ព្រឹត្តិការណ៍

វិភាគ៖ កត្តាលីករសំខាន់ៗ ចំនួន៩ កំពុងក្លាយជា​ ដែកឆក់មួយ ទាញអ្នកវិនិយោគចិន ចូលមកកម្ពុជា សារជាថ្មី

ភ្នំពេញៈ ពេលវេលាបានដើរទៅមុខ តែពេលវេលានៃទំនាក់ទំនង រវាងមហាមិត្តចិន និងកម្ពុជា មិនមែនជារឿងយប់យន់ សុបិនច្រើននោះទេ ផ្ទុយពីនេះវាបាននិងកំពុងធ្វើឲ្យកម្ពុជា ចិនខិតចូលគ្នាកាន់តែកៀក និងមិនអាចខ្វះគ្នាបាន។

សមាណចិត្តដ៏កម្រ
ការឈានជើងចូលទឹកដីចិន អំឡុងពេលមិត្តចិនរត់ចោល ចិន ប៉ុន្តែសម្តេចតេជោបានអញ្ជើញ ទស្សនកិច្ចប្រទេសចិន ដ៏គួរឲ្យភ្ញាក់ផ្អើល បានធ្វើឲ្យពិភពលោក និងមេដឹក​នាំចិនបើកភ្នែកធំៗ បន្ទាប់ពីមើលឃើញ សន្តានចិត្តដ៏ស្មោះត្រង់ មោះមុត ជួយគ្នាក្នុងគ្រាលំបាករបស់កម្ពុជា ជាមួយនឹងមិត្តដូចដែកថែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន ជាប្រវត្តិ​សាស្រ្តនេះ។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ថា “កម្ពុជា ជាប្រទេសតូច ក្រីក្រ ប៉ុន្តែបេះដូងធំ និងមិនក្រទឹកចិត្តឡើយ”។

ជាមួយគ្នានេះ កាលពីពេលថ្មីៗសម្តេចតេជោ បានលើកឡើងក្នុងវេទិកា “ចក្ខុវិស័យអាស៊ី” ដែលបានរៀបចំដោយ សារព៌តមាននិកិដ៏ធំមួយ របស់ជប៉ុនថា “បើមិនឲ្យស ម្តេចពឹងចិន តើឲ្យសម្តេចពឹងអ្នកណា ព្រោះកុំតែបានមិត្តចិន កម្ពុជា នឹងមិនមានវ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋខ្មែរនោះទេ”។

តាមរយៈសមាណចិត្ត និងទំនាក់ទំនងកាទូតដ៏ប៉ិនប្រសព្វ របស់សម្តេចតេជោ កម្ពុជានឹងទទូលបានវ៉ាក់សាំង ដែលផ្តល់ជូនពីមិត្តចិន ដោយឥតគិតថ្លៃ និងជាការបញ្ជាទិញផង គ្រប់២០លានដូស នៅខែសីហាខាងមុខនេះ ដើម្បីចាក់ជូនពលរដ្ឋកម្ពុជា ២០លាននាក់។

កាដូដ៏ធំពីមិត្តចិន
ជាការអបអរសាទរទំនាក់ទំបងកាទូត ដែលបានសាងឡើង យ៉ាងវែងអន្លាយ ជួន​កាលដើរលើផ្លូវរលាក់ផង ជួនកាលដើរលើផ្លូវរលូនផង ទំនាក់ទំនងមិត្តភាពកម្ពុជាចិន បានចាប់ផ្តើមផ្លាស់ប្តូរព៌ណ ដោយរដ្ឋាភិបាលប្រទេសទាំងពីរ បានបង្កើនទំនាក់ទំនងពីទ្វេរភាគី មកជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០១០ ជាពេលដែលលំហូរវិនិយោគ​ចិនចូលមកកម្ពុជា ដូចទឹកបាក់ទំនប់។

“ការកសាងសហគមន៍ពីរ វាសនាតែមួយ” ជាទិសស្លោកដែលបានបង្កើតឡើង ដោយសម្តេចតេជោ និងប្រធានាធិបតីស៊ី ជីនពីងបាននិងកំពុង ធ្វើឲ្យកម្ពុជាចិន ក្លាយជាបងប្អូន និងភាពមិនអាចកាត់ផ្តាច់ពីគ្នាបាន។
ជាមួយនឹងសារច្បាស់លាស់ ក្នុងអំឡុងដំណើរទស្សនកិច្ច មកកាន់កម្ពុជានៅឆ្នាំ២០១៦ ប្រធានាធិបតីចិន លោកស៊ី ជិនពីងបានផ្ញើរសារជូនប្រជាជាតិកម្ពុជា យ៉ាងច្បាស់លាស់ថា “ចិននឹងបន្តជួយជម្រុញ ការរីកចម្រើនសេដ្ឋកិច្ចសង្គម កម្ពុជា និងចូលរួមការពារ បូរណៈភាពទឹកដីកម្ពុជា”។

