ទីក្រុងបុរាណនានា នៅលើសកលលោកសុទ្ធ តែមានប្រវត្តិសាស្ត្រពិសេសខុសៗគ្នា ។ តួយ៉ាងដូចជានៅប្រទេសហ្ស៊កដានី មានទីក្រុងបុរាណដ៏ពិសេសមួយដែលគេឲ្យឈ្មោះថា Petra ហើយវាជាទីក្រុង ដែលគេបោះបង់ចោលអស់ រយៈពេលរាប់សតវត្សមកហើយ ។ ខាងក្រោមនេះគឺជារឿងរ៉ាវខ្លះៗដែលជាប់ពាក់ព័ន្ធនឹងទីក្រុង Petra៖
១. ជាង៥០០ឆ្នាំកន្លងមក ទីក្រុងបុរាណ Petra ត្រូវបានគេទុកចោល។ ប៉ុន្តែមុននោះទៅទៀត វាគឺជាកន្លែងដែលពោរពេញទៅមនុស្សអ៊ូអរនឹកស្មានមិនដល់ ។ Petra គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ ដែលជាចំណុចប្រសព្វនៃផ្លូវសំខាន់ៗក្នុងប្រទេស។ ការជួញដូរនៅទីនោះមានដូចជា ក្រណាត់សូត្រ គ្រឿងទេស និងថ្នាំពេទ្យ ជាដើម ដែលដឹកទៅវិញទៅមកឆ្លងកាត់រវាងប្រទេសឥណ្ឌា អារ៉ាប់ អាហ្វ្រិក និងអេហ្ស៊ីប។ ហេតុដូច្នេះហើយទើបប្រជាជននៃទីក្រុង Petra សុទ្ធតែជាមនុស្សមានទ្រព្យធូរធារជាងគេ។
ការពិតដែលថានរណាជាអ្នកបង្កើត Petra ឡើង នៅតែជាចម្ងល់ស្រាយមិនទាន់ចេញនៅឡើយទេ គឺក្រុមអ្នកស្រាវជ្រាវគ្រាន់តែដឹងថា គ្រានោះវាជារាជធានីនៃអាណាចក្រ Nabataean ហើយមានមនុស្សរស់នៅប្រមាណ ២ម៉ឺន ទៅ ៣ម៉ឺននាក់។
២. ឈ្មោះ “Petra” កើតចេញពីភាសាក្រិក “Petros” មានន័យថា “ថ្ម”។ ដោយឡែកនៅក្នុងភាសាអារ៉ាប់វិញ គេនាំគ្នាហៅទីក្រុងនោះថា “Al-Batra”។
៣. បើទោះជាស្ថិតនៅលើវាលខ្សាច់ក៏ដោយ ប្រជាជននៃទីក្រុង Petra ដែលគេស្គាល់ថាជា “Nabateans” មានវិធីសាស្ត្រពិសេសនៅក្នុងការកកាយរកទឹកប្រើប្រាស់ទាល់តែបាន ហើយថែមទាំងមានសមត្ថភាពដាំដុះបន្លែនៅក្នុងទីក្រុងផងដែរ។
៤. ទីក្រុង Petra ចូលជាតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូរណេស្កូ នៅក្នុងឆ្នាំ១៩៨៥ ព្រមទាំងធ្លាប់មានឈ្មោះនៅក្នុងបញ្ជីទីកន្លែងអច្ឆរិយពិភពលោកទាំង៧ កាលពីកំឡុងឆ្នាំ២០០៧កន្លងទៅ ។
៥. Petro មានឈ្មោះមួយទៀតថា “Rose City (ទីក្រុងផ្កាកូឡាប)”។ គេហៅបែបនេះព្រោះតែពណ៌នៅលើថ្មនៃទីក្រុង ដែលរំលេចពណ៌ក្រហមលាយផ្កាឈូកនៅពេលដែលថ្ងៃរះ និងថ្ងៃលិច។
៦. ច្រកចូលទៅកាន់ទីក្រុង Petro មានលក្ខណៈតូចចង្អៀត ដែលកើតចេញពីបាតុភូតធម្មជាតិដូចជាភ្លៀង និងខ្យល់ ដែលច្រោះទម្លុះថ្មភក់។
៧. នៅចន្លោះឆ្នាំ១ មុនគ្រឹស្ដសករាជ រហូតដល់ឆ្នាំ៨ក្រោយគ្រិស្តសករាជ ទីក្រុង Petra ធ្លាប់ជួបប្រទះគ្រោះរញ្ជួយដីធ្ងន់ធ្ងរជាច្រើនលើក ហើយនៅក្នុងឆ្នាំ៣៦៣ គេជឿជាក់ថា ពាក់កណ្ដាលនៃទីក្រុងត្រូវ បានបំផ្លិចបំផ្លាញ ដែលជាហេតុបណ្ដាលឲ្យមានការលួចវាយឆ្មក់ និងចោរកម្មបន្លំយកវត្ថុបុរាណជាច្រើនពីទីក្រុង។
៨. ទីក្រុង Petro ត្រូវគេយកថតខ្សែភាពយន្តហូលីវូដជាច្រើនដូចជា រឿង Indiana Jones និង The Mummy Returns ជាដើម។
៩. មានការសន្និដ្ឋានថា ទីក្រុង Petra បង្កើតឡើងនៅក្នុងឆ្នាំ៣១២មុនគ្រិស្តសករាជ។ ហេតុដូចនេះវាត្រូវគេចាត់ទុកជាទីក្រុងដ៏ចំណាស់មួយរបស់ពិភពលោក។
១០. ដោយប្រើផ្កាយរណបថតនៅឆ្នាំ២០១៦ អ្នកបុរាណវិទូបានរកឃើញថា មានសំណង់មួយដ៏ធំនិងមិនធ្លាប់ស្គាល់ស្ថិតនៅពីក្រោមវាលខ្សាច់នៃទីក្រុង Petra៕