នៅទីបំផុត ព្រះនាងម្ចាស់ជប៉ុន Mako បានសម្រេចរៀបការ ជាមួយនិងគូដណ្តឹង របស់ព្រះនាង ដែលជាប្រជារាស្រ្តធម្មតា មិនជាប់ខ្សែស្រឡាយរាជវង្ស ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន BBC ។

ព្រះនាង Mako គឺជាបុត្រីរបស់ ព្រះអង្គម្ចាស់ Fumihito និង ម្ចាស់ក្សត្រី Kiko ។ តាមច្បាប់របស់ប្រទេសជប៉ុន ការសម្រេចរៀបការ ជាមួយគូដណ្តឹង ដែលជារាស្រ្តធម្មតា ព្រះនាងម្ចាស់ ត្រូវចាកចេញពីខ្សែរាជវង្ស ។ គូដណ្តឹងរបស់ព្រះនាង Mako មានឈ្មោះ Kei Komuro ជារាស្រ្តសាមញ្ញ មានមុខរបរជាមេធាវី នៅសហរដ្ឋអាមេរិក ។ គូរ ស្នេហ៍ទាំង ២បានភ្ជាប់ពាក្យតាំងតែពីឆ្នាំ ២០១៧មកម្ល៉េះ ដោយសារបញ្ហាគ្រួសារ ទើបពន្យារពេលរៀបការ អស់ជាច្រើនឆ្នាំ។

សារព័ត៌មាន Kyodo បានចុះផ្សាយថា ព្រះនាងជប៉ុនអង្គនេះ បានចាកចេញពីវិមាន នៅក្នុងទីក្រុងតូក្យូ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១។ ក្រោយរៀបការរួច គេរំពឹងថាព្រះនាង នឹងចាកចេញទៅកសាងជីវិត ក្នុងនាមជារាស្រ្តធម្មតា រស់នៅដោយក្តីសុខសាន្ត ជាមួយស្វាមី លើទឹកដីសហរដ្ឋអាមេរិក ៕

