ជើងហោះហើរជាង ២ ០០០ ត្រូវបានលុបចោល នៅថ្ងៃចូលឆ្នាំសកល ដោយសារការ ឆ្លងរាលដាលជំងឺកូវីដ-១៩ ទម្រង់អូមីក្រុង នៅតែបន្តប៉ះពាល់ ដល់ប្រតិបត្តិការ របស់ក្រុមហ៊ុនអាកាសចរណ៍ ក្នុងអំឡុងពេលរដូវកាល ធ្វើដំណើរកម្សាន្ត នៅសហរដ្ឋអាមេរិក ។

Fox Business បានរាយការណ៍ថា ការរំខានទាំងនោះបានបន្តពេញ មួយសប្តាហ៍ នៃថ្ងៃឈប់សម្រាក ដោយបាន ធ្វើឱ្យអ្នកដំណើរ ជាប់គាំងនៅតាមអាកាសយានដ្ឋាន នានានៅទូទាំងប្រទេស។ ការពន្យារពេល និង ការលុបចោលជើងហោះហើរ ពាក់ព័ន្ធនឹងការកង្វះខាតបុគ្គលិក គឺជាបញ្ហាធម្មតាសម្រាប់ ឧស្សាហកម្មអាកាសចរណ៍ របស់សហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំមុនមក ។

យោងតាមការរាយការណ៍នោះបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ធំៗ ដូចជាក្រុមហ៊ុន Delta ក្រុមហ៊ុន United និងក្រុមហ៊ុន JetBlue សុទ្ធតែបានស្តីបន្ទោស ទៅលើការឆ្លងរាលដាល នៃវីរុសទម្រង់ អូមីក្រុង ដោយបានបង្កបញ្ហាដល់បុគ្គលិក ដែលនាំទៅដល់ការលុបចោល ជើងហោះហើរទាំងនោះ ៕