ជាមួយនឹងទំនាក់ទំនង កាន់តែល្អប្រសើរ និងរ៉ឹងមាំដូចដែកថែបនេះ ជាលទ្ឋផល​រដ្ឋាភិបាលចិន និងកម្ពុជាបានចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី នៅចុងឆ្នាំ២០២១ និងបានចូលជាធរមាន នៅចុងឆ្នាំ២០២១ ដែលជាអំណោយដ៏ធំមួយ ជួយសម្រុញកំនើនសេដ្ឋកិច្ច ឲ្យរ៉ឹងមាំ និងធំធាត់កាន់តែខ្លាំង ជាមួយនឹងលំហូរទំនិញ កាន់តែច្រើនពីកម្ពុជា ទៅកាន់ប្រទេសចិន។

អ្នកជំនាញផ្នែកសេដ្ឋកិច្ចកម្ពុជា និងជាអនុប្រធាន សភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ថា ការសម្រេចបាន នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន និងកម្ពុជា នឹងធ្វើឲ្យកម្ពុជាអាចពង្រីក ទំហំពាណិជ្ជកម្ម កាន់តែធំជាមួយប្រទេសចិន ពិសេសកម្ពុជា នឹងអាចទាក់ទាញអ្នកវិនិយោគចិន អាមេរិក អឺរ៉ុបកាន់តែច្រើន ដើម្បីមកផលិតទំនិញ នាំទៅកាន់ទីផ្សាររបស់ចិន ដោយរួចពន្ឋ។

លោកបន្តថា “បើសិនជាកម្ពុជាធ្វើបានល្អ កម្ពុជានឹងក្លាយជាមូលដ្ឋានផលិតដ៏ធំ ដើម្បីនាំចេញទៅកាន់ទីផ្សារ អាស៊ានផងដែរ”។

សន្សើមប្តូររដូវ
ដំណក់ព្រិលនារដូវផ្ការីក បានធ្វើឲ្យសករាជចិន នាសតវត្សរ៍២១ បានផ្លាស់ប្តូរយ៉ាង​សម្បើម មហាយក្សចិនបានងើបឡើង ដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក​នេះ បន្ទាប់ពីកំនើនសេដ្ឋកិច្ច ដ៏ខ្លាំងក្លារបស់ខ្លួន ដោយបានធ្វើឲ្យរចនាសម្ព័ន្ឋសង្គម នយោបាយ យោធារបស់ចិន បានផ្លាស់ប្តូរ និងបានដំឡើងខ្លួនពីយក្ស ដែលធ្លាប់ដេកលង់លក់ មកជាយក្សដែលមានអំណាច និងឥទ្ឋិពលពេញលេញ ក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។

ប៉ុន្តែទោះជាយ៉ាងណា ការរីកចម្រើនសេដ្ឋកិច្ចរបស់ចិន និងការបែងចែកធនធាន មិនទាន់បានសមស្រប បានធ្វើឲ្យសង្គមចិន មិនទាន់មានសុខដុមនីយកម្មទាំងស្រុង ហើ​យប្រជាជនចិន ក៏មិនទាន់ទទួលបានផលស្មើៗគ្នា ពីការចាក់ចូលនូវមូលធន របស់ប្រទេ​សដល់តំបន់ ពួកគេនៅឡើយ។

ដោយមើលឃើញបញ្ហានេះ ដែលវាអាចនឹងក្លាយជាឈ្នួនបញ្ឆេះ វិបត្តិសង្គមចិននាពេលខាងមុខ ទើបក្រុមប្រឹក្សារដ្ឋ នៃគណៈកម្មាធិការមជ្ឈិមចិន បានផ្សព្វផ្សាយចំណុចសំខាន់ៗមួយចំនួន ក្នុងការប្រជុំគណៈកម្មាធិការជាតិ លើកទី១៣ស្តីពី ការពិគ្រោះយោបល់នយោបាយ ប្រជាជនចិន ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ទី២១ ខែឧសភាកន្លងមកនេះ ។ កិ្ចប្រជុំនេះនឹងផ្តោតលើគោលការណ៍ “សករាជថ្មី” និងការអភិវឌ្ឍតំបន់ ភាគខាងលិច របស់ប្រទេសចិន។

