ភ្នំពេញៈ អចលនវត្ថុ ដែលកំពុងតែមានសកម្មភាព និងដំណើរការទូទាំងប្រទេសកម្ពុជា នៅពេលបច្ចុប្បន្ន ត្រូវបានគេបែងចែកចេញជាប្រភេទផ្សេងៗពីគ្នា ដោយក្នុងនោះ ហើយប្រភេទនីមួយៗ នៅតែមានតម្រូវការជាក់ស្ដែង បើទោះជាស្ថិតនៅក្នុងស្ថានភាព ដែលកំពុងរាតត្បាតដោយជំងឺឆ្លងក៏ដោយ។
អ្នកជំនាញ នៅក្នុងវិស័យអចលនទ្រព្យកម្ពុជា លោក វ៉ា វីរៈ អគ្គនាយកក្រុមហ៊ុន Century21 Fortuna Investment បានមានប្រសាសន៍ឱ្យដឹង នៅថ្ងៃដើមសប្ដាហ៍នេះថា អចលនវត្ថុដែលកំពុងមានសកម្មភាព នៅលើទីផ្សារកម្ពុជា នាពេលបច្ចុប្បន្ន ត្រូវបានគេបែងចែកចេញជា៦ប្រភេទផ្សេងៗពីគ្នា ហើយសម្រាប់តម្រូវការ និងតម្លៃដែលត្រូវបានដាក់លក់ ជួល នៅលើទីផ្សារ ក៏មានកម្រិតខុសគ្នាផងដែរ។
លោកបានពន្យល់ថា “អចលនវត្ថុទាំង៦ប្រភេទ ដែលត្រូវបានបែងចែក ដូចការលើកឡើងខាងលើនេះរួមមានដូចជា ទី១ អចលនវត្ថុបម្រើផ្នែកលំនៅដ្ឋាន សម្រាប់ស្នាក់នៅ ទី២ អចលនវត្ថុបម្រើផ្នែកលំនៅដ្ឋាន ឬផ្ទះអាជីវកម្ម ទី៣ អចលនវត្ថុបម្រើផ្នែកទីតាំងជួល ឬលក់រាយ ទី៤ អចលនវត្ថុបម្រើផ្នែកឧស្សាហកម្ម ទី៥ អចលនវត្ថុបម្រើផ្នែកកសិកម្ម និងទី៦ អចលនវត្ថុបម្រើផ្នែកសេវាកម្មផ្សេងៗ ដូចជាការិយាល័យជួល និងទេសចរណ៍។
-ទី១ អចលនវត្ថុបម្រើផ្នែកលំនៅដ្ឋាន សម្រាប់ស្នាក់នៅ
អចលនវត្ថុប្រភេទនេះ គឺមានតម្រូវការច្រើនជាងគេ នាពេលបច្ចុប្បន្ន ហើយនឹងនៅបន្តទៅថ្ងៃខាងមុខទៀត ខណៈដែលតម្រូវការទីផ្សារនៅមាន ក្នុងកម្រិតខ្ពស់សម្រាប់ប្រជាជនកម្ពុជា។ អចលនវត្ថុប្រភេទនេះ រួមមានផ្ទះល្វែង ផ្ទះវីឡា ដែលស្ថិតនៅជាន់ផ្ទាល់ដី ក៏ដូចជាផ្ទះសហកម្មសិទ្ធិ ឬជាប្រភេទខុនដូ។
-ទី២ អចលនវត្ថុបម្រើផ្នែកលំនៅដ្ឋាន ឬផ្ទះអាជីវកម្ម
សម្រាប់អចលនវត្ថុប្រភេទនេះ គឺមានតម្លៃថ្លៃ និងច្រើនស្ថិតនៅជាប់ផ្លូវធំ ជួរមុខ ដែលក្រៅពីសម្រាប់ស្នាក់នៅ ក៏មានភាពងាយស្រួល ក្នុងការប្រកបអាជីវកម្មផ្សេងៗ មិនជាការបើហាងអាហារដ្ឋាន ហាងកាហ្វេ ឬជាអាជីវកម្មប្រចាំគ្រួសារ ជាច្រើនប្រភេទទៀត។
-ទី៣ អចលនវត្ថុបម្រើផ្នែកទីតាំងជួល ឬលក់រាយ
អចលនវត្ថុប្រភេទនេះ គឺបម្រើដល់ការជួល ឬទីតាំងលក់រាយនៅក្នុង Super Market, Mall , Shopping Mall ឬ Mart ជាដើម។
-ទី៤ អចលនវត្ថុបម្រើផ្នែកឧស្សាហកម្ម
សម្រាប់បម្រើជាទីតាំងសាងសង់រោងចក្រ សហគ្រាស ឃ្លាំង ជាពិសេសតំបន់សេដ្ឋកិច្ចពិសេស ដែលស្ថិតនៅក្នុងវិស័យឧស្សាហកម្ម។
-ទី៥ អចលនវត្ថុបម្រើផ្នែកកសិកម្ម
សម្រាប់បម្រើដល់ការដាំដុះ ការបង្កបង្កើនផល អាចប្រភេទកសិដ្ឋានលក្ខណៈគ្រួសារ ឬសហគមន៍ ក៏ដូចជាកសិដ្ឋានកម្រិតខ្ពស់សម្រាប់ធ្វើការនាំចេញ។
-ទី៦ អចលនវត្ថុបម្រើផ្នែកសេវាកម្មផ្សេងៗ
អចលនវត្ថុប្រភេទនេះ រួមមានដូចជាការិយាល័យជួល សណ្ឋាគារដែលបម្រើផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍ ក៏ដូចជាតំបន់អភិវឌ្ឍជាមជ្ឈមណ្ឌលកម្សាន្តជាដើម។
គ្រប់ប្រភេទអចលនវត្ថុទាំងអស់ ដូចបានរៀបរាប់ខាងលើនេះ បច្ចុប្បន្នគឺសុទ្ធតែមានសកម្មភាព និងតម្រូវការទីផ្សារទាំងអស់ ហើយមានកម្រិតតម្លៃផ្សេងៗពីគ្នា អាស្រ័យទៅតាមទីតាំង និងភាពមានតម្រូវការចាំបាច់ជាក់ស្ដែង៕ ប្រភព៖ https://www.propertyarea.asia/