ព្រឹត្តិការណ៍

ក្រុងលង្វែក អតីតរាជធានីរបស់ខ្មែរ និងជាបន្ទាយដ៏រឹងមាំមួយ ក្រោយសម័យអង្គរ

ក្រុង​លង្វែក គឺ​ជា​អតីត​រាជធានី​ខ្មែរ និង​ជា​បន្ទាយ​ដ៏​រឹងមាំ​មួយ ​ក្រោយ​សម័យ​អង្គរ ។ នៅ​ជុំវិញ​រាជធានី​នេះ មាន​ដាំ​ដើម​ឫស្សី​កម្រាស់​ជាង ១០០​ម៉ែត្រ សម្រាប់​ធ្វើ​ជា​របាំង​ការពារ ។ រាជធានី​លង្វែក ត្រូវ​បាន​រៀបចំ​ចាត់​ អោយ​កសាង​ឡើង​ ដោយ​ព្រះបាទ​ច័ន្ទរាជា បន្ទាប់​ពី​ព្រះអង្គ​វាយ​ឈ្នះ​ស្ដេច​កន និង​ដណ្ដើម​រាជ្យ​បាន​មក​វិញ ។

ព្រះបាទ​ច័ន្ទរាជា ក្រោយ​ពី​បាន​សម្រេច​ការ​សង្គ្រាម​ លើ​ស្ដេច​កន​បាន​ហើយ ព្រះអង្គ​ទ្រង់​គង់​នៅ​បន្ទាយ​ជ័យ ខេត្ត​ពោធិ៍សាត់ ដដែល។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន គឺ​ដល់​ឆ្នាំ​១៥២៧ ព្រះអង្គ​ទ្រង់​ចេញ​បញ្ជា​អោយ​មន្ត្រី​ ជំនាញ​របស់​ព្រះអង្គ​មួយ​ចំនួន រៀបចំ​កសាង​ព្រះរាជវាំង​ក្រុង​លង្វែក ជា​ទី​ដែល​ព្រះអង្គ​ទ្រង់​យល់​ថា​មាន​ជ័យ​ភូមិ​ល្អ ព្រោះ​ជា​ចំណុច​យុទ្ធសាស្ត្រ​មួយ​ស្រួល​ការពារ​ខ្លួន ត្បិត​នៅ​ជិត​នោះ​មាន​ព្រៃ​មាន​ទន្លេ និង​មាន​បឹង​ទៀត​ផង។

រាជធានី​ថ្មី​នេះ ត្រូវ​សាង​ឡើង​ដោយ​ហ្មត់ចត់​អស់​រយៈពេល​បី​ឆ្នាំ ដែល​មាន​រាង ៤​ជ្រុង​ទ្រវែង ទទឹង​ប្រវែង​ពីរ​គីឡូម៉ែត្រ បណ្តោយ​ជិត​បី​គីឡូម៉ែត្រ មាន​លើក​ជា​ទំនប់​ច្រុះ​ក្ដារ ធ្វើ​ជា​បន្ទាយ​កម្ពស់ ១៧​ហត្ថ ខ្នង​លើ ១០​ហត្ថ ជើង​ទេ ២២​ហត្ថ “ព័ទ្ធ​ជា​បី​ជ្រុង” ខាង​មុខ​មាន​ព្រៃ បឹង និង​ទន្លេ មាន​គូ​ទឹក និង​ដាំ​ឫស្សី​យ៉ាង​ក្រាស់​ជា​របង​កម្រាស់​ជាង ១០០​ម៉ែត្រ​ព័ទ្ធ​ជុំវិញ មាន​ទ្វារ​ធំ​ប្រាំបី​ដែល​មាន​សើន គឺ​លើក​ដី​ជា​ទួល​ខ្ពស់​កម្ពស់ ២២​ហត្ថ សម្រាប់​ដាក់​កាំភ្លើង​ធំ​គ្រប់​ទ្វារ​ទាំង​ប្រាំបី ហើយ​នៅ​ទិស​ទាំង​៤ មាន​សើន​កម្ពស់ ២៥​ហត្ថ សម្រាប់​ដាក់​កាំភ្លើង​ធំ​ដូច​គ្នា​ដែរ ។