តំបន់ទាំងនេះរបស់ចិន មានការអភិវឌ្ឍតិចតួច លើកលែងតែការទាញយកឧស្ម័ន ប្រេង និងរ៉ែ។

គោលនយោបាយ ខ្សែក្រវ៉ាត់និងផ្លូវ លែងជាអាទិភាព
ប្រវត្តិសាស្រ្តរបស់ចិន មានសភាពវែងអន្លាយ និងលន្លង់លន្លោចដូចសម្លេង ថ្ងួចថ្ងូររបស់ចិន ហើ​យគំនិតផ្លួចផ្តើម ខ្សែក្រវ៉ាត់១ និងផ្លូវ១ ដែលមានប្រវត្តិដ៏វែងអន្លាយ ត្រូវបានទាញយក មកប្រើ​ប្រាស់ឡើងវិញ ដោយប្រធានាធិបតី ដ៏មានឥទ្ឋិពលរបស់ចិន (ស៊ី ជីនពីង​) ឡើងវិញ។

នូវគំនិតផ្តួចផ្តើមនេះ មហាយក្សចិនមានគោលដៅ ពង្រីកឥទ្ឋិពលសេដ្ឋកិច្ច និង​នយោបាយរបស់ចិន ដើម្បីក្តោបក្តាប់ពិភពលោក នាពេលអនាគត។

ការផ្តោតលើការកសាងសង្គមចិន ឲ្យទទួលបានសុខភាពល្អប្រសើរជាមុន ក្រុមប្រឹក្សារដ្ឋចិន បានដកនូវគំនិតផ្តួចផ្តើមនេះ ចេញពីបញ្ជីរគោលនយោបាយ អាទិភាព​របស់ខ្លួន។

នៅក្នុងបញ្ជីនៃគោលការណ៍ណែនាំ ចំនួន៣៣ចំណុច គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ ធ្លាក់ចុះពីការងារអាទិភាពកំពូល ពោលគឺ ផ្តោតលើការកាត់បន្ថយ ភាពក្រីក្ររបស់ខ្លួន ដោយរក្សាសណ្តាប់ធ្នាប់សង្គម និងពិភា​ក្សា​អំពីការកសាង និងពង្រីកកំពង់ផែទឹកជ្រៅ នៅប្រទេសចិន និងនៅបរទេស។ នោះបង្ហាញថា គ្រោងការណ៍ BRI ឥឡូវត្រូវបានធ្លាក់ចុះ ពីការងារអទិភាពរបស់ស់ចិន។

គោលការណ៍ណែនាំទាំងនេះ បានឱ្យដឹងថា ប្រទេសចិនឥឡូវនេះ​កំពុងប្រឈមនឹង “ស្ថានភាពថ្មី” ។ ដោយមើលឃើញបែបនេះ វាបង្ហាញថា មនោគមវិជ្ជាចម្បង របស់មេដឹកនាំ បក្សកុម្មុយនិស្តចិន បានផ្លាស់ប្តូរពី “សុបិនចិន” ឬChina Dream របស់លោក ស៊ី ទៅជាទស្សនវិស័យសង្គម និយមថ្មីផ្តោតលើ “សករាជថ្មី”។

ភូមិសាស្រ្តនយោបាយ
ទោះបីជាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់១ និងផ្លូវ១ បានកើនឡើងសមាជិក ដល់៦៨ប្រទេស បានគ្របដណ្តប់ប្រជាជន ៦៥ភាគរយ ក្នុងពិភពលោក និងស្មើផលទុនជាតិ សរុបពិភពលោក រហូតដល់៤០ភាគរយ ត្រូវបានដកចេញ ពីបញ្ជីរអាទិភាពក្តី ក៏គោលនយោ​បាយអាស៊ីរបស់ខ្លួន មិនទំនងជាផ្លាស់ប្តូរនោះទេ ដោយសារទី១ ចិននៅតែត្រូវការពង្រីកឥទ្ឋិពល ទាំងនយោបាយ សេដ្ឋកិច្ច និងយោធានៅតំបន់នេះ ទី២ ចិនត្រូវការមិត្តកាន់តែច្រើន ដើម្បីសម្រេចមហិច្ឆតា ដើម្បីគ្រប់គ្រងពិភពលោក នាពេលខាងមុខ ក្នុងនាមជាមហាអំណា​ចលេខ១។

