ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចាត់តំណាងនាំយកថវិកា ចំនួន១លានរៀល ទៅឧបត្ថម្ភ ដល់លោកយាយក្រីក្រមួយរូប ប្រកបរបរ លក់នំកង ហើយក៏ជួបគ្រោះថ្នាក់ ដួលបាក់កដៃ ពេលធ្វើដំណើរត្រលប់មកពីលក់នំវិញ ហើយខ្វះខាតថវិកា សំរាប់ព្យាបាល ដោយសារតែជីវភាព លោកយាយក្រីក្រលំបាក។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា លោកយាយរងគ្រោះមានឈ្មោះ អ៊ិន សារឿន អាយុ៦៣ឆ្នាំ មុខរបរប្រចាំថ្ងៃដើរលក់នំកង រស់នៅ ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ បន្តទៀតថា ការផ្តល់ជំនួយថវិកាចំនួន ១លានរៀលនេះ គឺជាផ្នែកមួយជួយសម្រួល ដល់លោកយាយ សម្រាប់យកទៅព្យាបាលដៃ របស់លោកយាយឲ្យទាន់ពេលវេលា។

ក្នុងនោះដែរក្រោយទទួលបាន ថវិកាឧបត្ថម្ភខាងលើ លោកយាយ អ៊ិន សារឿន បានគោរពថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលបានឧបត្ថម្ភថវិកាខាងលើ ដើម្បីឲ្យលោកយាយ បានយកថវិកានេះ យកមកព្យាបាលដៃរបស់លោកដៃ ដែលជួបគ្រោះថ្នាក់ និងបានជូនពរលោកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ និងប្រកបដោយពុទ្ធពរគ្រប់ប្រការ ៕

