ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ ១គ្រឿង របស់ក្រុមហ៊ុន G.T.V.C ទៅទទួលយកស្ត្រី ជាប្រពលរដ្ឋម្នាក់ទៀត រស់នៅក្រុងកោះរ៉ុង ដែលមានជំងឺ ធ្លាក់ឈាមធ្ងន់ធ្ងរ ត្រូវការសង្គ្រោះបន្ទាន់ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត ។
ឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្ត្រីរងគ្រោះជាស្ត្រី មានជំងឺរោគស្រ្តី និងថាការធ្លាក់ឈាមធ្ងន់ធ្ងរនេះ កើតឡើងក្រោយស្ត្រីរងគ្រោះធ្វើការ រួចក៏រអិលដួល។ សកម្មភាពជួយដឹកជញ្ជូន ស្ត្រីរងគ្រោះមកមន្ទីរពេទ្យ បង្អែកខេត្ត ធ្វើឡើង នៅរសៀលថៃ្ងទី១២ ខែមេសា ឆ្នាំ២០២១ ក្រោយពីទទួលដំណឹងនេះភ្លាមៗ ។ ស្រ្តីរងគ្រោះមាន ឈ្មោះ ឌី វុទ្ធី អាយុ៣៩ឆ្នាំ មានប្តីឈ្មោះ ស៊ុន សុខហេង អាយុ៣៩ បច្ចុប្បន្នរស់នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ របស់ ក្រុមហ៊ុន GTVC មកកាន់ផែ នៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងដឹកតាមរថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ។
ជាមួយគ្នានោះដែរ កាលពីថ្ងៃទី១១ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានចាត់ឲ្យក្រុមការងារ ចេញអូប័រល្បឿនលឿនរបស់ខ្លួន ទៅជួយអន្តរាគមន៍ ទូកនេសាទមួយគ្រឿង ឆេះនៅលើសមុទ្រ ខេត្តព្រះសីហនុ ដោយសារផ្ទុះកំប៉ុងហ្គាសផងដែរ ។
ក្រុមការងារសង្គ្រោះ និងអូប័រល្បឿនលឿន ចំនួន២គ្រឿង របស់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានចុះជួយជនរងគ្រោះ ដោយសារអគ្គីភ័យឆេះ ទូកនេសាទ សន្ទូចរនង មួយគ្រឿង កាលពីល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៦និង៣០នាទី ល្ងាច នៅក្នុងលម្ហសមុទ្រ ត្រង់ចំណុចខាងក្រៅ ពយភ្លើងស៊ីញ៉ូប្រហែល៥ម៉ៃ ស្ថិតនៅភូមិកោះ រ៉ុងសន្លឹម សង្កាត់កោះរ៉ុង សន្លឹម ក្រុងកោះរ៉ុង ។
តាមការបញ្ជាក់ពីជនរងគ្រោះ ជាម្ចាស់ទូកដែលឆេះ បានឲ្យដឹងថា ទូកនេសាទ ដែលឆេះនេះ មានមនុស្ស តែម្នាក់គត់ ដោយកម្មករទូក៣នាក់ទៀត បានឡើងទៅគោក តាំងពីព្រឹក ហើយ ទូករបស់គាត់ ជាទូកឈើនេសាទ (បេអឺអូសបាល់)។
ជនរងគ្រោះ មានឈ្មោះ គង់ សុខខែម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនេសាទ នឹងមានទីលំនៅភូមិកំពង់នង់ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ។ តាមការបញ្ជាក់ មូលហេតុដែលបណ្តាលអោយ ឆេះទូកនេសាទខាងលើនេះ គឺបណ្តាលមកពី ផ្ទុះកំប៉ុងហ្គាស។ ជនរងគ្រោះមិនគ្រោះថ្នាក់ រឺរងរបួសអ្វីឡើយ គ្រាន់តែខូចខាតសម្ភារ រួមមាន: ទូកប្រភេទបេអឺ ពណ៌ត្រួយចេក ប្រវែងបណ្តោយ១៦.៧ម៉ែត្រ ទទឹងប្រវែង៤.៩ម៉ែត្រ មួយគ្រឿង , ម៉ាស៊ីនម៉ាក Hino កម្លាំង៣១៥សេស និងឧបករណ៍ នេសាទមួយចំនួនធំ ។
បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានក្រុមការងារ សង្រ្គោះរបស់ លោកឧកញ៉ា ទៀ វិចិត្រ ជួយសង្គ្រោះ នឹងបានបញ្ជូនតាមអូបរ័ល្បឿនលឿន ចំនួន២គ្រឿង ដឹកមកកាន់ខេត្តព្រះសីហនុ ដោយសុវត្ថិភាព ក្នុងនោះលោកឧកញ៉ា ក៏បានឧបត្ថម្ភថវិកា ដល់ម្ចាស់ទូក ចំនួន៤០ម៉ឺនរៀលផងដែរ៕