ទី៣ ការកើនឡើងនូវឥទ្ឋិពលរបស់ចិន ពិតណាស់នឹងធ្វើ ឲ្យប្រទេសជាច្រើន រងការគំរាមកំហែង ដោយផ្ទាល់ និងប្រយោល ពិសេសតំបន់សមុទ្រចិនខាងត្បូង ដែលមានប្រទេសជាច្រើន ជាប់ក្នុងជម្លោះនេះ ដូចជា វៀតណាម ហ្វីលីពីន ប្រុយណេជាដើម។ ទី៤ ចិន ត្រូវតែមានទីតាំងឈរជើង កាន់តែរ៉ឹងមាំផ្នែកយោធា ព្រោះប្រសិនជាចិន អាចពង្រីកមូលដ្ឋាន កងទ័ពកាន់តែច្រើន នៅក្នុងតំបន់នេះបាន ចិននឹងអាចពង្រីកឥទ្ឋិពល​របស់ខ្លួន កាន់តែឆាប់រហ័ស។

ទី៥ ចិនត្រុវតែមានដៃគូ ឬមិត្តជិតស្និទ្ឋ ដូចជាកម្ពុជា ដែលត្រូវបានមហាមិត្តចិន ចាត់ទុកជា “មិត្តដែកថែប”ដើម្បីការពារផលប្រយោជន៍ របស់ខ្លួនផង ដើម្បីចូលរួមគាំពារ គោ​ល​នយោបាយរបស់ខ្លួនផង។
មហាយក្សចិន មិនអាចបង្កសត្រូវ កាន់តែច្រើននោះទេ តែក៏មិនអាចរងការគំរាមកំហែង ច្រើននោះដែរ ហេតុនេះការប្រើប្រាស់ យុទ្ឋសាស្រ្តសង្រ្គាមត្រជាក់ និងមូលធនដើ​ម្បីពង្រីក ឥទ្ឋិពលសេដ្ឋកិច្ច និងនយោបាយរបស់ខ្លួន ច្បាស់ណាស់វានឹងនៅតែ ជានយោ​បាយអាទិភាព។

តើចិនត្រលប់មកម្ពុជាឬទេ?
វាជាសំណួរធំមួយ ដែលប្រជាជនកម្ពុជា កំពុងរង់ចាំចម្លើយ ហើយភាពសំអប់ចិន ទំនងជា រសាយចេញពីសន្តានចិត្ត ប្រជាជនកម្ពុជាបណ្តើរៗហើយ ដោយសារអវត្ត​មានចិន បានធ្វើឲ្យកម្ពុជា ហាក់ស្លោកស្រពោនមួយរយៈ រាប់ចាប់តាំងពីការបិទហ្គេមអនឡាញ និងការផ្ទុះឡើងនូវជំងឺ Covid-19ដ៏មហន្តរាយ។

ផ្អែកលើទំនាក់ទំនងដ៏ផ្អែមល្ហែម រវាងអតីតព្រះមហាក្សត្រ បរមរតនកោដិ សីហនុ ជាមួយអតីតៈមេដឹកនាំចិន ការកសាងនិងពង្រឹងបន្ថែម ដែលធ្វើឡើង ដោយបុរសខ្លាំងកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដាក់ចេញ នូវយុទ្ឋសាស្រ្ត គ្រប់ជ្រុងជ្រោយ តាំងពីឆ្នាំ២០១២កន្លងមក និងក្រោយមកបានដាក់ចេញនូវ “ប្រទេសពីរវាសនាតែមួយ” បានធ្វើឲ្យទំនាក់ទំនង រវាងមេដឹកនាំ និងប្រជាជនប្រទេសទាំងពីរ មិនអាចកាត់ផ្តាច់បាន។

តាមរយៈទំនាក់ទំនងដ៏ស្អិតរមួត និងមិនអាចកាត់ផ្តាច់បាននេះ ចិនបានឈរនៅ​លេខរៀងទី១ ក្នុងចំណោម អ្នកវិនិយោគបរទេស នៅកម្ពុជា និងផ្តល់កម្ចីសម្បទានច្រើន​ជាងគេ មកកសាងហេដ្ឋារចនាសម្ព័ន្ឋធំៗ ជាច្រើន ដែលកម្ពុជា ចាំបាច់ត្រូវពង្រីក និងពង្រីក​សេដ្ឋកិច្ច និងធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន។

