ភ្នំពេញៈ រាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តរោងចក្រអគ្គិសនី មានកម្លាំង ៧០០មេហ្គាវ៉ាត់ ជាមួយទុនវិនិយោគ ១.៣០០លានដុល្លារនៅខេត្តព្រះសីហនុ ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ CDC នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ។
CDC បានឱ្យដឹងថា ក្រុមហ៊ុន Huadian Sihanoukville Power Generation បង្កើតរោងចក្រផលិតថាមពលអគ្គិសនី ប្រើដោយធ្យូងថ្មអានុភាព ៧០០មេហ្កាវ៉ាត់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុទី១ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ១២៨៣លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន៥២០កន្លែង។

យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា រោងចក្រអគ្គិសនីមានកម្លាំង ៧០០មេហ្គាវ៉ាត់នេះ គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Cambodia International Investment Development Group (CIIDG) ជាមួយនឹងក្រុមហ៊ុន Huadian Sihanoukville Power Generation Co., Ltd។
គម្រោងនេះនឹងសាងសង់លើ ផ្ទៃដី ៥៤,៩ហិកតាក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២២ ។
តាមផែនការគម្រោងនេះ នឹងធ្វើឡើងជា២ដំណាក់កាល ដោយដំណាក់កាលនីមួយៗ មានកម្លាំង៣៥០មេហ្គាវ៉ាត់។ ដំណាក់កាលទី១រំពឹងថា អាចនឹងដាក់បញ្ចូលក្នុងបណ្តាញជាតិនាឆ្នាំ២០២៣ និងដំណាក់កាលទី២ នឹងត្រូវដាក់បញ្ចូលនៅឆ្នាំបន្ទាប់។
បច្ចុប្បន្នក្រុមហ៊ុន CIIDG បាននិងកំពុងដំណើរការ រោងចក្រថាមពលដើរដោយធ្យូងថ្មទី១ ដែលមានតម្លៃ៣៨៣លានដុល្លារ និងមានអានុភាព២៧០ មេហ្គាវ៉ាត់នៅខេត្តព្រះសីហនុផងដែរ។ នៅក្នុងគម្រោងនេះក្រុមហ៊ុន មានការបែងចែកជា២ ដំណាក់កាលផងដែរ ដោយដំណាក់កាលទី២ ដែលមានកម្លាំង១៣៥ មេហ្គាវ៉ាត់ នឹងបើកដំណើរការនៅឆ្នាំ២០២១នេះ៕ ប្រភព៖ https://www.propertyarea.asia/
