ព័ត៌មានអន្តរជាតិ

ខ្មែរត្រូវដឹង! បន្ទាយលង្វែក ជាស្ថាបត្យកម្មដ៏ធំ និងសក្ដិសិទ្ធ ​សូម្បីសេះពេញកម្លាំង ក៏មិនអាចបោល​ជុំវិញ​បន្ទាយ​បានផង

បន្ទាយលង្វែក ឬរាជធានីលង្វែកមានទីតាំងស្ថិតនៅ ច្រាំងទន្លេសាបផ្នែកខាងលិច ប្រមាណ ៤០គ.ម.ភាគ​ឦសាន​ក្រុងភ្នំពេញ។ យោងតាមកាលប្រវត្តិរបស់ព្រះរាជវាំងកម្ពុជា ព្រះបាទអង្គចន្ទទី១ ឬ​ចន្ទ​រាជា​បានសាង​សង់​ ក្រុង​លង្វែក​នៅដើមសតវត្សរ៍ទី១៦ ក្នុងអំឡុងពេលនយោបាយក្នុងប្រទេសកំពុង​ជួប នូវភាពចលាចល​ដ៏ធំ។​​ 

ក្រោយពីព្រះបាទចន្ទរាជាវាយឈ្នះស្រីជេដ្ឋា (ស្ដេចកន) នៅឆ្នាំ ១៥២៥ ព្រះអង្គក៏បញ្ជាឱ្យគេ សាងសង់​បន្ទាយលង្វែកចាប់ពីឆ្នាំ ១៥២៧ ដល់ឆ្នាំ ១៥២៩ នៃ គ.ស. ដោយប្រើរយៈពេល ៣ ឆ្នាំ។ ស្ថានភាពបន្ទាយ​លង្វែក​ ជាចំណុចយុទ្ធសាស្ត្រមានទន្លេ បឹង និងព្រៃឈើជារបាំង​ ​មានរាងបួនជ្រុង បណ្ដោយ ៣គីឡូម៉ែត្រ, ទទឹង ២គីឡូម៉ែត្រ, កំពែងដីកម្ពស់ ១៥ហត្ថ ឬ​៧.៥ ម៉ែត្រ​ ហ៊ុំព័ទ្ធដោយគូទឹកនិងដាំដើមឫស្សីកម្រាស់ ២សិន ដែល​១សិនស្មើ​៤០ម៉ែត្រ​ព័ទ្ធជុំវិញ។

​ព្រះបាទ​ចន្ទរាជា ​​បានបញ្ជាឲ្យអ្នកមេការ មន្ត្រី ឧកញ៉ាបតី ចាត់ចែង​កេណ្ឌ​ប្រជានុរាស្ត្រ កាប់ឈើ ជញ្ជូនថ្ម រែក​ដី ដើម្បីសាងសង់បន្ទាយលង្វែក និងព្រះបរមរាជវាំង​ ធ្វើកំពែងការពារ៥ជាន់ ព្រម​ទាំង​ដាំ​ឫស្សី​យ៉ាង​ក្រាស់ ហើយ​មានទ្វារធំ៨ ក្នុងទ្វារនីមួយៗមានសើន​មួយ។ សើនទាំង៨មានកម្ពស់២២ហត្ថ​សម្រាប់​ដាក់​កាំភ្លើងធំ។ រីឯខាងក្នុងបន្ទាយទាំង៥ជាន់ ដាក់សុទ្ធទាហានកាំភ្លើងច្រូង​។

ក្នុងកំពែងជាន់ទី១ ដាក់សុទ្ធតែទាហានកងកាំភ្លើងធំ ហើយនៅមុខកំពែងនេះ មានរោងដំរី និងរោងសេះ។ កំពែង​ទី២ ដាក់សុទ្ធតែទាហានកងកាំភ្លើង ច្រូង​ ឬ​កាំភ្លើង​វែង និងសាលាជំនុំ សាលាដំបូង និង​សាលា​ឧទ្ធរណ៍​។ ក្នុងកំពែង​ទី៣ ដាក់សុទ្ធទាហានអាវុធខ្លី ដាវ ផ្គាក់ កាំបិត។ ក្នុងកំពែងទី៤ដាក់សុទ្ធតែទាហានរក្សាព្រះអង្គ រោងល្ខោន និងព្រះពន្លាទតល្ខោន។ ក្នុងកំពែងទី៥ តាំងរោងបញ្ចក្សេត្រ និងដំណាក់សំរិទ្ធ ​ ភិរម្យក្រុមបារគូ បុរោហិត និងក្រុមមហាតលិកនៅ។

ក្នុងបន្ទាយលង្វែកមានវាំងស្ដេច, បន្ទាយទាហាន,​ រោងដំរី, រោងសេះ, ប្រាសាទ ២, ជីកស្រះធំ ៤ គ្រប់ទិស ហើយចិញ្ចឹមត្រីព្រួល រ៉ស់ ឆ្តោ ព្រោះនៅជាប់មាត់ទន្លេសាប សង់ឃ្លាំង ១៥ ខ្នងសម្រាប់ដាក់ស្រូវអង្ករ ត្រីងៀត ត្រីឆ្អើរ ប្រហុក ផ្អក…។ បន្ទាយលង្វែកមានទ្វារធំ ៤, នៅទាំង ៤, និងទ្វារតូច ៤, នៅចំជ្រុងនៃទិសតូច​ទាំងបួន។ មានសួនច្បារធំ ២, មានភូមិអ្នកស្រុក ៤, មានវត្ត ៥។

ព្រះបាទចន្ទរាជាបានសាងព្រះត្រឡែងកែង (ព្រះបែរភក្ត្រទៅទិសទាំង ៤ ទល់ខ្នងគ្នា) ព្រះកែវនិងព្រះគោ ១២។ ក្នុងពោះគោដាក់គម្ពីរក្បួនខ្នាតជាច្រើនមានឯកសារមួយចំនួន នៅសេសសល់តាំងពីសម័យអង្គរមកម្ល៉េះ ព្រះអង្គបានប្រមូលអ្នកប្រាជ្ញ បណ្ឌិតដើម្បីចងក្រងគម្ពីរ ឯកសារ និងបណ្ដុះចំណេះដឹងដល់កូនខ្មែរ​ជំនាន់​ក្រោយ។ បន្ទាយលង្វែកជាស្ថាបត្យកម្មដ៏ធំ និងល្បីល្បាញ បើតាមសម្តីលោក អ៊ុក អ៊ូ អតីតមេឃុំលង្វែក​នាឆ្នាំ ១៩៧០ គាត់ថាសេះពេញកម្លាំងមិនអាច បោលជុំវិញបន្ទាយលង្វែកបានឡើយ៕

ប្រភព៖ Sabay

Most Popular

To Top