ភ្នំពេញ៖លោក ស សុខា រដ្ឋលេខាធិការតំណាងឲ្យលោកបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានជួបពិភាក្សាការងារផ្នែកកីឡាជាមួយលោក Raul Fomes Valenciano សមាជិកសភាប្រទេសគុយបា និងលោកស្រី Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅប្រទេសកម្ពុជា ព្រមទាំងថ្នាក់ដឹមនាំកីឡាកម្ពុជាជាច្រើនរូបទៀតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
លោក ស សុខា បានមានប្រសាសន៍ថា លោកបានស្នើសុំឲ្យខាងភាគីប្រទេសគុយបាជួយផ្នែកកីឡាដែលមានសក្តានុពលរបស់គុយបា និងពេទ្យកីឡាសម្រាប់កីឡាប្រទេសកម្ពុជាមុនព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅកម្ពុជា ជាពិសេសប្រភេទកីឡាប្រដាល់សកល និងបាល់ទះ ដោយសារវិស័យកីឡាបាល់ទះគុយបាស្ថិតចំណោមលេខ១២ពិភពលោក។ អ្វីដែលសំខាន់នោះគឺឲ្យចង់ប្រទេសគុយបាជួយរៀបចំវិទ្យាស្ថានអប់រំកាយ និងកីឡាកម្ពុជាដូចវិទ្យាស្ថានអប់រំកាយ និងកីឡាគុយបាដែរ។
លោកាបានបន្តថា ស្នើរបញ្ជូនមន្រី្តជំនាញកីឡា៣រូបទៅប្រទេសគុយបាដើម្បីសិក្សាផ្នែកជំនាញ និងវគ្គខ្លីសម្រាប់រៀបចំព្រឹត្តិការណ៍ និងគ្រប់គ្រងកីឡាដែលចំណុចសំខាន់ត្រៀមរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២នៅកម្ពុជា។
លោក Raul Fomes Valenciano ក៏បានមានប្រសាសន៍ថា សូមអរគុណសម្រាប់ការទទួលស្វាគមន៍យ៉ាងយកចិត្តទុកដាក់ចំពោះក្រុមគណៈប្រភិតូរបស់លោក ចំពោះការទទួលខុសត្រូវផ្នែកកីឡា និងទំនាក់ទំនងរវាងប្រទេសទំាំង២រយៈពេល៦០ឆ្នាំជាងជាមួយគ្នា លោកជឿជាក់ថា វិស័យកីឡាជាវិស័យមួយដ៏ល្អជួយការងារកាន់តែប្រសើរឡើងកម្ពុជា និងគុយបា៕ដោយ៖លី ភីលីព