កូរ៉េខាងត្បូង៖ យោងតាមចេញផ្សាយផ្លូវការ របស់Allkpop បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ តុលាការក្រុងសេអ៊ូល បានផ្តល់សាលក្រមសម្រាប់ អតីតសមាជិកក្រុម After School នាង Lizzy ដែលពីមុនត្រូវបានចោទប្រកាន់ ពីបទបង្កគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច ខណៈកំពុងបើកបរ ក្រោមឥទ្ធិពលស្រវឹង។
កាលពីខែកញ្ញាឆ្នាំនេះ ព្រះរាជអាជ្ញាបានទាមទារ ឲ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំសម្រាប់អតីតសមាជិកក្រុម After School ក្នុងអំឡុងពេលសវនាការដំបូង របស់នាង។ នាង Lizzy ក៏បានទទួលស្គាល់រាល់ការចោទប្រកាន់ និងបានសុំទោស ដោយស្មោះចំពោះទង្វើរបស់នាង។
នៅថ្ងៃនោះ តុលាការក្រុងសេអ៊ូលបាននិយាយថា ចុងចោទបានស្រវឹង ហើយមិនអាចគ្រប់គ្រង រថយន្តរបស់នាងបាន ទើបបណ្តាលឲ្យមានឧបទ្ទវហេតុ និងធ្វើឲ្យជនរងគ្រោះរងរបួស។ ទាមទារការពិន័យយ៉ាងតឹងរ៉ឹង ទោះយ៉ាងណាក៏ដោយ ចុងចោទ គឺជាជនល្មើសលើកទីមួយ។
នាងក៏បានមកដោះស្រាយ ជាមួយជនរងគ្រោះ ហើយជនរងគ្រោះបញ្ជាក់ថា របួសរបស់ពួកគេស្រាល ក្រោយពេលកើតហេតុ ជនជាប់ចោទ ក៏បានបោះបង់ចោលរថយន្តរបស់នាង ដោយប្តេជ្ញាថា នឹងមិនធ្វើខុសដដែលនោះទេ។
ជាលទ្ធផល តុលាការក្រុងសេអ៊ូល បានសម្រេចពិន័យ ជាប្រាក់ចំនួន ១៥លានវ៉ុនស្មើ១៣,០០០ ដុល្លារអាមេរិក ជាការកាត់ទោសចុងក្រោយ របស់នាង Lizzy ចំណែកអតីតសមាជិកក្រុម After School មិនត្រូវបានគេរំពឹងថា នឹងប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្ត របស់តុលាការនោះទេ៕ ដោយ៖លី ភីលីព