ព័ត៌មានអន្តរជាតិ

ចំណុច ១០យ៉ាងស្រង់ចេញ ពីជីវិតរបស់ ទិនហ្វី ស្ដេចកំប្លែងប្រែខ្លួន ពីក្មេងដាច់យ៉ៃខ្លាំង

តារាសម្ដែង Stephen Chow ឬទិនហ្វី គឺជា​តារាសម្ដែង និង​អ្នក​ផលិតរឿង​ ដែល​បាន​សាង​ស្នាដៃ​ច្រើន ​រាប់ភ្លេច ក្នុង​វិស័យ​ភាពយន្តហុងកុង ។ កេរ្តិ៍ឈ្មោះ​របស់​លោក​ ត្រូវ​បាន​ល្បីខ្ចរខ្ចាយពេញ ​ទ្វីបអាស៊ី​តាំង​តែពី​ឆ្នាំ ១៩៨០ មក​ដល់ពេល​បច្ចុប្បន្ន តាមរយៈ​ភាពយន្ត​ជា​ច្រើន ​ដែល​លោក​បាន​សម្ដែង និង​ផលិតកន្លងមក ។

គ្មានអ្វី​ត្រូវ​បដិសេធទេ ថាទិនហ្វីជា​តារាកំប្លែង ​ដែល​តែង​ផ្ដល់នូវសំណើចដល់មនុស្ស ​គ្រប់គ្នា​ជំនួស​ដោយការកើតទុក្ខ ហើយមែន​ទែនទៅលោក​ក៏ជា​តារាកំប្លែងសំណព្វចិត្ត របស់​មនុស្សជា​ច្រើន​ដែរ កាលពី​ជាង​ ១០-២០ឆ្នាំមុន។ ចូល​ដល់​ជីវិតឯកជន​ អាច​នឹង​ខុសពី​អ្វី ​ដែល​គ្រប់គ្នា​ស្មាន​ ហើយ​បុរស​ម្នាក់​នេះ​ក៏​ត្រូវ​បាន​គេ​ដឹង​ថា​ ជា​មនុស្ស​ម្នាក់​ដែល​ស្ងប់ស្ងាត់ ។ សូម​មក​ដឹង​រឿង​ពិត​ខាងក្រោម​នេះ​ ដើម្បី​ស្គាល់ទិនហ្វីកាន់​តែ​ច្បាស់៖

១. តារាប្រុស​ដែល​កើត​នៅ​ថ្ងៃ​ទី ២២ ខែមិថុនា ឆ្នាំ១៩៦២ ក្នុងទីក្រុងហុងកុង​នេះ​ កើតមក​ដើម្បីក្លាយជា​អ្នកដឹកនាំ និងជាមនុស្ស​ម្នាក់ ​ដែលមាន​ការ​តាំង​ចិត្តខ្ពស់ ។ លោក​តែងសម្រេច​ការងារ​អ្វី​មួយ ​ដោយ​សម្រេច​ចិត្តយ៉ាង​ហ្មត់ចត់ ហើយទាមទារ​សេរីភាព​ មិនចូលចិត្តការរារាំង និង​ក៏មិនចូល​ចិត្តឲ្យអ្នកណា​ម្នាក់មក​រាំងស្ទះ​គោលដៅ ដែល​លោក​ខំ​ប្ដេជ្ញាដែរ។

២. លោកមាន​បងប្អូន ៣នាក់ ស្រី ២ ប្រុសម្នាក់ ហើយលោក គឺជាកូនប្រុសទី២ ។ គ្រួសារ​ដែល​មានសមាជិក​ ៥​នាក់​នេះ​ មាន​ជីវភាពយ៉ាប់យ៉ឺនខ្លាំង ដោយរស់នៅប្រជ្រៀតគ្នា ក្នុង​ខ្ទមតូចមួយ ហើយញ៉ាំបាយជាមួយ​ទឹកស៊ីអ៊ីវស្ទើររាល់ថ្ងៃ។

៣. ពេល​ទិនហ្វីមាន​អាយុ ៧ឆ្នាំ ឪពុកម្ដាយរបស់​លោក ​ក៏​បាន​សម្រេចលែងលះគ្នា ហើយលោកក៏ត្រូវ​ទទួល​ការ ​ចិញ្ចឹមបីបាច់ពីម្ដាយតែឯង។ ដោយសារបន្ទុកធំ​ ត្រូវរែកពន់តែឯង​ ដូចនេះ​ទើប​ម្ដាយ បង្ខំ​ចិត្តធ្វើ​ការ​ដល់ទៅ ៣កន្លែង ហើយក៏ព្រោះ​រវល់ពេក​ មិនសូវមាន​ពេល​មើលថែកូន ទើប​ម្ដាយ​បញ្ជូន​ Stephen និងកូនស្រីម្នាក់​ ឲ្យទៅ​នៅ​ជាមួយ​នឹងជីដូន ។

