មហាកំពែងប្រទេសចិន គឺជាអច្ឆរិយវត្ថុ ដែលត្រូវបានបង្កើតឡើង ជាច្រើនជំនាន់រាជវង្ស នៅក្នុងប្រទេសចិន ។ មានការរកឃើញខ្លះ បានឲ្យដឹងថា មហាកំផែងនេះត្រូវបានសាងសង់តាំង តែពីសតវត្សទី៧មុនគ្រិស្តសករាជមកម្ល៉េះ ពោលគឺមុនជំនាន់រាជវង្សឈីង របស់អធិរាជ ឈីង សឺហ័ង ទៅទៀត (២២១ -២០៧មុនគ.ស) ។


ប្រវែងសរុបនៃមហាកំពែង ប្រទេសចិន មានចំនួន ២១ ១៩៦គីឡូម៉ែត្រ។ ប៉ុន្តែមហាកំពែងដែលមានការអភិរក្សបានល្អជាងគេគឺមហាកំពែងដែលសង់នៅក្នុងក្រុងប៉េកាំង នៃជំនាន់រាជវង្សម៉េង ដែលមានប្រវែងប្រមាណ ៨៨៥០គីឡូម៉ែត្រ។
តើមហាកំពែងប្រទេសចិន ចាប់ផ្ដើមសង់ពីត្រង់ចំណុចណា ហើយបញ្ចប់នៅឯណា?
មហាកំពែងនេះ បានលាតសន្ធឹងពីភាគខាងលិច ទៅភាគខាងកើតប្រទេសចិន ដែលចាប់ផ្ដើមចេញពីទីក្រុង Jiayuguan នៃខេត្ត Gansu មុនគេ។ នៅទីនោះមានការសង់ប៉ម ដែលជាបន្ទាយទាហានយោធា ដ៏សំខាន់មួយនៃមហាកំពែង ទុកសម្រាប់ឃ្លាំមើល និងបញ្ជូនព័ត៌មានទ័ព ដើម្បីទប់ទល់នឹងសត្រូវ។ ដោយឡែកបើនិយាយពីផ្នែកបញ្ចប់ នៃមហាកំពែងវិញគឺមានការភាន់ច្រឡំ ជាច្រើនហូរហែកន្លងមក ។ មនុស្សមួយចំនួន បានយល់ថា ទីបញ្ចប់នៃមហាកំពែងគឺស្ថិតនៅតំបន់ Shanhaiguan ។

យ៉ាងណាមិញ ក្រុមអ្នកបុរាណវិទូ បានរកឃើញថា វាមិនមែនជាផ្នែកបញ្ចប់ នៃសំណង់មហាកំពែង ពិតប្រាកដនោះឡើយ។ ផ្ទុយទៅវិញ ចុងបំផុតនៃមហាកំពែងមានមូលដ្ឋាននៅតំបន់ Hushan ដែលនៅទីក្រុង Dandong នៃខេត្ត Liaoning ។ មហាកំពែងតំបន់ Hushan មានប្រវែងច្រើនជាង ១០០០គីឡូម៉ែត្រទៅភាគខាងកើត ដើម្បីតភ្ជាប់ជាមួយ មហាកំពែងតំបន់ Shanhaiguan ៕
