វត្តសង្កែ ឬមានឈ្មោះផ្លូវការណ៍ថា ឥន្ទ្រាធិបតី គឺជាវត្តដ៏សក្ដិសិទ្ធមួយ ស្ថិតក្នុងក្រុងបាត់ដំបង ត្រូវបានសាងសង់តាំងពីសម័យចៅពញា កឋាថន ឈុំ ក្នុងទសវត្សឆ្នាំ១៩០០មកម្ល៉េះ។

ព្រះវិហារនៃវត្តសង្កែគឺជា ស្ថាបត្យកម្មប្រភេទសំណង់មុខដាច់ ដែលបច្ចុប្បន្នកម្រនិងជួបប្រទះ ប៉ុន្តែត្រូវបានយកមកប្រើឡើងវិញ ជាបណ្ដើរៗដូចជាអគារ ទីស្ដីការក្រសួងដែនដី និងនគរូបនីយកម្ម ក៏ដូចជាអគារសារមន្ទីរ កោះថ្ម ក្នុងស្រុកក្រូចឆ្មារជាដើម។ ព្រះអង្គជីវ៍ នៅវត្តសង្កែត្រូវបានអ្នកស្រុកជឿថា គមានបារមីខ្លាំងពូកែណាស់។

នៅសម័យខ្មែរក្រហម គេបានយកព្រះវិហារវត្តសង្កែ ធ្វើជាឃ្លាំងដាក់គ្រាប់ដូច្នោះ ហើយយន្តហោះវៀតណាម បានទំលាក់គ្រាប់លើ ព្រះវិហារ វត្តសង្កែ ធ្វើឲ្យឆេះ និងខូចខាតទាំងស្រុងប៉ុន្តែអ្វីដែលពិសេសនោះ គឺតួរូបព្រះអង្គជីវ៍ ក្នុងព្រះវិហារមិនខូចខាតអ្វីឡើយ ទើបធ្វើឲ្យអ្នកស្រុកកាន់តែ មានជំនឿមុតមាំថែមទៀត ៕ ប្រភព៖ Sabay



