ភ្នំពេញ៖ ក្រោយមានទូកនេសាទ១គ្រឿង បានលិចនៅចំណុច ជិតកោះព្រីង តែសំណាង ត្រូវបានប្រជានេសាទដូចគ្នា ជួយស្រង់ នឹងបានអូសទូក មកក្បែរកោះរ៉ុង ដោយដឹងថា ប្រជានេសាទទាំងនោះ អស់អាហារ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី. ស្ពីដបូត កម្ពុជា (G.T.V.C, Speed Boat Cambodia) និង ជាសមាជិកក្រុមការងារ យុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនក្រុមការងារ នឹងអូប័រល្បឿនលឿន ១គ្រឿង របស់លោក ដោយនាំយកស្បៀងអាហារ មានដូចជាបាយ មី ទឹកសុទ្ធ ទឹកក្រូច រួមជាមួយ ប្រេង និង ថវិកា ទៅជូនប្រជានេសាទ ដែលលិចទូក ហើយដាច់អាហារ នៅចំនុចក្បែរកោះរ៉ុង។

បើតាមអ្នកបើកទូកនេសាទ បានប្រាប់ឲ្យដឹងថា ទូកនេសាទរបស់ខ្លួនលិច ដោយសារ ប្រេះទូកហើយទឹកចូលក៏លិច នៅក្បែរកោះព្រីង ភ្លាមៗបានប្រជានេសាទដូចគ្នា ជួយស្រង់និងអូសទូក យកមកក្បែរកោះរ៉ុង ហើយដាច់អាហារ ទើបបានទាក់ទង សុំជំនួយពីលោកឧកញ៉ា ទៀ វិចិត្រ ។ ភ្លាមៗលោកឧកញ៉ា ក៏បានបញ្ជូនក្រុមការងារ នាំយកស្បៀងអាហារ ប្រេង និង ថវិកា មកជួយសង្គ្រោះទាន់ពេលវេលា ។
ក្រោយពីទទួលបាន ការឧបត្ថម្ភគាំទ្រ ពីលោកឧកញ៉ា ហើយនោះ ប្រជានេសាទខាងលើ បានថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ ដែលបាននាំជំនួយ មកជួយទាន់ពេលវេលា ពេលគាត់ជួបគ្រោះអាសន្ន៕




















