ព្រឹត្តិការណ៍

ថៃ ចេញច្បាប់រឹតបន្តឹង អ្នកមានសិទ្ធ កាន់កាំភ្លើងទាំងអស់ តម្រូវឱ្យពិនិត្យសុខភាព ផ្លូវចិត្តជាប្រចាំ

នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជាឱ្យមានការរឹតបន្តឹង ទៅលើច្បាប់ នៃការប្រើប្រាស់កាំភ្លើង នៅក្នុងប្រទេសខ្លួន បន្ទាប់ពីមានហេតុការណ៍ បាញ់សម្លាប់រង្គាល នៅក្នុងមណ្ឌលថែទាំកុមារ។

លោក ប្រាយុទ្ធ ក្នុងនាមជានាយករដ្ឋមន្រ្តីថៃ បានធ្វើការបញ្ជា ឱ្យមានការរឹតបន្តឹងច្បាប់ ប្រើប្រាស់កាំភ្លើង ក្រោយពីអតីតមន្រ្តីប៉ូលិសម្នាក់ បានបាញ់សម្លាប់ មនុស្ស ៣៦នាក់ ដែលក្នុងនោះគេឃើញថាមាន ២៤នាក់ជាកុមារ ។ ក្រៅពីរឹតបន្តឹងច្បាប់ នៃការប្រើប្រាស់កាំភ្លើង នាយករដ្ឋមន្រ្តីថៃរូបនេះ បានបញ្ជាឱ្យមានការធ្វើតេស្ត រកសារធាតុញៀន ទៅលើមន្រ្តី និង កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ជាប្រចាំ។

តាមការបញ្ជាក់ពីប៉ូលិសថៃ លោក Damrongsak Kittprapas ឱ្យដឹងថា ពេលនេះអ្នកមានសិទ្ធកាន់កាំភ្លើងទាំងអស់ នៅក្នុងប្រទេសថៃ តម្រូវឱ្យធ្វើការពិគ្រោះ សុខភាពផ្លូវចិត្តជាប្រចាំផងដែរ ។ តាមការចុះផ្សាយ របស់សារព័ត៍មាន Channel News Asia បញ្ជាក់ថា ថៃជាប្រទេសមួយ ដែលមានអ្នកប្រើកាំភ្លើង ក្នុងតួលេខខ្ពស់ បើធៀបទៅនឹងប្រទេសដទៃទៀត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕

Most Popular

To Top