នៅ​ក្នុង​ក្រុង​ថ្មី​ដែល​ជា​បន្ទាយ​ដ៏​រឹងមាំ​នេះ មាន​សាង​រោង​ដំរី បន្ទាយ​សេះ បន្ទាយ​ទាហាន កាំភ្លើង​ធំ​តូច ទាហាន​ថ្មើរ​ជើង និង​ជើង​ទឹក ព្រម​ទាំង​ឃ្លាំង​អាវុធ​យុទ្ធភណ្ឌ និង​ស្បៀង​អាហារ​សព្វ​បែប​យ៉ាង។ នៅ​កណ្ដាល​ក្រុង​ថ្មី​នេះ មាន​សាង​ព្រះរាជវាំង​ដែល​មាន​កំផែង​ច្រើន​ជាន់ មាន​ប្រាសាទ មាន​ព្រះរាជ​មន្ទីរ​តូច​ធំ សុទ្ធ​តែ​មាន​ចម្លាក់​រចនា​បិទ​មាស​ឱភាស​ឆ្អិនឆ្អៅ មាន​ស្រះ និង​សួនច្បារ​ដ៏​ប្រណិត​ទៀត​ផង។ នៅ​ខាង​ទិស​ឦសាន​នៃ​ព្រះរាជវាំង​នេះ ព្រះរាជា​ទ្រង់​អោយ​តាំង​ឃ្លាំង​មឿង គឺ​អ្នក​តា​ចាស់​ស្រុក​ជា​ម្ចាស់​ទឹក​ដី​នៅ​ទី​នោះ​ផង។ ថ្ងៃ​ក្រោយ​មក​ទៀត ព្រះអង្គ​ទ្រង់​បាន​សាង​វត្ត​ត្រឡែងកែង នៅ​ក្នុង​បន្ទាយ​លង្វែក​នេះ​ទៀត ដែល​តាម​ជំនឿ​បន្ត​គ្នា​មក​ថា ជា​វត្ត​ដ៏​ពូកែ​ស័ក្តិសិទ្ធិ ដោយ​មាន​ព្រះពុទ្ធ​រូប​បួន​ព្រះអង្គ​ទ្រង់​ឈរ​កម្ពស់ ១៨​ហត្ថ ព្រះ​ភ័ក្ត្រ​បែរ​ទៅ​ទិស​ធំ​ទាំង​បួន ឯ​ព្រះ​បិដ្ឋិ ឬ​ព្រះ​ប្រឹស្ឋ គឺ​ខ្នង​ទល់​គ្នា ។

រាជធានី​លង្វែក គឺ​ជា​បន្ទាយ​ដ៏​រឹងមាំ និង​ជា​ឃ្លាំង​វប្បធម៌​ដ៏​រុងរឿង​បំផុត​នា​សម័យ​ក្រោយ​អង្គរ​របស់​ប្រទេស​កម្ពុជា។ ឯកសារ​ខ្លះ​បញ្ជាក់​ថា នៅ​កណ្ដាល​រាជធានី​នេះ គេ​បាន​សាង​បដិមា​ព្រះ​ភគណេស ដ៏​ធំ “ខ្លួន​មនុស្ស​ក្បាល​ដំរី” ដែល​ជា​អាទិទេព​តំណាង​ខាង​អក្សរសាស្ត្រ និង​វិទ្យាសាស្ត្រ ទុក​ជា​អ្នក​តា​រក្សា​ក្រុង។ ម៉្យាង​ទៀត មាន​ការ​និយាយ​តៗ​គ្នា​ថា នៅ​ក្នុង​បន្ទាយ​លង្វែក នេះ គេ​បាន​តម្កល់​បដិមា​ព្រះ​គោ​មួយ​អង្គ និង​ព្រះ​កែវ​មួយ​អង្គ ដែល​ជា​បង​ប្អូន​បង្កើត ហើយ​ដែល​អ្នក​ស្រុក​តែង​តែ​គោរព​បូជា ដោយ​ចាត់​ទុក​ថា​ជា​វត្ថុ​ស័ក្តិសិទ្ធិ​របស់​ជាតិ​ខ្លួន​ថែម​ទៀត​ផង។ ម៉្យាង​ទៀត គេ​ក៏​ជឿ​ដែរ​ថា គម្ពីរ​ក្បួន​ច្បាប់​ដែល​សំខាន់​បំផុត​របស់​ជាតិ ត្រូវ​គេ​យក​មក​រក្សា​ទុក​ក្នុង​ពោះ​ព្រះ​គោ​នោះ​ឯង ។

នៅ​ឆ្នាំ​១៥២៩ ក្រោយ​ពី​បាន​សាង​បន្ទាយ​លង្វែក ព្រះរាជវាំង រាជ​ដំណាក់​តូច​ធំ ចប់​សព្វ​គ្រប់​ហើយ ព្រះបាទ​ខត្តិយា​មហា​ច័ន្ទរាជា ទ្រង់​យាង​ចេញ​ពី​បន្ទាយ​ជ័យ ខេត្ត​ពោធិ៍សាត់ មក​គង់​នៅ​រាជធានី​ថ្មី គឺ​បន្ទាយ​លង្វែក នេះ រហូត​ដល់​ទី​បញ្ចប់​ នៃ​ព្រះជន្មាយុ​របស់​ព្រះអង្គ​ក្នុង​ឆ្នាំ​១៥៦៦ នៃ​គ្រិស្ដសករាជ៕

Most Popular

To Top