ប្រទេសឥណ្ឌា មានទស្សនៈដ៏អស្ចារ្យអំពីធម្មជាតិ ដែលត្រូវបានគេមើលឃើញថា មជ្ឈមណ្ឌល Jatayu World គឺជាឧទាហរណ៍មួយស្រាប់ ។ មជ្ឈមណ្ឌល Jatayu World ដេលជាសួនឧទ្យានលក្ខណៈធម្មជាតិ វប្បធម៌ និងសាសនាផងនោះ បានបើកដំណើរការនៅឆ្នាំ ២០១៨ ។ ភាពល្បីល្បាញរបស់ Jatayu ដោយសារមាននូវរូបសំណាក សត្វបក្សីដ៏ធំបំផុតនៅលើពិភពលោក ។
រូបសំណាកបក្សីដែលមានឈ្មោះថា Jatayu មានសំណុំរង្វាស់ដ៏គួរឱ្យភ្ញាក់ផ្អើល ។ វាមានបណ្តោយ ៦១ម៉ែត្រទទឹង ៤៦ម៉ែត្រនិងកំពស់ ២១ម៉ែត្រ។ ចម្លាក់នេះមានលក្ខណៈពិសេសលម្អិត ដែលរួមបញ្ចូលទាំងការតុបតែង ខ្លួននិងស្លាបស្រទាប់។ ស្លាបរបស់បក្សី Jatayu បានលេចឡើងនៅលើដីដែលឱ្យភ្ញៀវទេសចរដើរនៅលើកំពូលនៃស្លាប រហូតដល់ក្បាលរបស់វា ។
សំណង់រចនាសម្ព័ន្ធដ៏ មិនគួរឱ្យជឿនេះបានប្រើរយៈពេលរហូតដល់ ១០ឆ្នាំដើម្បីបញ្ចប់។ បក្សី Jatayu បក្សីក្នុងរឿងរាមាយណៈរបស់ឥណ្ឌា ដែលខ្មែរហៅថារាមកេរ្តិ៍។ ក្នុងទេវកថាបាននិទានថាបក្សីនេះបានព្យាយាម ដើម្បីជួយសង្គ្រោះ ព្រះនាងសិតាដែលជាព្រះមហេសី របស់ព្រះរាម ជាអវតាររបស់ព្រះវិស្ណុ។ នាងសិតាត្រូវបានចាប់ខ្លួនដោយស្ដេចយក្ស ក្រុងរាពណ៍ហើយបក្សី Jatayu នេះបានជួយការពារព្រះនាង ។ បន្ទាប់ពីប្រយុទ្ធជាមួយក្រុងរាពណ៍ បក្សី Jatayu ត្រូវដាច់ស្លាបខាងឆ្វេងធ្លាក់ចុះមកដី ដូចឃើញក្នុងរូប។
មជ្ឈមណ្ឌល Jatayu World បានកសាងរូបសំណាកនេះឡើងដើម្បីជានិមិត្តរូបមួយអំពីយុគសម័យមុន គ្រាដែលមនុស្ស សត្វ និងធម្មជាតិថែរក្សាគ្នាទៅវិញទៅមកហើយមនុស្សដូចគ្នា រស់នៅដោយសុខសាន្តនៅលើផែនដីនេះ ។ មជ្ឈមណ្ឌលនេះមានទីតាំង នៅជិតទីប្រជុំជនឆាយ៉ាដាម៉ានកាឡាំ នៃប្រទេសឥណ្ឌា ៕




