ភ្នំពេញ៖ ក្រោយក្លាយជាភរិយា នឹងមានងារជាជំទាវស្របច្បាប់ពេលនេះតារាសម្តែង ប៉ែន សុផានី ហាក់ដកឃ្លាពីអាជីពសិល្បៈដោយងាកទៅបំពេញតួនាទីជាមេផ្ទះដ៏ល្អសម្រាប់ស្វាមីវិញ ។ អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះអ្នកគាំទ្រជាច្រើនបានបង្ហាញការសរសើរដល់ ប៉ែន សុផានី ក្រោយឃើញតារាសម្តែងរូបនេះឱនពាក់ស្បែកជើងឱ្យស្វាមី។
ក្នុងសម្លៀកបំពាក់ប្រពៃណីយ៉ាងស្រស់ស្អាត ប៉ែន សុផានី បានឱនពាក់ស្បែកជើងឱ្យស្វាមី ដោយមិនមានការអៀនខ្មាស់ដែលធ្វើឱ្យមិត្តភក្តិនៅក្នុងបណ្តាញសង្គម លើកឡើងព្រមគ្នាថាពិតជាឧត្តមភរិយាល្អសម្រាប់ស្វាមីមែន សំណាងបងប្រុសណាស់។
ដូចដែលទស្សនិកជនបានដឹងស្រាប់រួចមកហើយថា អ្នកនាងប៉ែន សុផានី បានក្លាយទៅជាជំទាវរបស់មន្ត្រីធំផ្កាយ២ លោកដាប់ ជូន ដែលជាពោះម៉ាយកូន២ បន្ទាប់ពីតារាសម្តែងជើងចាស់រូបនេះបានធ្វើពិធីជប់លៀង៤០តុ ក៏ដូចរៀបការដែរ ព្រោះមាន ក្រុងពលី និងបង្វិលពពិល ជាដើម នៅថ្ងៃឡើងផ្ទះថ្មីតម្លៃ១៨ម៉ឺនដុល្លារ នៅបុរីពិភពថ្មី២ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០។
ទាំងមជ្ឈដ្ឋានមហាជន និងអ្នកសិល្បៈរួមអាជីពមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលគ្រាន់តែឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មីភ្លាម អ្នកនាងសុផានី មានរាសីឡើងខ្ពស់ត្រដែតត្រដឹមក្លាយទៅជាជំទាវ កាន់លុយដុល្លារទាំងបាច់ៗ ទិញផ្ទះទាំងជុងៗបែបនេះ។
ទោះជាយ៉ាងណាក៏ដោយ តារាសម្ដែងស្រីដែលមានងារជាជំទាវខាងលើ តែងតែធ្វើឱ្យទស្សនិកជនពោលសរសើរពុំដាច់ពីមាត់ឡើយថា នាងជាឧត្ដមភរិយាដ៏ល្អមួយរូប គោរពប្រតិបត្តិស្វាមី ជាក់ស្ដែងដូចជាសកម្មភាពដែលកំពុងទទួលបានការចាប់អារម្មណ៍ខាងលើនេះជាដើម ។
ជាមួយគ្នានេះផងដែរ ប៉ែន សុផានី ធ្លាប់បា្រប់ថា មិនបោះបង់អាជីពសម្តែងឡើយ ព្រោះជាការងារមួយដែលស្រឡាញ់ ហើយនាងនៅតែទទួលសម្តែងរហូត បើទោះវ័យច្រើនបន្តិចក្តី តែកន្លងមក ប៉ែន សុផានី បង្ហាញវត្តមាននៅក្នុងរឿងភាគទូរទស្សន៍ និង ស្ប៉តពាណិជ្ជកម្មរួមទាំង MV ជាច្រើន ដោយទទួលបានការសរសើរពីសំណាក់មហាជនថានៅតែស្អាត ហើយសមត្ថភាពសម្តែងក៏មិនថមថយនោះដែរ ៕
ដោយ៖ ម៉ានី





