មហាសង្ក្រាន្តឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២២នេះ នឹងចូលមកដល់នៅ ថ្ងៃព្រហស្បតិ៍ ១៣កើត ខែចែត្រ ត្រូវនឹងទី ១៤ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ១០ និង ០០ នាទីព្រឹក ។ កាលណាថ្ងៃសង្ក្រាន្ត ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទេពធីតា ដែល នឹងយាងចុះមកបន្តវេន រក្សាមនុស្សលោក ក្នុងឆ្នាំនេះគឺ ព្រះនាម «កិរិណីទេវី» ជាបុត្រីទី៥នៃ កបិលមហាព្រហ្ម គង់នៅចាតុមហារាជទ្រង់ អម្ពរពណ៌បៃតង លម្អដោយសៀតផ្កាមន្ទារ គ្រឿងប្រដាប់កែវមរកត (ត្បូងពណ៌បៃតង) ភក្សាហារសណ្តែក-ល្ង ព្រះហស្តស្តាំទ្រង់កង្វេរ (ដង្កាវដំរី) ព្រហស្តឆ្វេងទ្រង់កាំភ្លើង គង់ឈរបើកព្រះនេត្រ លើខ្នង គជសារ (សត្វដំរី)។

រណ្ដាប់ទទួលទេវតាឆ្នាំថ្មី តាមទំនៀមខ្មែរពីបុរាណរៀងមក គឺត្រូវរៀបរានទេវតានៅមុខផ្ទះ ក្រាលសំពត់ពណ៌ស ឬពណ៌តាមអម្ពររបស់ទេពធីតា សម្រាប់តាំងគ្រឿងពលិការផ្សេងៗ ។តាមរយៈសៀវភៅមហាសង្ក្រាន្ត ឆ្នាំថ្មី២០២២ ដែលរៀបរៀងដោយលោក អ៊ឹម បុរិន្ទ អគ្គលេខាធិការរង គណៈកម្មការជាតិ រៀបចំបុណ្យជាតិ និង អន្តរជាតិ ព្រមទាំងជាគណៈកម្មការស្រាវជ្រាវ វិជ្ជាហោរាសាស្ត្រ និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ បានបង្ហាញដូចតទៅ ៖

សម្រាប់ប្រជារាស្ត្រធម្មតា រណ្ដាប់ទទួលទេវតាឆ្នាំថ្មី មានជាអាទិ៍ ៖

បាយសី ៥ ថ្នាក់ ១ គូរ , ៣ ថ្នាក់ ១ គូរ
បាយសី ប៉ាឆា ១ គូរ
ស្លាធម៌មួយគូរ

ចេកមួយគូរ
ផ្លែឈើត្រឹម ៣ ទៅ ៥ មុខ រៀបចំទៅតាមធនធានរៀងៗខ្លួន
គ្រប់ដង្វាយទាំងអស់ ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ
នៅលើជើងពាន និងបាយសី ត្រូវដោតទៀន ហើយដុតបំភ្លឺ ។
នៅវេលាទេពធីតាសង្ក្រាន្តឆ្នាំថ្មី យាងចុះមក ត្រូវជួបជុំ គ្រួសារ ដើម្បីថ្វាយបង្គំព្រះនមសិកា ព្រះរតនត្រ័យ សមាទានសីល ហើយតាំងចិត្តឲ្យបានស្អាតវិសុទ្ធ ជ្រះ ស្រឡះនូវមន្ទិលទាំងពួង តម្កល់ចិត្តរំពឹងទៅលើព្រះធម៌ ព្រះសង្ឃជាទីពឹងទីរលឹក លុះចប់ពិធីទទួលទេវតា ។ នៅក្នុងថ្ងៃសង្ក្រាន្តទាំងបីថ្ងៃ ប្រជាពលរដ្ឋប្រុសស្រីទាំង ឡាយត្រូវខំលះបងចិត្តអាក្រក់ អន្យតិយជាប់ដោយគំនុំ គុំកួន ព្យាបាទឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឱ្យ ជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អ ប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យទានតាម ប្រពៃណី រក្សាសីលប្រាំឲ្យបានជាប់ជានិច្ច នោះទេវតា នឹងឲ្យពរសព្ទសាធុការ ឲ្យលោកអ្នកមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការតាំង ពីឆ្នាំថ្មីនេះតរៀងទៅ ៕