លំហូរទុនវិនិយោគរបស់ចិនយ៉ាងគំហុក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យក្រុងព្រះសីហនុ កើនឡើងនូវអាគារខ្ពស់ៗ ដូចគេ “ជប់” ទីក្រុងនេះបានផ្លាស់ប្តូរ យ៉ាងឆាប់រហ័ស ដោយប្រែក្លាយជា ទីក្រុងស្ងប់ស្ងាត់ ទៅជាទីក្រុងមានភាពស៊ីវិល័យមួយ​ ដែលមានហេដ្ឋារចនាសម្ព័ន្ឋ ប្លង់គោលអភិវឌ្ឍន៍ និងទស្សនវិស័យ កាន់តែភ្លឺស្វាងជាងមុន។

មហាយក្សចិននឹងត្រលប់មកវិញ
ផ្អែកលើទំនាក់ទំនង មនោសញ្ចេតនារវាងមេដឹកនាំ និងពិសេសភូមិសាស្រ្តនយោ​បាយ និងទំនាក់ទំនងអន្តរជាតិ ច្បាស់លាស់ណាស់ចិន នឹងត្រលប់មកកម្ពុជាវិញ នៅពេល​ខាងមុខ (ឆាប់ឬយូរអាស្រ័យលើបញ្ហាផ្ទៃក្នុង របស់ចិន)។
ហេតុអីបានជាចិន ត្រូវត្រលប់មកវិញ? ចម្លើយគឺ ទី១ ចិននៅតែត្រូវការកម្ពុជា ដោយសារកម្ពុជា ជាមិត្តគួរឲ្យទុក​ចិត្តបាន និងជាមិត្តដែកថែបរបស់ខ្លួន ទី២ ក​ម្ពុជា ជាសមាជិកមួយ ក្នុងចំណោមបណ្តាប្រ ទេសមាជិកអាស៊ានទាំង១០ ដែលអាចការពារផលប្រយោ​ជន៍ នយោបាយរបស់ចិនក្នុងតំបន់នេះ ព្រោះអាស៊ានមិនមែនជា ខ្លាក្រដាសនោះទេ ហើ​យ​​អាស៊ានបាន និងកំពុងដើរតួនាទីកាន់តែសំខាន់ ផ្នែកភូមិសាស្រ្តនយោបាយផង សេដ្ឋ​កិច្ចផង។ ទី៣ កម្ពុជាជាមហាមិត្ត ដែលបានបដិសេធឬធ្វើអនុប្បវាទ លើសេចក្តីថ្លែងការ​ណ៍​ របស់អាស៊ាន ខណៈតំបន់នេះបាននិងកំពុង ប្រទាញប្រទង់ យកឥទ្ឋិពល ពីអាមេរិក​ផងដែរ។

ទី៤ កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០១២ មហាអំណាចអាមេរិក និងប្រទេសក្នុងតំប​ន់ដទៃទៀត បានយកកម្ពុជាជាសមរភូមិ ដើម្បីវាយប្រហារចិន លើបញ្ហាសមុទ្រចិនខាងត្បូង ប៉ុន្តែមានកម្ពុជាសេចក្តីថ្លែងការណ៍ ត្រូវបានជាប់គាំង ដោយសារកម្ពុជា មិនចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍នោះ (អាស៊ានចេញសេចក្តីថ្លែងការណ៍ រួចទៅបាន ទា​ល់តែប្រទេស សមាជិកទាំងអស់ ចុះហត្ថលេខា)។ ទី៥ ផ្អែកលើបទពិសោធន៍នេះ ចិនបាន​ជ្រើសរើសកម្ពុជា ជាមិត្តដែកថែប និងអាចការពារផលប្រយោជន៍ គ្នាទៅវិញទៅមក។

ទី៦ ចិនឈរជើងនៅកម្ពុជា មិនត្រឹមតែជាការការពារ កម្ពុជានោះទេ ប៉ុន្តែក៏ដើម្បីទប់ឥទ្ឋិពលវៀតណាម នៅក្នុងតំបន់ឥណ្ឌូចិន ដែលវៀតណាមនៅតែមាន គោលដៅលេបយកឥណ្ឌូចិន ប៉ុន្តែចិននឹងមិនអនុញ្ញាត្ត ឲ្យប្រទេសនេះ សម្រេចមហិច្ឆតា របស់ខ្លួនបានទេ។

