ព្រះសីហនុ៖ កាលពីវេលាម៉ោង៩៖៣០នាទីយប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនក្រុមការងារសង្គ្រោះនិងទូកក្រុមហ៊ុន GTVC ចេញទៅជួយសង្គ្រោះបុរស២នាក់ ដែលបានបើកម៉ូតូទឹកចំនួន២គ្រឿង ត្រឡប់ពីកោះរ៉ុងសន្លឹម មកក្រុងព្រះសីហនុទាំងយប់ ប៉ុន្តែពេលបើកម៉ូតូទឹកកាត់សមុទ្រមកដល់ពាក់កណ្តាលផ្លូវ ម៉ូតូទឹកមួយគ្រឿងបានខូចម៉ាសុីន ចំណែកម៉ូតូទឹកមួយគ្រឿងទៀតដែលរួមដំណើរជាមួយក៍បានជួយអូសចម្លង ចៃដន្យម៉ូតូទឹកមួយគ្រឿងដែលជួយអូសនោះក៏អស់សាំងទៀត បណ្តាលឲ្យម៉ូតូទឹកទាំង២គ្រឿង អណ្តែតក្នុងសមុទ្រដែលមានរលកខ្លាំង នៅចំណុចជិតកោះថាស។

ក្រោយទទួលបានដំណឹងនេះ ដើម្បីជួយសង្គ្រោះបុរសទាំង២នាក់ ដោយសារតែរលកសមុទ្រខ្លាំងពេក មិនអាចបញ្ជូនអូប័របាន ទើបលោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនទូកធំរបស់ក្រុមហ៊ុនGTVC ចេញទៅជួយសង្គ្រោះបុរសទាំង២នាក់ ហើយបើតាមលោកឧកញ៉ា មានប្រសាសន៍ថា នៅត្រង់ចំណុចដែលម៉ូតូទឹកទាំង២មានបញ្ហា គឺជាឃ្លងច្រកសមុទ្រ ដែលមានរលកខ្លាំងបំផុត បោកនាំម៉ូតូទឹកទាំង២គ្រឿងផ្ទប់ជាមួយនឹងថ្មក្បែរកោះ រួមផ្សំនិងធាតុអាកាសធ្លាក់ភ្លៀង និងមេឃងងឹតទៀត ធ្វើឲ្យការសង្គ្រោះជួបការលំបាក ប៉ុន្តែក្រោយការខិតខំព្យាយាមពីក្រុមការងារលើទូកសង្គ្រោះ របស់លោកឧកញ៉ា ការសង្គ្រោះបុរសទាំង២នាក់ ក៍ទទួលបានជោគជ័យដោយសុវត្ថិភាព ហើយបច្ចុប្បន្នបានបញ្ជូនមកដល់ដីគោកក្នុងក្រុងព្រះសីហនុហើយ៕









