ព្រឹត្តិការណ៍

ជាង១០០ឆ្នាំមុន ស្ដេច​សៀម ​ធ្លាប់​ចង់​គាស់​អង្គរវត្ត ​យក​ទៅ​សង់​នៅ​បាងកក​ តែ​ត្រូវ​បរាជ័យ​ ដោយសារ​ខ្មែរ ​ក្រោក​ប្រឆាំង

រម្លឹក​ដល់​គ្រា ​នគរ​ខ្មែរ​ចុះ​ខ្សោយ​ ហើយ​សៀម​ ​បាន​គ្រប់គ្រង​កាល​ពី​ឆ្នាំ​១៨៦០ ​ដោយសេចក្តីស្ងប់​ស្ងែង ​និង​ពេញព្រះរាជហឫទ័យយ៉ាង​ខ្លាំងចំពោះបុរាណស្ថាន និងស្ថាបត្យកម្មខ្មែរ ព្រះចៅរាមាទី៤ ព្រះនាមម្កុដ ​របស់​សៀម​ធ្លាប់​បានត្រាស់បង្គាប់ ឲ្យអ្នករាជការព្រះអង្គ ដែលមានឈ្មោះថា សុវណ្ណវិសាល, ជុំជាតិ វិជ្ជា ចេញដំណើរ​ទៅ​ជ្រើសរើសប្រាសាទ ណាមួយ​វិសេសវិសាល​​ អាចនឹងរើ​ យកមកក្រុងទេពបុរី ​បាន​ដើម្បីទុកជាកិត្តិយសម្រាប់​រជ្ជកាល​ព្រះអង្គ ដែលបាន​​ត្រួតត្រា​នគរខ្មែរ​ ។

បន្ទាប់មកព្រះអង្គចេញ រាជបញ្ជាឲ្យកេណ្ឌប្រជាជនពីភ្នំស្រុក បាត់ដំបង និងសៀមរាប បានចំនួន​មនុស្ស ​២០០០​នាក់ ហើយចែកជា៤ក្រុម ដើម្បីទៅគាស់ថ្មប្រាសាទ ។ ក្រោយពីបានធ្វើព្រះពិធីបួងសួង រួចហើយ នៅថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ១៨៦០ ក៏ស្រាប់តែមានប្រជាជនខ្មែរ ប្រហែលជា៣០០នាក់ ដែលមាន​កំហឹង​ជាមួយពួកបំផ្លាញប្រាសាទខ្មែរ ចេញមកពីព្រៃ ធ្វើគតព្រះសុវណ្ណវិសាល និង កូនរបស់លោក ព្រមទាំងបក្ស​ពួកជា​ច្រើន​ទៀត ដែលដឹកនាំការគាស់ថ្ម ប្រាសាទស្លាប់គ្មានសល់ ។

ក្រោយមកព្រះអង្គរាមាទី៤ ទ្រង់ព្រះតំរិៈថា ប្រាសាទធំៗទាំងឡាយ ដែលព្រះរាជាខ្មែរតាំង ពីសម័យបុរាណ ​បាន កសាងទុកជាកិត្តិយស ក្នុងរាជព្រះអង្គហើយប្រាសាទទាំងនោះធំៗណាស់ មិនអាចដឹកជញ្ជូនមកបាងកក ដោយងាយស្រួលដែរ ។ ព្រះអង្គក៏បោះបង់គំនិត យកប្រាសាទ ពីស្រុកខ្មែរទៅតមក រហូតដល់ឆ្នាំ១៨៦៧ មុន​ព្រះអង្គ​សោយទីវង្គតមួយឆ្នាំ ព្រះអង្គនៅតែចេញរាជបញ្ជា ឲ្យស្ថាបត្យករ​របស់​ព្រះអង្គមកគូរ​រូបប្រាសាទ​អង្គរវត្ត​ហើយ​ទៅធ្វើនៅក្នុងបរិវេណវត្ត ព្រះស្រីរតនសាស្តារាម ឬវត្តព្រះកែវ ។

ស្ថាបត្យករ​រូបនេះចេញដំណើរ ពីបាងកកនៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ១៨៦៧ និងត្រឡប់ទៅបាងកក​វិញ នៅ​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៨៦៧។ ប្រាសាទអង្គរវត្តចម្លង​ត្រូវបានសង់រួចរាល់ នៅក្នុងរជ្ជកាល​ព្រះចៅ​ចុល្លាឡុងកន រាមាទី៥ ក្នុងពេលដែលក្រុងទេពបុរីគ្រប់អាយុ ១០០ ឆ្នាំនៅឆ្នាំ១៨៨២ ដូច្នេះ​ទើប​គេ​ឃើញ​មាន​ប្រាសាទ​អង្គរ​វត្ត​តូច​មួយ​ ក្នុង​រាជវាំង​ថៃ ​នា​ក្រុង​បាងកក ​រហូត​ដល់​សព្វថ្ងៃ​ ៕ sabay

(ឯកសារពិគ្រោះ – ណាខនវាត់ ថាត់សណៈខ្មេន ​អង្គរវត្តក្នុងទស្សនៈខ្មែរ​ និពន្ធដោយលោក សន្តិភក្តីខាំ រោងពុម្ពមតិជនទំពរ័ ១៨៣ ដល់ ១៩០ និង​ដកស្រង់​ដោយ​ វប្បធម៌ខ្មែរ Khmer culture)

Most Popular

To Top