ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងជាអគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី. ស្ពីដបូត កម្ពុជា (G.T.V.C, Speed Boat Cambodia) នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ បានចាត់ក្រុមការងារ បន្តនាំយកម្ហូបអាហារ ផ្លែឈើ និងទឹកបរិសុទ្ធ សម្រាប់ថ្ងៃទី៨ ឧបត្ថម្ភ ដល់ក្រុមការងារជួរមុខ របស់រដ្ឋបាលខេត្ត ដែលកំពុងប្រចាំការ នៅតាមមណ្ឌលចត្តាឡីស័ក កន្លែងចាក់វ៉ាក់សាំងបង្ការ ជំងឺកូវី-១៩ និងកន្លែងព្យាបាល អ្នកជំងឺកូវីដ-១៩ នៅក្នុងក្រុងព្រះសីហនុ សរុបជាង ១០០០នាក់ ។

ក្នុងនោះដែរ ក្រុមការងារទី៣១ ប្រចាំការគោលដៅសណ្ឋាគារ យៀកឡាយជីវទៀន និងធនាគារ រួយលី បានសម្តែងការត្រេកអរ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តរបស់ លោក ឧកញ៉ា ទៀ វិចិត្រ (G.T.V.C) ដែលបានឧបត្ថម្ភ បាយ២១កញ្ចប់ ទឹកសុទ្ធមួយកេស ផ្លែឈើ២ថង់ ជារៀងរាល់ថ្ងៃ ដល់ក្រុមការងារទី៣១ ក្នុងពេលប្រចាំការ តាមគោលដៅធ្វើចត្តាឡីស័ក ។
ឱ សារឿន ប្រធានក្រុមគោលដៅ បានលើឡើងថា “ជំនួសមុខឲ្យក្រុមការងារទាំងអស់ ខ្ញុំបាទសូមគោរព ថ្លែងអំណរគុណ លោកឧកញ៉ា លោក លោកស្រី សមាជិក សមាជិការ ម្ចាស់ក្រុមហ៊ុនទាំងអស់ ជួបតែសេចក្តីសុខ មានសុខភាព ល្អបរិបូរណ៍ អាយុយឺនយូរ អាជីវកម្មឈានមុខ និងទទួលបានជោគជ័យ គ្រប់ភារកិច្ច” ៕