៤. តាមប្រភពព័ត៌មាន ​ដែល​ចុះ​ផ្សាយ​នាពេល​កន្លងមក​បាន​លើកឡើងថា​ ចាប់តាំងពី​ឪពុកម្ដាយ​លែងគ្នា​មក Stephen ប្រែជា​ក្មេង​ម្នាក់ដែល​លែងសូវនិយាយស្ដីច្រើន ឬ មនុស្ស Introvert។

៥. តាំង​ពីក្មេង​មក​ Stephen គឺជា​អ្នក​គាំទ្រ​ប្ដូរផ្ដាច់​របស់​ Kung Fu និង Bruce Lee ប៉ុន្ត​គ្រួសារលោក​មាន​ជីវភាព​ក្រីក្រ​ពេក ដូចនេះ​គ្មាន​សមត្ថភាព​បញ្ជូន​កូនឲ្យ​ចូលរៀន នៅសាលាគុនអ្វីទេ ហើយជាលទ្ធផល​ Stephen បាន​ត្រឹម​ហាត់​រៀន តាម​ទូរទស្សន៍ប៉ុណ្ណោះ ។ Stephen សម្រេច​ដើរតាម​គន្លងរបស់​រៀមច្បងសិល្បៈ ដោយតាំងចិត្តថា​ ធំឡើងលោក​ចង់​ក្លាយជា​តារាសម្ដែង​ដែរ។

៦. ទោះបី​ម៉ឺងម៉ាត់​ខ្លាំង​បែប​នេះ​មែន​ តែ​ Stephen ក៏ជា​មនុស្ស​មានទំនួល​ខុសត្រួវខ្ពស់ តែង​ការពារ​ និង​ផ្ដល់នូវ​ភាពកក់ក្ដៅ ចំពោះ​មនុស្ស​ដែលលោក​ស្រឡាញ់ ប៉ុន្តែ​អ្វី​ដែល​ចង់​បាន​ត្រឡប់​មក​វិញ​ សុំ​ត្រឹម​តែ​ការគោរព និង​ការ​យកចិត្តទុកដាក់ទេ។

៧. និយាយពីទំនាក់ទំនងស្នេហា​វិញ Stephen បាន​ទាក់ទង​ស្រឡាញ់​ជាមួយ​នឹង​តារាសម្ដែង​ Karen Mok ក្រោយ​រួមការងារ​ជាមួយ​គ្នា​ច្រើន​រឿងមក​ ប៉ុន្តែ​ក៏បាន​បែកគ្នា។ ក្រោយមក​លោកក៏បាន​ទាក់ទងជាមួយ​នឹង​ Yu Wenfeng ហើយស្រឡាញ់គ្នា ​បាន​ ១០ឆ្នាំ ពួកគេ​ក៏សម្រេច​បែកគ្នា​នៅ​ឆ្នាំ ២០១០។ តាំងពីពេល​នោះ​មកដល់ពេល​បច្ចុប្បន្ន Stephen ក៏លែង​លូកលាន់រឿង​ស្នេហាតទៀត ។

៨. ងាកចូល​ភាពយន្ត​ដែល​ Stephen បាន​សម្ដែង​វិញ​ មាន​ច្រើន​ ប៉ុន្តែ​ ៥​រឿង ​ដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​លើក​លោក​ជា «ស្ដេចកំប្លែងហុងកុង» មាន​ដូចជា៖

រឿង «All’s Well, Ends Well» ចេញ​ឆ្នាំ ១៩៩២
រឿង «Hail the Judge» ចេញ​ឆ្នាំ ១៩៩៤
រឿង «from Beijing With Love» ចេញឆ្នាំ ១៩៩៤
រឿង «Out of the Dark» ចេញឆ្នាំ ១៩៩៥
រឿង «King of Comedy» ចេញឆ្នាំ ១៩៩៩
៩. បើតាម​វិបសាយ​ Wealthy Genius បាន​ឲ្យ​ដឹង​ថា​ទ្រព្យសរុប​របស់ Stephen គិត​ត្រឹម​ឆ្នាំ ២០២១​នេះ​ មាន​ចំនួន​ ៣៥លានដុល្លារ។ ដោយ​ចំណូល​ទាំង​នេះ​ខ្លះ​បាន​ពី​ការវិនិយោគ ក្នុង​វិស័យអចលនទ្រព្យ ក៏ដូចជា​ភាពយន្ត​ទាំងឡាយ​ដែល​លោក​បាន​សម្ដែង​ និង​ផលិតកន្លងមក។

១០. ស្នាដៃការងារក្នុង​វិស័យភាពយន្ត៖

ក្នុងនាម​ជា​តារាសម្ដែង Stephen សម្ដែង​បាន ៥៨រឿង (គិតចាប់ពីឆ្នាំ ១៩៨៨ ដល់ ២០០៨)
ក្នុងនាម​ជា​អ្នកដឹកនាំរឿង Stephen ដឹកនាំបាន ១២រឿង (គិតចាប់ពីឆ្នាំ ១៩៩៣ ដល់ ២០១៩)
ក្នុងនាមជា​ផលិតកររឿង Stephen ផលិតបាន ៧រឿង (គិតចាប់ពីឆ្នាំ ២០០៨ ដល់ ២០១៩)៕
sabay

Most Popular

To Top