បរទេស៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បានបើកពិធីពិព័រណ៍ការពារជាតិ ដ៏ធំបំផុតរបស់ខ្លួន បង្ហាញសម្ញែងយន្តហោះចម្បាំង ជំនាន់ថ្មី កូនដ្រូន និងបច្ចេកវិទ្យាដទៃទៀត ក្នុងកិច្ចប្រឹងប្រែងជំរុញ បង្កើនការនាំចេញ ស្របពេលដែលសេដ្ឋកិច្ច ជុំវិញពិភពលោក ងើបឡើងវិញពីការរាតត្បាត នៃជម្ងឺកូវីដ១៩។
ប៉ុន្តែការបើកពិធីតាំងពិព័រណ៍ អាកាសចរណ៍ និងការពារជាតិអន្តរជាតិ នៅមូលដ្ឋានទ័ពអាកាស ក្នុងទីក្រុងសេអ៊ូលនេះ ត្រូវបានគ្រប់ដណ្ដប់ឲ្យស្រអាប់ ដោយការបាញ់តេស្តនូវអ្វី ដែលកូរ៉េខាងត្បូងនិយាយថា ជាមីស៊ីលផ្លោង បាញ់ចេញពីនាវាមុជទឹក កូរ៉េខាងជើង។
មន្ត្រីរៀបចំពិធីពិព័រណ៍ ADEX លោក Lee Jong-ho បាននិយាយប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទថា “បើទោះជាមានស្ថានភាពជម្ងឺកូវីដ១៩ នៅក្នុងឆ្នាំនេះក៏ដោយ ការធ្វើទីផ្សារនាំចេញត្រូវបានគេរំពឹងថា នឹងមានជាមួយផលិតផល អភិវឌ្ឍផលិតដោយក្រុមហ៊ុនក្នុងស្រុក នៅសាលតាំងពិព័រណ៍ ដែលពង្រីកឲ្យធំជាងកាលពីឆ្នាំមិញ”។
គួរបញ្ជាក់ថា យ៉ាងតិចមានក្រុមហ៊ុន ចំនួន៤៤០ក្រុមហ៊ុន មកពី២៨ប្រទេស កំពុងតែបង្ហាញ នូវយន្តហោះ៧៩ប្រភេទ និងឧបករណ៍ប្រើប្រាស់ លើដីចំនួន៦៨ប្រភេទ ហើយមន្ត្រីរដ្ឋាភិបាល មន្ត្រីយោធា និងមន្ត្រីផ្នែកទិញការពារជាតិ ប្រមាណ៣០០នាក់ មកពី៤៥ប្រទេស ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងពិធីពិព័រណ៍ ដែលប្រព្រឹត្តទៅរហូតដល់ថ្ងៃសៅរ៍នេះ៕ ប្រែសម្រួល៖ប៉ាង កុង