នយោបាយកាទូតដ៏ប៉ិនប្រសព្វ របស់សម្តេចតេជោ
បុរសខ្លាំងរបស់កម្ពុជា ត្រូវបានសហគមន៍អន្តរជាតិ ទទួលស្គាល់ ពីភាពប៉ិនប្រសព្វ​នូវការដាក់ចេញ នយោបាយកាទូតរបស់ខ្លួន ទាំងជាមួយប្លុកសេរី និងកុំម្មុយនីស្ត ខណៈ​បុរសខ្លាំងរូបនេះ នៅតែអាចឈរជើងយ៉ាងរ៉ឹងមាំ ក្នុងអំណាច និងបានដឹកនាំប្រទេសចេញ ពីយុគដ៏ងងឹតសូន្យ មកកាន់ភាពភ្លឺស្វាង តាមរយៈការរក្សាបាន នូវស្ថេរភាពនយោបា​យ ស្ថេរភាពសង្គម និងកសាងសេដ្ឋកិច្ច រីកចម្រើន ក្នុងរង្វង់៧ភាគរយ រយៈពេលជាងពីរទសវត្សរ៍។

គោលនយោបាយ និងផែនការយុទ្ឋសាស្រ្ត ច្បាស់លាស់
គ្មាននយោបាយ និងផែនការយុទ្ឋសាស្រ្តច្បាស់លាស់ និងការដឹកនាំដ៏ប៉ិនប្រសព្វទេ បុរសខ្លាំងរូបនេះ មិនអាចឈរជើង ក្នុងអំណាចដ៏យូរបែបនេះឡើយ។

ប្រសិនបើយើងមើល ទៅលើទំនាក់ទំនងជាមួយចិនវិញ ក្រោមការដឹកនាំ របស់បុរសខ្លាំងរូបនេះ ទំនាក់ទំនងភាពជាដៃគូ យុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ បាននិងកំពុងពង្រឹ​ង និងពង្រីកជាបន្តបន្ទាប់ ដែលទំនាក់ទំនងនេះ បាននាំផលប្រយោជន៍ ដ៏មហាសាល សំរាប់ជាតិសាសន៍ ដែលបាននិងកំពុងរស់នៅ ក្នុងស្នាមញញឹមជាថ្មី និងម្លប់នៃសន្តិភាព នា​ពេលបច្ចុប្បន្ន។

តាមរយៈដំណើរទស្សនកិច្ច ដ៏គួរឲ្យភ្ញាក់ផ្អើល ទៅកាន់ប្រទេសចិន​ របស់សម្តេចតេជោ កាលពីថ្ងៃទី៥​កុម្ភៈ ខណៈចិនកំពុងជួបវិបត្តិCovid-19 ហើយបណ្តាប្រទេសនានា បានរត់ចោលចិន តែ សម្តេច បានទៅទស្សនកិច្ច ប្រទេសចិន បានបង្ហាញទៅកាន់មេដឹកនាំ និងប្រជាជនចិនថា “កម្ពុជាជាមិត្តស្លាប់រស់របស់ចិន” ខណៈកម្ពុជា មានសុភាសិតផ្ទាល់ខ្លួនថា “ស្គាល់មិត្តល្អ ក្នុងគ្រាលំបាក”។

ដំណើរទស្សនកិច្ច របស់សម្តេចនាពេលនោះ ត្រូវបានប្រជាជនចិន ហៅសម្តេចតេ​ជោជា “បុរសង្ហារជាងគេ ក្នុងលោក” ហើយសន្តានចិត្តប្រជាជនចិន ដែលមិនទាន់យល់ពីកម្ពុជា បានផ្លាស់ប្តូរ ហើយមើលមកកម្ពុជា ក្នុងរូបភាពវិជ្ជមាន។

ទំនាក់ទំនងរវាងកម្ពុជាចិន ក្នុងទំនាក់ទំនងអន្តរជាតិ និងទ្វេរភាគី ប្រៀបបីដូចជាអ្នកលេងពិន ដែលកេសមិនត្រូវខ្ទង់ នាអតីតៈកាល ប៉ុន្តែបច្ចុប្បន្នទាំងអ្នកលេងពិន និងទ្របានប្រគុំរួមគ្នា ​និងអាចសរសេរ នូវបទភ្លេងថ្មីមួយ ដែលរសនិយមពីរអាចបញ្ចូលគ្នា ក្នុងសាច់ភ្លេងតែមួយ៕ ប្រភព៖ propertyarea.asia

Most Popular

To Top