជាង ៣ដងបើធៀបនឹងទម្រង់ឆ្លងមុន។
ទន្ទឹមនឹងនេះដែរមនុស្សជាង ៤,៧ លាននាក់បានចាក់វ៉ាក់សាំងចាប់តាំងពីថ្ងៃទី១៧ ខែមករាជាមួយថ្នាំ CoronaVac ដែលជាវ៉ាក់សាំងបង្កើតដោយក្រុមហ៊ុនឱសថចិន Sinovac សហការជាមួយវិទ្យាស្ថាន Butantan នៃទីក្រុង Sao Paulo និងជាមួយវ៉ាក់សាំងដែលបង្កើត ដោយចក្រភពអង់គ្លេស AstraZeneca និងសាកលវិទ្យាល័យ Oxford ។
គួរបញ្ជាក់ថា ប្រទេសប្រេស៊ីលមានចំនួន អ្នកស្លាប់ច្រើនជាងគេលំដាប់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក និងជាចំនួនករណីឆ្លងខ្ពស់បំផុតទី ៣ នៅពីក្រោយសហរដ្ឋអាមេរិក និងឥណ្ឌា៕
ដោយ ឈូក បូរ៉ា