សម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោតនកោដ្ឋ ជាព្រះមហាក្សត្រខ្មែរ ដែលឡើងសោយរាជ្យ ក្នុងព្រះជន្មក្មេងជាងគេ និងចាស់ជាងគេក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់កម្ពុជា (គិតចាប់ពីសម័យអាណានិគមបារាំងមក) ។
ព្រះអង្គបានឡើងសោយរាជ្យលើកទី១ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១ នាឯរាជធានីភ្នំពេញ អំឡុងពេលពិភពលោក កំពុងឆាបឆេះដោយសង្គ្រាមលោកលើកទី២ ។ កាលនោះព្រះអង្គទើបតែមានព្រះជន្ម ១៨ ឬ ១៩ព្រះវស្សាតែប៉ុណ្ណោះ ។ ក្នុងព្រះជន្មមិនដល់ ២០វស្សា ធ្វើឲ្យទ្រង់ជាព្រះមហាក្សត្រ ដែលឡើងសោយរាជ្យក្នុងព្រះជន្មក្មេងជាងគេ នៃប្រវត្តិសាស្ត្រសម័យទំនើបកម្ពុជា ។
ព្រះអង្គក៏ជាស្ដេច ដែលឡើងគ្រងរាជ្យក្នុងព្រះជន្មចាស់ជាងគេដែរក្នុងប្រវត្តិសាស្ត្រសម័យទំនើប ដោយទ្រង់សោយរាជ្យជាលើកទី២ នៅឆ្នាំ១៩៩៣ ក្នុងព្រះជន្ម ៧១វស្សា។
គិតចាប់ពីសម័យអាណាព្យាបាល/ អាណានិគមបារាំង កម្ពុជាមានព្រះមហាក្សត្រ ៦អង្គ។
សម្ដេចព្រះនរោត្ដម ឡើងគ្រងរាជ្យនៅឆ្នាំ១៨៦០ ក្នុងព្រះជន្ម ២៦វស្សា។
សម្ដេចព្រះស៊ីសុវត្ថិ ឡើងគ្រងរាជ្យនៅឆ្នាំ១៩០៤ ក្នុងព្រះជន្ម ៦៤វស្សា។
សម្ដេចព្រះស៊ីសុវត្ថិ មុនីវង្សគ្រងរាជ្យនៅឆ្នាំ១៩២៧ ក្នុងព្រះជន្ម ៥២វស្សា។
សម្ដេចព្រះនរោត្ដម សីហនុគ្រងរាជ្យនៅឆ្នាំ១៩៤១ ក្នុងព្រះជន្ម ១៩វស្សា នាលើកទី១ និងលើកទី២ ក្នុងឆ្នាំ១៩៩៣ ក្នុងព្រះជន្ម ៧១វស្សា
សម្ដេចព្រះនរោត្ដម សុរាម្រឹតគ្រងរាជ្យនៅឆ្នាំ១៩៥៥ ក្នុងព្រះជន្ម ៥៩វស្សា។
សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនីគ្រងរាជ្យនៅឆ្នាំ២០០៤ ក្នុងព្រះជន្ម ៥១វស្សា៕