ភ្នំពេញៈ រយៈពេលបីឆ្នាំចុងក្រោយនេះ តម្លៃដីជាប់ផ្លូវជាតិលេខ៥១បានកើនឡើងក្នុងកម្រិត១គុណនឹង១០ឬលើសពីនេះ ដោយសារតែផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល និងវិស័យឯកជន។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍មុនថា តម្លៃដីនៅតាមបណ្តោយផ្លូវជាតិលេខ៥១ ពិតជាមានការកើនឡើងខ្ពស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបច្ចុប្បន្នតម្លៃដីនៅលើផ្លូវនេះ មានតម្លៃចន្លោះពី៩០ ទៅជាង៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលតម្លៃនេះមានភាពប្រែប្រួលអាស្រ័យលើទីតាំង តំបន់ទីប្រជុំជននិងតំបន់មិនសូវមានមនុស្សរស់នៅ។
លោកបន្តថា “ការកើនតម្លៃដីធ្លីនៅតំបន់នេះ ដោយសារផែនការអភិវឌ្ឍរបស់រដ្ឋាភិបាល ពិសេសលំហូរចូលរបស់់ផ្នែកឯកជន ដែលវិនិយោគរោងចក្រ សហគ្រាសនិងលំនៅដ្ឋាននៅតំបន់នេះ” ។
លោកសុខនីមបានបន្តថា ចំណែកផ្លូវខាងក្នុងៗ ជាប្រភេពផ្លូវលំនិងមានចម្ងាយពីរឬបីគីឡូម៉ែត្រពីផ្លូវជាតិលេខ៥១ ក៏មានតម្លៃចន្លោះពី៤០ ទៅ៦០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េផងដែរ។
ប៉ុន្តែនៅពេលសួរថាតើតំបន់នេះ នឹងមានការកើនឡើងតម្លៃដីធ្លីបន្ថែមទៀតឬយ៉ាងណា លោកច្រឹក សុខនីមបានថ្លែងថា ការកើនឡើងតម្លៃខ្ពស់នាពេលនេះ តំបន់ខ្លះបានកើលតម្លៃរួចទៅហើយ ប៉ុន្តែតំបន់ខ្លះនៅមានលទ្ឋភាព ឡើងថ្លៃបន្ថែមទៀត នាពេលអនាគត អាស្រ័យលើការរីកចម្រើនសេដ្ឋកិច្ច ការដាក់ចេញផែនការ អភិវឌ្ឍរបស់រដ្ឋាភិបាល និងការវិនិយោគពីវិស័យឯកជន។
ក្នុងដើមត្រីមាសទី១ឆ្នាំនេះ ខេត្តដែលមានសកម្មភាពដោះដូរដីធ្លីច្រើនជាងគេ គឺស្ថិតក្នុងខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល កំពង់ស្ពឺ កំពត មណ្ឌលគិរី និងផ្នែកខ្លះនៃខេត្តសៀមរាប។
ទោះជាយ៉ាងណាវិបត្តិជំងឺកូវីដ ដែលរាលដាលពីព្រឹត្តិការណ៍២០កុម្ភៈកន្លងមកនេះ បានធ្វើឲ្យតម្លៃដីធ្លីស្ថិតក្នុងសភាពទ្រឹងផងដែរ ដោយតម្លៃមិនហក់ឡើងនោះទេ ប៉ុន្តែក៏មិនចុះថ្លៃគំហុកនោះទេ ការចុះតម្លៃខ្លះអាស្រ័យលើស្ថានភាព របស់ម្ចាស់អចលនទ្រព្យនិមួយៗប៉ុណ្ណោះ។
ជាមួយគ្នានេះ លោកស្រីអាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ថា តម្លៃដីធ្លីបានថមថយប្រមាណ៣០ភាគរយ សម្រាប់ម្ចាស់អចលនទ្រព្យដែលមានបញ្ហាបំណុល ហើយព្យាយាមបង្ខំលក់ចេញ។
លោកស្រីបន្តថា “ក្នុងស្ថានភាពវិបត្តិបែបនេះ អ្នកមានធនធានច្រើនកំពុងប្រមូលទិញ ព្រោះវាជាពេល ដែលជ្រើសរើសអចលនទ្រព្យបានល្អ និងតម្លៃសមរម្យ” ៕ ប្រភព៖ https://www.propertyarea.asia/